អង្គការសហប្រជាជាតិ (UN) គឺជាអង្គការពហុភាគីដ៏ធំបំផុតរបស់ពិភពលោក ដែលមានបេសកកម្មរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ជំរុញកិច្ចសហប្រតិបត្តិការមិត្តភាព និងការអភិវឌ្ឍរបស់ប្រទេសនានាជុំវិញពិភពលោក។ កិច្ចសហប្រតិបត្តិការជាមួយ អ.ស.ប តែងតែមានសារសំខាន់ក្នុងគោលនយោបាយការបរទេសរបស់បក្ស និងរដ្ឋរបស់វៀតណាម ឆ្លុះបញ្ចាំងពីឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជនយើង និងប្រជាជនទាំងមូលលើពិភពលោកក្នុងការខិតខំដើម្បីសន្តិភាព និងឯករាជ្យជាតិ ប្រជាធិបតេយ្យ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

leftcenterrightdel
សម័យបើកកិច្ចប្រជុំលើកទី៣២ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៧៧ បានអនុម័តសេចក្តីសម្រេចចិត្តទទួលស្គាល់វៀតណាមជាសមាជិកនៃអង្គការសហប្រជាជាតិ (រូបថត៖ vnanet.vn)

នៅខែមករា ឆ្នាំ ១៩៤៦ លោកប្រធានហូជីមិញ ក្នុងនាមរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម បានផ្ញើសារលិខិតមួយច្បាប់ទៅកាន់ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិដែលបង្ហាញពីបំណងចង់ឱ្យវៀតណាមចូលរួមជាមួយអង្គការសហប្រជាជាតិ។ ដោយឆ្លងកាត់ការឡើងចុះនៃប្រវត្តិសាស្ត្រ នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ១៩៧៧ វៀតណាមបានក្លាយជាសមាជិកទី ១៤៩ របស់អង្គការសហប្រជាជាតិជាផ្លូវការ។ ចាប់តាំងពីពេលនោះមក វៀតណាមតែងតែជាដៃគូដែលអាចទុកចិត្តបាន ជាសមាជិកសកម្ម និងបានរួមចំណែកសំខាន់ៗជាច្រើនក្នុងការអនុវត្តបេសកកម្មរបស់អង្គការសហប្រជាជាតិ។

ក្នុងបុព្វហេតុផ្លាស់ថ្មី កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអង្គការសហប្រជាជាតិបានអភិវឌ្ឍយ៉ាងខ្លាំងក្លា ទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព។ រាល់កម្មវិធី និងគម្រោងរបស់អង្គការសហប្រជាជាតិបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ថ្មី និងការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម ជាពិសេសការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម ការអប់រំ ថែទាំសុខភាព ការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ ការការពារបរិស្ថាន ការចែករំលែកបទពិសោធន៍អភិវឌ្ឍលើវិស័យជាច្រើន។

ក្នុងពេលដ៏លំបាកបំផុតនៃជំងឺរាតត្បាត Covid-19 វៀតណាមបានទទួលការគាំទ្រយ៉ាងធំធេងនូវវ៉ាក់សាំង និងឧបករណ៍វេជ្ជសាស្ត្រពីអង្គការសហប្រជាជាតិ ដោយផ្ទាល់តាមរយៈអង្គការសុខភាពពិភពលោក (WHO) និងកម្មវិធី COVAX ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ការសម្របខ្លួនប្រកបដោយសុវត្ថិភាព និងវឌ្ឍនភាពឆ្ពោះទៅរកការទប់ស្កាត់ជំងឺរាតត្បាត Covid-19។

តាមរយៈគំរូកិច្ចសហប្រតិបត្តិការត្រីភាគី ដោយមានការគាំទ្រពីអង្គការសហប្រជាជាតិ វៀតណាមបានចែករំលែកយ៉ាងសកម្មនូវចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីដំណើរការផ្លាស់ថ្មី ជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសលើការផ្លាស់ថ្មីសេដ្ឋកិច្ច ការធ្វើសមាហរណកម្មអន្តរជាតិ ការអភិវឌ្ឍកសិកម្ម ការថែទាំសុខភាព អប់រំ ...

