អ្នកយកព័ត៌មាន៖ សូមគោរពលោក អគ្គលេខាបក្ស! ក្រឡេកមើលឆ្នាំ២០២២ វិញ តើអ្វីៗជាព្រឹត្តិការណ៍សំខាន់ៗដែលប្រទេសវៀតណាមសម្រេចបានក្នុងឆ្នាំកន្លងទៅ?

លោក Nguyen Phu Trong អគ្គលេខាបក្ស៖ មហាសន្និបាតលើកទី ១៣ របស់បក្ស បានអះអាង ហើយនៅព្រឹត្តិការណ៍នានាខ្ញុំក៏បាននិយាយដដែលៗជាច្រើនលើកច្រើនសារថា៖ ជាមួយនិងភាពរាបទាបរបស់ខ្លួន យើងនៅតែអាចនិយាយបានថា៖ “ប្រទេសរបស់យើងមិនដែលមានបុព្វហេតុ សក្តានុពល តួនាទី និងកិត្យានុភាពអន្តរជាតិដូចសព្វថ្ងៃនេះ” ទេ។

ក្នុងបរិបទដែលស្ថានការណ៍លើពិភពលោក និងក្នុងប្រទេសមានការវិវឌ្ឍថ្មី ឆាប់រហ័ស និងស្មុគស្មាញ បង្កការលំបាក និងបញ្ហាប្រឈមជាច្រើនលើសពីការព្យាករណ៍ ប៉ុន្តែនៅឆ្នាំ២០២២ យើងបានអនុវត្តដោយជោគជ័យ ទាំងស្រុងនូវគោលបំណង និងភារកិច្ចគឺផ្តោតលើការទប់ស្កាត់គ្រប់គ្រងជំងឺរាតត្បាតផង និងការលើកកម្ពស់ការងើបឡើងវិញ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គ ការកសាងសេដ្ឋកិច្ចឯករាជ្យ ដែលអាចពឹងផ្អែកលើខ្លួនឯងបានដោយផ្សារភ្ជាប់ជាមួយនឹងគំនិតផ្តួចផ្តើម ការធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងពិភពលោកយ៉ាងទូលំទូលាយ ស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាពផង។

អាស្រ័យហេតុនោះ វៀតណាមបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនដែលមានកំណើនសេដ្ឋកិច្ចខ្ពស់។ តំលៃសរុបក្នុងស្រុករបស់វៀតណាមឆ្នាំមុនបានកើនឡើងក្នុងអត្រាខ្ពស់បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមក។  ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព; អតិផរណាស្ថិតនៅក្រោមការគ្រប់គ្រង; សមតុល្យសំខាន់ៗនៃខឿនសេដ្ឋកិច្ចត្រូវបានធានា។ គ្រប់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចបានងើបឡើងវិញ និងបង្កើតជំហានអភិវឌ្ឍន៍ខ្លាំង។

បណ្តាវិស័យវប្បធម៌ និងសង្គម គឺត្រូវបានផ្តោតលើការវិនិយោគអភិវឌ្ឍន៍។ សន្តិសុខសង្គមត្រូវបានធានា; បានអនុវត្តគោលនយោបាយសង្គមបានទាន់ពេលវេលា ជាពិសេសគោលនយោបាយសម្រាប់ប្រជាជនដែលមានគុណចំពោះបដិវត្តន៍ គោលនយោបាយគាំពារសង្គម គោលនយោបាយ និងវិធានការនានាគាំទ្រដល់អាជីវកម្ម និយោជិត និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត Covid-19... គុណភាពនៃជីវភាពប្រជាជន មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ទាំងផ្នែកសម្ភារៈ និងខាងវិញ្ញាណ។ បរិយាកាសស្ថិរភាព សន្តិភាព និងប្រជាជនរួសរាយរាក់ទាក់ បានទាក់ទាញអ្នកវិនិយោគ ភ្ញៀវទេសចរជាច្រើន និងបានបញ្ចុះបញ្ចូលជនបរទេសជាច្រើនឲ្យជ្រើសរើសមករស់នៅ និងធ្វើការនៅប្រទេសវៀតណាម។ ជាពិសេស វិស័យការពារជាតិ សន្តិសុខ និងកិច្ចការបរទេសត្រូវបានពង្រឹង រួមចំណែកការពារយ៉ាងរឹងមាំនូវឯករាជ្យ និងអធិបតេយ្យភាពរបស់ប្រទេស,  ធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាព, រក្សាបរិយាកាសសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ការធ្វើពហុភាគីភាវូបនីយកម្ម និងការធ្វើពិពិធកម្មទំនាក់ទំនងបរទេស។ បំពេញភារកិច្ចការពារមាតុភូមិ "ពីដើម និងពីចម្ងាយ" បានយ៉ាងល្អ។ សមិទ្ធផលនោះមានការរួមចំណែកយ៉ាងសំខាន់របស់កងទ័ពប្រជាជនវៀតណាម និងនគរបាល ប្រជាជន។

