លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃសហព័ន្ធរុស្ស៊ី
កប.អនឡាញ - នារសៀលថ្ងៃទី៣១ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោកនាយឧត្តមសេនីយ៍ Kolokoltsev Vladimir Alexandrovich រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃសហព័ន្ធរុស្ស៊ី និងគណៈប្រតិភូក្រសួងមហាផ្ទៃនៃសហព័ន្ធរុស្ស៊ីដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ក្នុងជំនួប លោក Pham Minh Chinh បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី។ វៀតណាមចាត់ទុករុស្ស៊ីជាដៃគូអាទិភាពឈានមុខគេរបស់វៀតណាម ព្រមទាំងមានបំណងចង់បន្តកិច្ចសហប្រតិបត្តិការជាក់ស្តែង និងមានប្រសិទ្ធភាពជាមួយរុស្ស៊ីលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជាតិទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក។
    |
 |
លោក Pham Minh Chinh និងលោកនាយឧត្តមសេនីយ៍ Kolokoltsev Vladimir Alexandrovich (រូបថត៖ vnanet.vn) |
នាពេលខាងមុខ លោក Pham Minh Chinh បានស្នើឱ្យប្រទេសទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ និងអនុវត្តយន្តការសហប្រតិបត្តិការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព។ លោក Pham Minh Chinh បានស្នើឱ្យរុស្ស៊ីសម្របសម្រួលជាមួយវៀតណាម ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ការអប់រំ បណ្តុះបណ្តាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សន្តិសុខតាមអ៊ីនធឺណិត និងបរិវត្តកម្មឌីជីថល ផ្តល់ទិដ្ឋាការអេឡិចត្រូនិកដល់ពលរដ្ឋវៀតណាម ដោះស្រាយបញ្ហាផ្លូវច្បាប់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពលរដ្ឋវៀតណាមក្នុងការរស់នៅ ធ្វើការ និងសិក្សានៅរុស្ស៊ី។
រីឯខ្លួនវិញ លោកនាយឧត្តមសេនីយ៍ Kolokoltsev Vladimir Alexandrovich បានអះអាងថា វៀតណាមជានិច្ចកាលជាអាទិភាពក្នុងគោលនយោបាយការបរទេសរបស់សហព័ន្ធរុស្ស៊ី។ រុស្ស៊ីមានបំណងចង់ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រុស្ស៊ី-វៀតណាម ឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពថែមទៀត ជាពិសេសលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ទេសចរណ៍ ការផ្លាស់ប្តូរបទពិសោធន៍ និងការបណ្តុះបណ្តាលធនធានមនុស្ស។
* នារសៀលថ្ងៃដដែល នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh បានទទួលជួបលោក Park Hark Kyu អគ្គនាយកទទួលបន្ទុកហិរញ្ញវត្ថុរបស់សាជីវកម្ម Samsung (កូរ៉េខាងត្បូង)៕
បកប្រែដោយ Huyen Trang