អ្នកយកព័ត៌មាន៖ សូមលោករដ្ឋមន្ត្រីវាយតម្លៃចំពោះលទ្ធផលលេចធ្លោក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកូរ៉េខាងត្បូងរបស់លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម នាពេលថ្មីៗនេះ?

លោក Bui Thanh Son រដ្ឋមន្ត្រី៖ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូងរបស់លោក Nguyen Xuan Phuc ប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានបញ្ចប់ដោយជោគជ័យ។ ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកូរ៉េខាងត្បូង។ នេះក៏ជាដំណើរទស្សនកិច្ចជាន់ខ្ពស់របស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋរបស់វៀតណាមនៅប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីលោក Yoon Suk-yeol ប្រធានាធិបតីឡើងកាន់អំណាច ហើយលោក Nguyen Xuan Phuc ប្រធានរដ្ឋ គឺជាមេដឹកនាំបរទេសដំបូងគេដែលលោក Yoon Suk-yeol ប្រធានាធិបតី បានទទួលស្វាគមន៍តាមពិធីការខ្ពង់ខ្ពស់បំផុតចាប់តាំងពីចូលកាន់តំណែង។

លទ្ធផលលេចធ្លោបំផុតនៃដំណើរទស្សនកិច្ចនេះគឺលោក Nguyen Xuan Phuc ប្រធានរដ្ឋ និងលោក Yoon Suk-yeol ប្រធានាធិបតី បានប្រកាសអំពីការដំឡើងទំនាក់ទំនងរបស់ប្រទេសទាំងពីរទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ និងចេញសេចក្តីថ្លែងការណ៍រួមរវាងវៀតណាមនិងកូរ៉េខាងត្បូងស្ដីពីដំណើរទស្សនកិច្ចនេះ។ ការដំឡើងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្របើកដំណាក់កាលអភិវឌ្ឍន៍ថ្មីដោយកាន់តែខ្លាំងក្លាថែមទៀតក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏ទទួលបាននូវទស្សនៈរួមជាច្រើន ស្ដីពីទិសដៅសំខាន់ៗ និងវិធានការជាក់លាក់ ដើម្បីជម្រុញទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង ឲ្យរីកចម្រើន ស្របតាមស្មារតីនៃក្របខ័ណ្ឌទំនាក់ទំនងថ្មី។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះដែរ លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម បានចូលរួមវេទិកាធុរកិច្ចវៀតណាម-កូរ៉េខាងត្បូង ដោយមានការចូលរួមពីតំណាងសហគ្រាសជាង ៥០០ នាក់​ មកពីប្រទេសទាំងពីរ ហើយជួបថ្នាក់ដឹកនាំជិត ៣០ នាក់ នៃសាជីវកម្មឈានមុខគេរបស់កូរ៉េខាងត្បូង ធនាគារ និងអង្គការហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូង។ លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមូលដ្ឋាននៃវៀតណាមបានជួបប្រជុំ ជាមួយដៃគូដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការ។

ក្នុងដំណើរទស្សនកិច្ចនេះ លោក Nguyen Xuan Phuc ប្រធានរដ្ឋ និងលោក Yoon Suk-yeol ប្រធានាធិបតី រួមទាំងថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួងទាំងពីរបានអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ២៤ រវាងស្ថាប័ននិងសហគ្រាសនៃប្រទេសទាំងពីរ។

leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមផ្តល់បទសម្ភាសន៍

អ្នកយកព័ត៌មាន៖ សូមលោករដ្ឋមន្ត្រីលើកច្បាស់នូវខ្លឹមសារនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាង​វៀតណាម និងកូរ៉េខាងត្បូង និងទិសដៅអនុវត្តនាពេលខាងមុខ?