លើឆាកអន្តរជាតិ អង្គការសហប្រជាជាតិ និងមិត្តលើពិភពលោកតែងតែវាយតំលៃខ្ពស់ចំពោះវៀតណាមក្នុងសកម្មភាពរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ដោយបានរួមចំណែកជាវិជ្ជមានជាច្រើនដល់សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងសាធារណរដ្ឋស៊ូដង់ខាងត្បូងដោយលើកឡើងនូវគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើនលើការការពារព្រៃឈើ ការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។ល។ ការផ្លាស់ប្តូរទៅជាថាមពលកកើតឡើងវិញ; ការគាំទ្រប្រទេសនិងដែនដីជាច្រើនជុំវិញពិភពលោក... សមិទ្ធផលទាំងអស់នេះបាន និងកំពុងបញ្ជាក់ពីតួនាទី កិត្យានុភាព “ឋានៈ” និង “អំណាច” របស់វៀតណាមលើឆាកអន្តរជាតិ។

leftcenterrightdel
លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម

អ្នកយកព័ត៌មាន៖ សូមគោរពលោកអគ្គលេខាបក្ស! តើអ្វីជាមូលហេតុចម្បងនៃលទ្ធផលទាំងនេះ?

លោក Nguyen Phu Trong អគ្គលេខាបក្ស៖ នោះគឺជាលទ្ធផលនៃចំណងសាមគ្គីភាពរបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ការចូលរួមយ៉ាងសកម្មនៃប្រព័ន្ធនយោបាយទាំងមូល ក្រោមការដឹកនាំរបស់បក្ស ប្រទេសជាតិទាំងមូលស្រុះចិត្តគំនិតតែមួយ និងការទទួលបានការគាំទ្រពីមិត្តអន្តរជាតិ។

សាមគ្គីភាព និងឯកភាពត្រូវបានបង្ហាញនៅត្រង់គឺ៖ នៅពេលដែលមជ្ឈិមបក្សប្រកាសពីគោលនយោបាយ និងដំណោះស្រាយគឺ "ទាំងថ្នាក់លើ និងខាងក្រោមបានឯកភាពគ្នាយ៉ាងរលូន" រួមជាមួយនឹងស្មារតីនៃការទទួលខុសត្រូវខ្ពស់បំផុត។ ហើយជាការពិតណាស់ គោលនយោបាយទាំងនោះត្រូវតែជិតស្និទ្ធនឹងស្ថានភាពជាក់ស្តែង ស្របនឹងសេចក្តីប្រាថ្នា និងផលប្រយោជន៍ស្របច្បាប់របស់ជាតិ-ប្រទេសជាតិ។ បម្រើបុព្វហេតុកសាង និងអភិវឌ្ឍជាតិប្រកបដោយប្រសិទ្ធភាព ហើយទន្ទឹមនឹងនោះដោះស្រាយបញ្ហានានាដែលកើតឡើងក្នុងសង្គម និងបុព្វហេតុនៃការបង្កើតថ្មី។

