អ្នកយកព័ត៌មាន៖ លោករដ្ឋមន្ត្រី តើអ្វីៗទៅជាអត្ថន័យ និងលទ្ធផលលេចធ្លោនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសលុចសំបួ ព្រះរាជាណាចក្រហូឡង់ និងព្រះរាជាណាចក្របែលហ្ស៊ិក របស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម?

លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេស៖ ដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសទាំងបីនេះ របស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានសម្រេចដោយជោគជ័យយ៉ាងខ្លាំង។

ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងរវាងវៀតណាម និងប្រទេសទាំងបីកាន់តែមានការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។ វៀតណាម និងប្រទេសទាំងបីនឹងប្រារព្ធខួបលើកទី៥០ នៃការបងកើតទំនាក់ទំនងការទូតនៅឆ្នាំ២០២៣។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសលុចសំបួរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាម បន្ទាប់ពីរយៈពេល ២០ ឆ្នាំ និងជាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់លើកដំបូងរវាងវៀតណាម និងហូឡង់ក្នុងរយៈពេល ៣ ឆ្នាំកន្លងមក។ ប្រទេសទាំងបីគឺជាដៃគូឈានមុខគេក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគមកពីអឺរ៉ុប របស់វៀតណាម។ ប្រទេសទាំងបីមានការយកចិត្តទុកដាក់ចំពោះគោលនយោបាយ តួនាទីរបស់វៀតណាមនៅក្នុងតំបន់ និងមានទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើបញ្ហាបម្រែបម្រួលអាកាសធាតុ និងអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាពជាមួយវៀតណាម ហើយប្តេជ្ញាសហការជាមួយវៀតណាមដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី។

ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានសម្តែងនូវការចាប់អារម្មណ៍ចំពោះសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយវាយតំលៃខ្ពស់ចំពោះការបង្កើនតួនាទីអន្តរជាតិរបស់វៀតណាម ដោយអះអាងថា វៀតណាមជាដៃគូសំខាន់នៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិក។ ប្រទេសទាំងបីបានបញ្ជាក់ពីបំណងចង់សហការជាមួយវៀតណាម ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការឲ្យស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាព អភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយនិរន្តរភាពក្រោយជំងឺរាតត្បាត ដោះស្រាយបញ្ហាអន្តរជាតិប្រកបដោយប្រសិទ្ធភាព និងរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល។

leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេស (រូបថត៖ vnanet.vn)

ប្រទេសទាំងបីចាត់ទុកវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍយ៉ាងលឿន និងមានសក្តានុពលបំផុតក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកជួបការលំបាកខ្លាំង។ សហគមន៍អាជីវកម្មនៃប្រទេសទាំងបីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទីផ្សារវៀតណាម។ ថ្នាក់ដឹកនាំនៃប្រទេសទាំងបីក៏បានគាំទ្រការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពអឺរ៉ុប (EVFTA) ហើយសម្តែងក្តីសង្ឃឹមថា កិច្ចព្រមព្រៀងការពារការវិនិយោគ EU-វៀតណាម (EVIPA) នឹងត្រូវបានផ្តល់សច្ចាប័នក្នុងពេលឆាប់ៗនេះ ដើម្បីជំរុញការវិនិយោគរបស់អឺរ៉ុបនៅវៀតណាម ជាពិសេសនៅក្នុងវិស័យថ្មី បច្ចេកវិទ្យាខ្ពស់ និងយុទ្ធសាស្ត្រ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នៅប្រទេសនីមួយៗ លោកនាយករដ្ឋមន្ត្រីបានធ្វើជាអធិបតីភាពក្នុងវេទិកាធុរកិច្ច មានជំនួប និងធ្វើការជាមួយថ្នាក់ដឹកនាំតំបន់ សាជីវកម្ម និងសហគ្រាសធំៗចំនួន ២០ ហើយមានកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ៣០ រវាងក្រសួង ស្ថាប័ន តំបន់មូលដ្ឋាន វិទ្យាស្ថានស្រាវជ្រាវ និងសហគ្រាសត្រូវបានចុះហត្ថលេខា។

វៀតណាម និងប្រទេសទាំងបីបានឯកភាពសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកា និងអង្គការអន្តរជាតិនានា ដូចជាក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប ASEM និងអង្គការសហប្រជាជាតិ ជាពិសេសនៅពេលដែលវៀតណាម លុចសំបួ និងបែលហ្ស៊ិក ហូឡង់ សុទ្ធតែជាសមាជិករបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដើម្បីចូលរួមចំណែកដល់សន្តិភាព សន្តិសុខ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក។

ពាក់ព័ន្ធនឹងសមុទ្រខាងកើត ថ្នាក់ដឹកនាំនៃប្រទេសទាំងនេះ បានអះអាងនូវការគាំទ្រការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ក្នុងតំបន់ ដោះស្រាយវិវាទដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ជាពិសេស UNCLOS 1982 ហើយគាំទ្រដំណើរការចរចា COC ដោយយុត្តិធម៌ ជាក់ស្តែង និងមានប្រសិទ្ធភាព រវាងអាស៊ាន និងចិន។