លោក Bui Thanh Son រដ្ឋមន្ត្រី៖ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ទំនុកទុកចិត្តខាងនយោបាយត្រូវបានពង្រឹងកាន់តែខ្លាំងឡើង កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗកាន់តែជាក់ស្ដែង ការយោគយល់គ្នា និងជំនួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។ សមិទ្ធផលទាំងនោះ និងការប្តេជ្ញាចិត្តជម្រុញឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅគឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ភាគីទាំងពីរសម្រេចចិត្តដំឡើងទំនាក់ទំនងរបស់​ប្រទេសទាំងពីរទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។

ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយអាចយល់បានថា កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកូរ៉េខាងត្បូង នឹងត្រូវបានពង្រឹង និងពង្រីកយ៉ាងទូលំទូលាយលើគ្រប់វិស័យ ចាប់ពីនយោបាយ-កិច្ចការបរទេស ការពារជាតិ និងសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ រហូតដល់ការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជំនួបប្រាស្រ័យមនុស្សធម៌-សង្គម។ល។ ជាពិសេស ទំនាក់ទំនងនិងវិស័យសហប្រតិបត្តិការនោះនឹងកាន់តែស៊ីជម្រៅ ជាក់ស្ដែង និងមានប្រសិទ្ធភាពថែមទៀតក្នុងពេលខាងមុខដែលរួមមាន៖

ទីមួយ បង្កើនបន្ថែមទៀតនូវដំណើរទស្សនកិច្ច និងការពិភាក្សារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ជម្រុញឲ្យស៊ីជម្រៅនូវយន្តការផ្លាស់ប្តូរ និងកិច្ចសន្ទនារវាងស្ថាប័ននៃរដ្ឋ និងអាជ្ញាធរមូលដ្ឋានរវាងរដ្ឋសភា គណបក្សនយោបាយ និងអង្គការនានា  ហើយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការ កិច្ចសន្ទនា និងការផ្លាស់ប្តូររវាងស្ថាប័ននៃប្រទេសទាំងពីរ។

ទីពីរ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនឹងបន្តជាមូលដ្ឋានគ្រឹះ និងកម្លាំងចលករសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងកូរ៉េខាងត្បូង។

ភាគីទាំងពីរប្តេជ្ញាចិត្តពង្រីក និងជម្រុញឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលក្នុងនោះ ខិតខំប្រឹងប្រែងជម្រុញឲ្យទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១០០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៣ និងឆ្ពោះទៅគោលដៅ ១៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ហើយធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការលើវិស័យពលកម្ម សុខាភិបាល វប្បធម៌ អប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ល។

ទី៣ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងឧស្សាហកម្មការពារជាតិ កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ រួមទាំងសន្តិសុខអាកាសចរណ៍ និងកងឆ្មាំសមុទ្រ រួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៃតំបន់ និងពិភពលោក។

ទី៤ ភាគីទាំងពីរពង្រឹងការសម្របសម្រួលដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមជាសាកល បញ្ហាសន្តិសុខមិនប្រពៃណី សន្តិសុខថាមពល សន្តិសុខស្បៀងអាហារ សន្តិសុខសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការក្នុងការការពារបរិស្ថានសមុទ្រ ព្រមទាំងពង្រឹងសមត្ថភាពឆ្លើយតបចំពោះស្ថានភាពអាសន្ន។

ទី៥ បន្តសហការលើបញ្ហាអន្តរជាតិដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា និងនាំមកនូវផលប្រយោជន៍គ្នាទៅវិញទៅមក ហើយឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងវេទិកា និងយន្តការអន្តរជាតិ និងតំបន់ដែលភាគីទាំងពីរចូលរួម និងយកចិត្តទុកដាក់ដូចគ្នា។

ទី៦ ទន្ទឹមនឹងការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជំនួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរនឹងអភិវឌ្ឍកាន់តែលឿន រឹងមាំ និងសម្បូរបែបជាងពេលមុនៗ។ តាមរយៈនោះ ការជំរុញការផ្លាស់ប្តូរ និងពង្រឹងចំណងមិត្តភាពរវាងមូលដ្ឋាន ក្រសួង ស្ថាប័ន និងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាពង្រីកការសម្របសម្រួលក្នុងការគាំទ្រ និងការពារប្រជាពលរដ្ឋ ដែលគឺជាភារកិច្ចសំខាន់របស់ប្រទេសទាំងពីរនាពេលខាងមុខ។