ពន្យល់អធិប្បាយអំពីរាល់មូលហេតុនោះ គឺមូលហេតុជាអាទិ៍ដែលមានលក្ខណៈកំណត់នូវជ័យជំនះទាំងអស់នោះគឺការរក្សាយ៉ាងរឹងមាំ និងពង្រឹងការដឹកនាំរបស់បក្សលើបុព្វហេតុបដិវត្តន៍ និងសង្គមទាំងមូល។ ដើម្បីបញ្ជាក់ពីបេសកកម្មជាប្រវត្តិសាស្ត្រ យើងតែងតែយកចិត្តទុកដាក់លើការកសាង ការកែទម្រង់បក្ស និងប្រព័ន្ធនយោបាយដែលស្អាតស្អំ និងរឹងមាំ បំពេញតម្រូវការនៃភារកិច្ច ការដឹកនាំបដិវត្តន៍ជាក់ស្តែងក្នុងស្ថានភាពថ្មី។ យើងអនុវត្តជាក់ស្តែងនូវកិច្ចការដ៏មានសារៈសំខាន់នេះ ជាមួយនឹងការប្តេជ្ញាចិត្តនយោបាយដ៏ខ្ពង់ខ្ពស់ ទទួលមរតកតាមរយៈរាល់មហាសន្និបាតបក្ស ជាពិសេសក្នុង៣ អាណត្តិចុងក្រោយនេះនៃមហាសន្និបាតបក្ស។ នោះគឺជាការអនុវត្តតាមការណែនាំរបស់ប្រធានហូជីមិញ ដែលតែងតែខិតខំដើម្បី៖ “បក្សយើងអស្ចារ្យណាស់ ព្រោះវាគ្របដណ្ដប់លើផ្ទៃប្រទេសទាំងមូល និងព្រោះវារាក់ទាក់ស្ថិតនៅក្នុងបេះដូងនៃជនរួមជាតិយើងម្នាក់ៗ”។

ជាងនេះទៅទៀត យើងមិនត្រឹមតែកសាងបក្សប៉ុណ្ណោះទេ ថែមទាំងផ្តោតលើការកសាងប្រព័ន្ធនយោបាយ ប្រសិទ្ធពល និងប្រសិទ្ធភាពពីមជ្ឈិមដល់មូលដ្ឋាន។ ការកសាងបក្ស និងប្រព័ន្ធនយោបាយ មិនត្រឹមតែរឹងមាំខាងនយោបាយ មនោគមវិជ្ជា អង្គការចាត់តាំងប៉ុណ្ណោះទេ ប៉ុន្តែជាពិសេស គឺត្រូវតែស្អាតស្អំ រឹងមាំខាងសីលធម៌ និងជួរកម្មាភិបាលទៀតផង។  ការដែលមហាសន្និបាតលើកទី១២របស់បក្ស  បានបន្ថែមធាតុ “កសាងបក្សលើសីលធម៌” ទៅក្នុងខ្លឹមសារនៃការកសាងបក្ស ហើយបន្ទាប់មកមហាសន្និបាតលើកទី១៣ របស់បក្ស បានបន្ថែមធាតុ “កសាងបក្សលើកម្មាភិបាល” បង្ហាញថា មានការទទួលមរតក និងមានជំហានអភិវឌ្ឍយ៉ាងរឹងមាំ ប្រកបដោយវិទ្យាសាស្រ្ត ស្របតាមច្បាប់អភិវឌ្ឍន៍របស់បក្ស និងចលនាជាក់ស្តែងនៃបដិវត្តន៍។

នោះហើយជាមូលហេតុដែលយើងមានសិទ្ធិបញ្ជាក់៖ សមិទ្ធផលនៃកំណែទម្រង់ និងការអភិវឌ្ឍន៍ប្រទេស គឺជាលទ្ធផលនៃការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសប់របស់បក្សយើង!

អ្នកយកព័ត៌មាន៖ តើលោកអគ្គលេខាបក្ស អាចចែករំលែកឲ្យកាន់តែច្បាស់អំពីរបៀបបង្កើតការឯកភាពគ្នាក្នុងបក្ស ក្នុងសង្គមដែរឬទេ?