ប្រទេសទាំងបីបានសន្យាជួយឧបត្ថម្ភវៀតណាមក្នុងវិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស និងការធ្វើឱ្យមានសុក្រិតភាពយន្តការស្ដីពីការកាត់បន្ថយការបំភាយឧស្ម័ន បំប្លែងថាមពល និងអភិវឌ្ឍប្រកបដោយចីរភាព។

យើងអាចនិយាយបានថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសទាំងបី គឺទទួលបានជោគជ័យលើគ្រប់ទិដ្ឋភាព ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាម និងប្រទេសទាំងបីនេះ និងបង្កើនទំនុកចិត្តខាងនយោបាយ ជម្រុញទំនាក់ទំនងសហប្រតិបត្តិការក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍឲ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែង បម្រើផលប្រយោជន៍សន្តិសុខ និងការអភិវឌ្ឍរបស់វៀតណាម និងចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។

អ្នកយកព័ត៌មាន៖ តើលោករដ្ឋមន្ត្រីអាចឱ្យដឹងអំពីអត្ថន័យ និងលទ្ធផលនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ក៏ដូចជាការចូលរួម និងការរួមចំណែករបស់វៀតណាមដែរឬទេ?

លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេស៖ កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍មានអត្ថន័យពិសេស។ នេះជាលើកទីមួយហើយដែលថ្នាក់ដឹកនាំអាស៊ានបានជួបជាមួយថ្នាក់ដឹកនាំទាំងអស់នៃប្រទេសជាសមាជិកសហភាពអឺរ៉ុប ដែលបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំង និងការប្តេជ្ញាចិត្តក្នុងការជម្រុញទំនាក់ទំនងភាពជាដៃគូនេះ។ នេះជាឱកាសដ៏ល្អសម្រាប់ថ្នាក់ដឹកនាំនៃភាគីទាំងពីរកំណត់ទិសដៅសំខាន់ៗ នៃការអភិវឌ្ឍទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប នាពេលខាងមុខ។

លទ្ធផលលេចធ្លោគឺការអនុម័តសេចក្តីថ្លែងការណ៍រួម ដោយសង្កត់ធ្ងន់ថា អាស៊ាន និងសហភាពអឺរ៉ុប វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់គ្នាទៅវិញទៅមក ហើយប្តេជ្ញាជម្រុញឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រ ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ កិច្ចសហប្រតិបត្តិការស្មើភាព និងផលប្រយោជន៍ទៅវិញទៅមក។ ភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រ ការតភ្ជាប់ ការគាំទ្រការលើកកម្ពស់សមត្ថភាពផ្នែកសុខាភិបាល ការគ្រប់គ្រងគ្រោះមហន្តរាយ ការការពារបរិស្ថាន ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ល។ ក្នុងឱកាសនេះ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ចែករំលែកតម្លៃ និងផលប្រយោជន៍រួម គោរពច្បាប់អន្តរជាតិ និងដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក។ ប្រទេសទាំងឡាយបានអះអាងនូវសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី ព្រមទាំងបានអំពាវនាវឲ្យមានការអនុវត្តពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) កសាងសេចក្តីព្រាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS 1982 ផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់ពិសេសនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើកនេះ ហើយចែករំលែកទិសដៅមួយចំនួន៖ ភាគីទាំងពីរគប្បីរក្សាគោលដៅ ផ្លាស់ប្តូរផ្នត់គំនិត ធ្វើសកម្មភាពយ៉ាងមុតមាំ ជំរុញទំនាក់ទំនងភាពដៃគូយុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការប្រកបដោយសមភាព ចុះសម្រុងគ្នានៃផលប្រយោជន៍ និងចែករំលែកហានិភ័យ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមជានិច្ចកាលរួមដំណើរសហគ្រាស EU ក្នុងការមកបណ្តាក់ទុន និងធ្វើអាជីវកម្មនៅវៀតណាម ព្រមទាំងស្នើឲ្យ EU លុបចោល “កាតលឿង” សម្រាប់ជលផលវៀតណាម ហើយឆាប់អនុម័តកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-EU។

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យអាស៊ាន និងសហភាពអឺរ៉ុបប្រកាន់យកសន្តិភាព និងស្ថិរភាពជាគោលដៅ ហើយចាត់ទុកការសន្ទនា និងកិច្ចសហប្រតិបត្តិការជាឧបករណ៍ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់។ លោកនាយករដ្ឋមន្ត្រីបានស្នើអាស៊ាន សហភាពអឺរ៉ុប និងប្រទេសទាំងឡាយខិតខំកសាងសមុទ្រខាងកើតក្លាយជាសមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

អ្នកយកព័ត៌មាន៖ អរគុណច្រើនលោករដ្ឋមន្ត្រី!

បកប្រែដោយ Thuy Anh