ការដំឡើងទំនាក់ទំនងឡើងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ នឹងក្លាយជាកម្លាំងចលករក្នុងការពង្រឹងទំនុកចិត្តនយោបាយ បង្កើនការយល់ដឹងឲ្យកាន់តែស៊ីជម្រៅ ព្រមទាំងបង្កើតមូលដ្ឋាន និងបរិយាកាសអំណោយផលសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ជាមួយនឹងសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ខ្ញុំជឿជាក់ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម-កូរ៉េខាងត្បូងនឹងអភិវឌ្ឍលើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរចូលរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយវិបុលភាពក្នុងតំបន់ និងពិភពលោក។

អ្នកយកព័ត៌មាន៖ ខ្លឹមសារសំខាន់មួយនៃដំណើរទស្សនកិច្ចនេះគឺជម្រុញជំនួបប្រាស្រ័យមនុស្សធម៌-សង្គម។ សូមលោករដ្ឋមន្ត្រីបញ្ជាក់បន្ថែមអំពីរឿងនេះ?

លោក Bui Thanh Son រដ្ឋមន្ត្រី៖ ការបង្កើនជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ការផ្លាស់ប្ដូរមនុស្សធម៌ - សង្គមគឺជាខ្លឹមសារសំខាន់នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Nguyen Xuan Phuc ប្រធានរដ្ឋនៅប្រទេសកូរ៉េខាងត្បូងនាពេលនេះ។ នេះក៏ជាការយកចិត្តទុកដាក់ និងជាអាទិភាពរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបង្កើនជំនួបប្រាស្រ័យរវាងប្រទេសទាំងពីរ ដោយចាត់ទុកជាកត្តាសំខាន់ក្នុងការជំរុញទំនាក់ទំនង និងមិត្តភាពវៀតណាម-កូរ៉េខាងត្បូង។ ក្នុងឱកាសនេះ លោក Nguyen Xuan Phuc ប្រធានរដ្ឋ បានជួបជាមួយតំណាងសហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង និងអង្គការមិត្តភាព ដូចជា សមាគមមិត្តភាពកូរ៉េខាងត្បូង-វៀតណាម សមាគមផ្លាស់ប្តូរវប្បធម៌កូរ៉េខាងត្បូង-វៀតណាម។ល។ ក្នុងជំនួបទាំងនោះ លោកប្រធានរដ្ឋបានស្នើឲ្យសហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង រក្សាប្រពៃណីនៃចំណងមិត្តភាព សាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមក ពង្រីកតួនាទីតភ្ជាប់ប្រជាជាតិទាំងពីរ។ សមាគមមិត្តភាពគប្បីពង្រឹងបន្ថែមទៀតនូវតួនាទីជាស្ពានតភ្ជាប់ និងជួយគាំទ្រការផ្លាស់ប្តូររវាងអង្គការមហាជន មូលដ្ឋាន និងប្រជាជននៃប្រទេសទាំងពីរ សមស្របតាមក្របខណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

អាចនិយាយបានថា លទ្ធផលនៃដំណើរទស្សនកិច្ចនេះ មិនត្រឹមតែជោគជ័យខាងនយោបាយប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យយ៉ាងជ្រាលជ្រៅលើវិស័យសង្គម និងមនុស្សធម៌ ឆ្លើយតបតម្រូវការរបស់ប្រជាជន និងសហគ្រាសនៃប្រទេសទាំងពីរ។ នេះក៏ជាព្រឹត្តិការណ៍ដ៏សំខាន់ និងជាកម្លាំងចលករដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ ស្ថិរភាព និងនិរន្តរភាពរវាងវៀតណាម និងកូរ៉េខាងត្បូង ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិសុខ ស្ថិរភាព ការជម្រុញកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍របស់តំបន់ និងពិភពលោក។

អ្នកយកព័ត៌មាន៖ សូមអរគុណលោក!

បកប្រែដោយ Thuy Anh