លោក Nguyen Phu Trong អគ្គលេខាបក្ស៖ យើងងាយស្រួលឃើញថា នាពេលថ្មីៗនេះ គណៈកម្មាធិការមជ្ឈិមបក្សបានរៀបចំរាល់សន្និសីទដើម្បីបញ្ជ្រាបឱ្យបានហ្មត់ចត់នូវសេចក្តីសម្រេចចិត្តរបស់បក្សនៅទូទាំងប្រទេស ។ នៅក្នុងសន្និសីទទាំងនោះ ចាប់ពីសមាជិកមជ្ឈិមបក្សរហូតដល់កម្មាភិបាលមូលដ្ឋានត្រូវបានរៀនសេចក្តីសម្រេចទាំងនេះដែលត្រូវបង្ហាញផ្ទាល់ដោយថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភា និងរដ្ឋាភិបាលតែម្តង។ បញ្ហាសំខាន់ៗ ចំណុចថ្មីៗត្រូវបានឯកភាពតាំងពីដើមរៀងមក បង្កើតបានការយល់ដឹងរួមនៅទូទាំងបក្ស និងប្រព័ន្ធនយោបាយ ប្រការនេះនឹងក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់ជំហានបន្ទាប់នៃការអនុវត្ត។ អាស្រ័យហេតុនេះ សេចក្តីសម្រេចរបស់បក្សបានចូលជាធរមានភ្លាមៗ និងប្រកបដោយប្រសិទ្ធភាព។

ដោយសារការអប់រំល្អ ការយោគយល់ និងបង្កើតមតិឯកភាពខ្ពស់ គោលនយោបាយ “មិនអត់ឱន” នឹង “សត្រូវផ្ទៃក្នុង” នាពេលកន្លងមក មិនត្រឹមតែឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដឹកនាំ និងតស៊ូរបស់បក្ស រដ្ឋ ក្នុងការប្រឆាំងអំពើពុករលួយ ដែលមានការចូលរួមយ៉ាងស៊ីសង្វាក់ បង្កើតបានចលនាគឺគណៈកម្មាធិការបក្សដឹកនាំថ្នាក់ខេត្តក្នុងការប្រឆាំងអំពើពុករលួយ។ ការប្រឆាំងអំពើពុករលួយគឺគ្មានតំបន់ហាមឃាត់ គ្មានករណីលើកលែង មិនឈប់ មិនឈប់ឈរ ពោលគឺសំដៅឆ្ពោះទៅរកគោលដៅកាន់តែខ្ពស់ជាង ក្នុងទិសដៅបង្ការ និងប្រឆាំង "ពីដើម ពីចម្ងាយ ទប់ស្កាត់តាំងពីក្នុងពង កុំឱ្យអំពើពុករលួយវាក្លាយជាបូសទ្រនិក ហើយទើបរកឃើញទេ។

ខ្ញុំគិតថា ឱ្យតែយើងចេះរួបរួមគ្នា មានជំនឿយ៉ាងមុតមាំ ហើយបង្រួបបង្រួមឆន្ទៈ និងសកម្មភាពរបស់យើងទាំងអស់អស់យ៉ាងឆាប់នោះ គឺរាល់កិច្ចការបដិវត្តន៍ទាំងអស់នឹងទទួលបានជោគជ័យជាមិនខាន។

អ្នកយកព័ត៌មាន៖ បាទលោក អគ្គលេខាបក្ស! ដើម្បីលើកកម្ពស់លទ្ធផលដែលសម្រេចបាននៅឆ្នាំ ២០២៣ និងឆ្នាំបន្តបន្ទាប់ តើយើងគួរផ្តោតលើការងារសំខាន់ៗអ្វីខ្លះ?

