នេះជាដំណើរទស្សនកិច្ចលើកទី៣ របស់លោក Mark Rutte អញ្ជើញទៅកាន់ប្រទេសវៀតណាម ចាប់តាំងពីលោកចូលកាន់តំណែងជានាយករដ្ឋមន្រ្តី។ ដំណើរទស្សនកិច្ចនេះត្រូវបានធ្វើឡើងត្រឹមតែក្រោយ ៩ ខែប៉ុណ្ណោះ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទៅកាន់ប្រទេសហូឡង់ បង្ហាញពីការយកចិត្តទុកដាក់របស់ហូឡង់ ចំពោះតួនាទី កិត្យានុភាព និងទំនាក់ទំនងជាមួយវៀតណាម។ ដំណើរទស្សនកិច្ចនេះ គឺជាសកម្មភាពកិច្ចការបរទេសកម្រិតខ្ពស់ស្របនឹងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងហូឡង់ (១៩៧៣-២០២៣)។

leftcenterrightdel
លោក Mark Rutte នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រហូឡង់ មកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមពីថ្ងៃទី ១ ដល់ថ្ងៃទី ២ ខែវិច្ឆិកា

ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី៩ ខែមេសា ឆ្នាំ១៩៧៣ ទំនាក់ទំនងវៀតណាម-ហូឡង់ មានការអភិវឌ្ឍ យ៉ាងល្អប្រសើរ បើកចំហរ ស្មោះត្រង់ និងត្រូវបានចាត់ទុកថាជាគំរូមួយនៃទំនាក់ទំនងរវាងវៀតណាម និងប្រទេសមួយទៀតនៅអឺរ៉ុប។ សព្វថ្ងៃនេះ វៀតណាម និងហូឡង់ បានក្លាយជាដៃគូសំខាន់ និងអាទិភាពរបស់គ្នាទៅវិញទៅមកក្នុងតំបន់។ ភាគីទាំងពីរបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រលើការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ និងការគ្រប់គ្រងទឹកក្នុងឆ្នាំ ២០១០ និងភាពជាដៃគូយុទ្ធសាស្ត្រលើវិស័យកសិកម្មនិរន្តរភាព និងសន្តិសុខស្បៀងក្នុងឆ្នាំ ២០១៤។ ការធ្វើឱ្យល្អប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូលើគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០១៩ បង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលទាំងពីរក្នុងការលើកកម្ពស់គ្រប់ជ្រុងជ្រោយ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពល សំដៅឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងរួមដៃគ្នាដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមដែលកំពុងកើតមាន។

ក្រោយរយៈពេល ៥០ ឆ្នាំនៃការកសាង និងពូនជ្រំទំនាក់ទំនងវៀតណាម-ហូឡង់ បន្តអភិវឌ្ឍយ៉ាងខ្លាំងក្លាលើវិស័យជាច្រើន ជាពិសេសការវិនិយោគ ពាណិជ្ជកម្ម កសិកម្មប្រកបដោយនិរន្តរភាព និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ប្រទេសទាំងពីររក្សាការផ្លាស់ប្តូរគណៈប្រតិភូជាទៀងទាត់នៅគ្រប់កម្រិត និងមានយន្តការសហប្រតិបត្តិការទ្វេភាគីជាច្រើន។  សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិ និងអង្គការនានាដូចជាអង្គការសហប្រជាជាតិ ក្របខ័ណ្ឌទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប, អាស៊ាន-ហូឡង់, វៀតណាម-សហភាពអឺរ៉ុប ...