លោក Nguyen Phu Trong អគ្គលេខាបក្ស៖ យើងមានមោទនភាពក្នុងការឆ្លងកាត់បានមួយឆ្នាំដែលពេញដោយការលំបាក និងបញ្ហាប្រឈម,  មានសុទិដ្ឋិនិយមក្នុងដំណើរកាធ្វើរកំណែទម្រង់សម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន។ ប្រទេសនៅមានសក្ដានុពល និងឱកាសអភិវឌ្ឍច្រើន បើយើងមិនធ្លាក់ក្នុងគំនិតអត្តនោម័ត ឬអាកប្បការិយាពេញចិត្តចំពោះអ្វីៗដែលមាន។

ស្វាគមន៍និទាឃរដូវថ្មី យើងនឹកឃើញការប្រៀនប្រដៅរបស់អ៊ំហូគឺ៖ “ទទួលរដូវផ្ការីកជាពេលដែលមេឃរីករាយ ដីក៏សប្បាយ ហើយមនុស្សក៏ត្រេកអរជាង។ ដូច្នេះចាប់ពីដើមរដូវផ្ការីកទៅ ការងារគ្រប់យ៉ាងត្រូវតែធ្វើឱ្យបានល្អ ពោលគឺពេញមួយឆ្នាំការងារនឹងទទួលបានលទ្ធផលល្អ”។

ភារកិច្ចសំខាន់ជាបន្ទាន់របស់បក្សទាំងមូល និងគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ គ្រប់អង្គការបក្ស ស្ថាប័ន អង្គភាព និងមូលដ្ឋាន គឺត្រូវតែបន្តជំរុញការឃោសនា អប់រំ និងការរៀបចំចលនាបដិវត្តន៍ និងការប្រឡងប្រណាំងស្នេហាជាតិរបស់មហាជន ដើម្បីឲ្យប្រព័ន្ធនយោបាយទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល អាចពុះពារយ៉ាងសកម្មលើការលំបាក ក្តាប់ឱកាសដឹកនាំប្រទេសឆ្ពោះទៅរកអនាគតត្រចះត្រចង់។ ក្នុងនោះត្រូវតែកំណត់ឱ្យបានច្បាស់លាស់ នូវផែនទីបង្ហាញផ្លូវ ជំហាន និងដំណោះស្រាយ ដើម្បីអនុវត្តឱ្យបានជោគជ័យនូវភារកិច្ច និងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០២៣ ជាពិសេសអាណត្តិទាំងមូល ដូចមានចែងក្នុងសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតលើកទី ១៣ របស់បក្សដែលបានដាក់ចេញ។ ចំណុចសំខាន់មួយទៀតគឺថា គណៈកម្មាធិការមជ្ឈិមបានឯកភាពខ្ពស់ក្នុងការផ្សព្វផ្សាយ និងរៀបចំការអនុវត្តផែនការមេថ្នាក់ជាតិ ដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០។ នេះជាកិច្ចការនយោបាយសំខាន់ណាស់ ហើយជាបញ្ហាយុទ្ធសាស្ត្រ មានសារៈសំខាន់ជាមូលដ្ឋាន និងក្នុងរយៈពេលវែង ប៉ុន្តែក៏ជាបញ្ហាទូលំទូលាយ ថ្មីបំផុត ពិបាកខ្លាំង រសើបខ្លាំង និងមិនធ្លាប់មានពីមុនមក។

អាស្រ័យហេតុនេះ ដើម្បីធ្វើបានអ្វីៗដែលបានលើកឡើងខាងលើ ពិតជាចាំបាច់ណាស់ដែលថា “មនុស្សគ្រប់រូប គ្រប់ផ្នែក គ្រប់ទីកន្លែង ត្រូវតែខិតខំបំពេញភារកិច្ចរបស់ខ្លួនទើបឆ្នាំថ្មីប្រាកដជាឆ្នាំនៃជ័យជំនះដ៏អស្ចារ្យ” ដូចប្រធានហូជីមិញបានប្រដៅដល់ថា កម្មាភិបាល និងសមាជិកបក្សគ្រប់រូបត្រូវតែមានការតាំងចិត្តខ្ពស់ និងវិធីសាស្ត្រត្រឹមត្រូវក្នុងការចាប់យក រៀបចំ និងអនុវត្តឱ្យបានហ្មត់ចត់នូវមាគ៌ា និងគោលការណ៍ដឹកនាំរបស់បក្ស។ សមូហភាពទាំងអស់ និងបុគ្គលម្នាក់ៗ ត្រូវតែខិតខំឥតឈប់ឈរ ឧស្សាហ៍ព្យាយាម ធ្វើការដោយភាពច្នៃប្រឌិត លះបង់ដើម្បីប្រយោជន៍រួម។ ពង្រីកស្មារតីនៃការរួបរួមជាតិ ជំនះឧបសគ្គ និងចាប់យកឱកាសដើម្បីនាំប្រទេសចូលទៅក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍ។

រួមជាមួយបក្ស និងប្រជាជនទាំងមូល គណៈកម្មាធិការបក្សកងទ័ពបន្តខិតខំសម្រេចបានសមិទ្ធផលបន្ថែមទៀត; ការកសាងគណកម្មាធិការបក្ស កងទ័ពគឺជាគណៈកម្មាធិការបក្សគំរូក្នុងការកសាង និងកែតម្រូវបក្ស។ កងទ័ពបន្តអះអាងយ៉ាងច្បាស់នូវ គោលជំហរនិងតួនាទីជាកម្លាំងស្នូលក្នុងការទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ ភាពអវិជ្ជមាន គ្រោះធម្មជាតិ ការបំផ្លិចបំផ្លាញ និងជំងឺរាតត្បាតរបស់សត្រូវ។ គ្រប់ភ្នាក់ងារ និងអង្គភាពយោធាទាំងអស់បន្តសកម្ម និងច្នៃប្រឌិត សម្រួលការរៀបចំកងកម្លាំង បង្កើនល្បឿនវឌ្ឍនភាព និងគុណភាពនៃការកសាងកងទ័ព និងផ្តល់អាទិភាពដល់ការកសាងកងកម្លាំងមួយចំនួនក្នុងជួរកងទ័ពឆ្ពោះទៅរកទំនើបភាវូបនីយកម្ម,  ដល់ឆ្នាំ ២០២៥ ជាមូលដ្ឋានកសាងបានកងទ័ពយើងបង្រួម ចំណាន ខ្លាំងបង្កើតមូលដ្ឋានរឹងមាំ ខិតខំដល់ឆ្នាំ ២០៣០ កសាងកងទ័ពប្រជាជនវៀតណាមប្រកបដោយបដិវត្តន៍ មានរបៀបរៀបរយ ទំនើប និងសក្តិសមជាកម្លាំងស្នូលក្នុងការការពារមាតុភូមិវៀតណាមសង្គមនិយមយ៉ាងរឹងមាំ។

ក្នុងឱកាសស្វាគមន៍ឆ្នាំថ្មី តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ ខ្ញុំសូមជូនពរឆ្នាំថ្មីដល់ក្រុមគ្រួសារវៀត ណាមគ្រប់ទិសទីក្នុងប្រទេស បងប្អូនជនរួមជាតិនៅក្រៅប្រទេស និងមិត្តភ័ក្តិអន្តរជាតិ សូមឱ្យទទួលបានសេចក្តីសុខ បរិបូរ សុភមង្គល សុខដុមរមនា ទាំងអស់គ្នា! ខ្ញុំក៏សូមអបអរសាទរក្នុងឆ្នាំថ្មីនេះ ជូនចំពោះនាយទាហាន នាយទាហានរង យុទ្ធជនទាំងអស់នៃកងទ័ពប្រជាជនវៀតណាម វីរភាព - ជាកងទ័ពបដិវត្តន៍ដែលមានអាយុកាលជាង ៧៨ ឆ្នាំនៃការកសាង តស៊ូ ធំធាត់ - ជាកងទ័ពបដិវត្តន៍ "អង់អាចក្លាហានមិនដែលចេះចាញ់" បម្រើជាតិមាតុភូមិ បម្រើប្រជាជនជានិច្ច។

អ្នកយកព័ត៌មាន៖ សូមអរគុណលោក អគ្គលេខាបក្ស៕

បកប្រែដោយ Minh Trung