ជាមួយប្រៀបគឺជាប្រទេសជាប់ចំណាត់ថ្នាក់ទី ២ នៅលើពិភពលោកក្នុងការនាំចេញផលិតផលកសិកម្ម និងទី ៥ នៅសហភាពអឺរ៉ុប ទាក់ទងនឹងទំហំផលិតផលក្នុងស្រុកសរុប ហូឡង់ គឺជាប្រទេសដែលមានសេដ្ឋកិច្ចប្រកួតប្រជែងបំផុតលើពិភពលោក ដែលឈានមុខគេនៃការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍយូរអង្វែង ចីរភាព។ ហូឡង់គឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់វៀតណាម នៅសហភាពអឺរ៉ុប។ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២២ សម្រេចបាន ១១.០៩ ពាន់លានដុល្លារអាមេរិក កើនឡើង ៣២% បើធៀបនឹងឆ្នាំ ២០២១។ ប្រទេសហូឡង់ ក៏ជាវិនិយោគិនធំបំផុតរបស់អឺរ៉ុប នៅវៀតណាម ជាមួយនឹងគម្រោងវិនិយោគប្រមាណ ៤០០ គម្រោង ដោយទុនសរុបឈានដល់ ១៣,៥ ពាន់លានដុល្លារអាមេរិក។

នាពេលថ្មីៗនេះ ប្រទេសហូឡង់បានបន្តផ្តល់ជំនួយឥតសំណងដល់វៀតណាមក្នុងកម្មវិធី និងគម្រោងជាច្រើនស្តីពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងទឹក កសិកម្មប្រកបដោយនិរន្តរភាព... ភាគីទាំងពីរក៏បានពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតលើវិស័យការពារជាតិ សន្តិសុខ អប់រំ និងការបណ្តុះបណ្តាល ការដឹកជញ្ជូន និងសេដ្ឋកិច្ចរង្វង់។ កិច្ចសហប្រតិបត្តិការរវាងតំបន់នៃប្រទេសទាំងពីរបានកត់ត្រានូវសកម្មភាពដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន ដែលភាគច្រើននៅក្នុងវិស័យនៃការបន្សាំបម្រែបម្រួលអាកាសធាតុ ការគ្រប់គ្រងទឹក ការព្យាបាលកាកសំណល់ និងទីក្រុងឆ្លាតវៃ។

ក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រលើការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងទឹក ភាគីទាំងពីរបានបង្កើតគណៈកម្មការអន្តររដ្ឋាភិបាលមួយ ដើម្បីសម្របសម្រួលសកម្មភាព។ គម្រោងជាច្រើនក្នុងវិស័យ និងក្របខណ្ឌរបស់គណៈកម្មាធិការត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ជាពិសេសផែនការដីសណ្ដទន្លេមេគង្គ ដែលមានចក្ខុវិស័យរយៈពេលវែង ដែលបានផ្តល់នូវអនុសាសន៍ជាច្រើនដោយផ្តោតលើការដោះស្រាយបញ្ហាការគ្រប់គ្រងធនធានទឹក ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីប្រែក្លាយដីសណ្ដទន្លេមេគង្គទៅជាតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព។

ក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រលើវិស័យកសិកម្មប្រកបដោយនិរន្តរភាព និងសន្តិសុខស្បៀង ភាគីទាំងពីរបានអនុវត្តយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ការចិញ្ចឹមសត្វ និងការកសាងគំរូកសិកម្មឆ្លាតវៃដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ បច្ចុប្បន្ន ហូឡង់ គឺជាអ្នកវិនិយោគ ដ៏សំខាន់ក្នុងវិស័យកសិកម្មរបស់វៀតណាម ហើយកំពុងជួយវៀតណាមជាបណ្តើរៗក្នុងការកសាងផលិតកម្មកសិកម្មប្រកបដោយនិរន្តរភាព បង្កើនតម្លៃទំនិញនាំចេញក្នុងវិស័យបន្លែ ផ្លែឈើ បសុសត្វ និងវារីវប្បកម្មជាដើម។

ក្រឡេកមើលទៅសមិទ្ធផលក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ យើងជឿជាក់ថា ដំណើរទស្សនកិច្ចនៅវៀតណាម របស់លោក Mark Rutte នាយករដ្ឋមន្ត្រីហូឡង់ នឹងទទួលបានជោគជ័យយ៉ាងធំធេង បើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ រួមចំណែកនាំឱ្យទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម - ហូឡង់ ឈានចូលដំណាក់កាលនៃការអភិវឌ្ឍថ្មី៕

បកប្រែដោយ Minh Trung