ដោយបានឆ្លងកាត់រយៈពេលជាច្រើនឆ្នាំនៃសង្គ្រាម វៀតណាមបានវាយតម្លៃខ្ពស់ចំពោះតម្លៃសន្តិភាព។ ដូចដែលលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ធ្លាប់បានវាយតម្លៃថា វៀតណាមគឺជាកត្តាសំខាន់មួយដែលរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។

មកទល់នឹងពេលនេះ វៀតណាមបានបញ្ជូននាយទាហានចំនួន ៥១២ នាក់ និងនគរបាលចំនួន ៤ រូប ទៅចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅអាហ្វ្រិក និងនៅទីស្នាក់ការអង្គការសហប្រជាជាតិ ប្រការនេះមិនត្រឹមតែបញ្ជាក់ពីការទទួលខុសត្រូវរបស់ខ្លួនចំពោះសន្តិសុខអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងរួមចំណែកធ្វើឱ្យមុខមាត់ កិត្តិយសរបស់កងទ័ពអ៊ំហូកាន់តែថ្លៃថ្នូរ ក្នុងការអនុវត្តបេសកកម្មជាបេសកជនសន្តិភាព និងមិត្តភាព។

ក្នុងវិស័យសិទ្ធិមនុស្ស វៀតណាមប្រកាន់ខ្ជាប់នូវកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ លើកកំពស់ស្មារតីមនុស្សធម៌ និងមេត្តាធម៌ ដាក់ប្រជាជននៅកណ្តាលនៃការអភិវឌ្ឍ ចែករំលែកសមិទ្ធផល និងបទពិសោធន៍ក្នុងការការពារសិទ្ធិជាមូលដ្ឋាន សេចក្តីថ្លៃថ្នូររបស់មនុស្ស ធានាយុត្តិធម៌ និងវឌ្ឍនភាពសង្គម។

ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ និងការរួមចំណែកយ៉ាងសំខាន់ចំពោះការងាររួមរបស់អង្គការសហប្រជាជាតិ វៀតណាមពិតជាបានបង្ហាញយ៉ាងច្បាស់នូវស្មារតី អត្តសញ្ញាណ និងភាពក្លាហាននៃការទូតរបស់វៀតណាមក្នុងសម័យហូជីមិញ ផ្សព្វផ្សាយយ៉ាងខ្លាំងក្លានូវសារអំពីប្រទេសមួយប្រកបដោយឯករាជ្យភាព ខ្លួនទីពឹងខ្លួន ច្នៃប្រឌិត ស្រឡាញ់សន្តិភាព គោរពច្បាប់អន្តរជាតិ គួរឱ្យទុកចិត្ត ស្មោះត្រង់ និងទទួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ។

leftcenterrightdel
ពិធី​ចេញដំណើរ​របស់​កង​ទ័ពវៀតណាមទៅ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ នៅ​ខែ​មេសា ឆ្នាំ​២០២២ (រូបថត៖ vnanet.vn)

ភាពជាដៃគូដើម្បីសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងអនាគតដ៏ល្អប្រសើរសម្រាប់មនុស្សជាតិ

ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងអង្គការសហប្រជាជាតិក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមកបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងបរិយាកាសសន្តិភាព និងស្ថិរភាព ជំរុញសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ ព្រមទាំងទាញយកផលប្រយោជន៍ពីប្រភពខាងក្រៅសម្រាប់ការអភិវឌ្ឍប្រទេស លើកកំពស់ជំហររបស់វៀតណាម និង កិត្យានុភាពក្នុងឆាកអន្តរជាតិ។ មហាសន្និបាតបក្សលើកទី១៣ បានបន្តអះអាងនូវសារៈសំខាន់របស់អង្គការសហប្រជាជាតិក្នុងគោលនយោបាយការបរទេសរបស់បក្ស និងរដ្ឋ អាស្រ័យហេតុនេះលើកកំពស់ការទូតពហុភាគី ចូលរួមយ៉ាងសកម្មក្នុងការលើកកំពស់តួនាទីរបស់វៀតណាមក្នុងយន្តការពហុភាគី ជាពិសេសយន្តការអាស៊ាន អង្គការសហប្រជាជាតិ និងបណ្តាក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការសំខាន់ៗមានលក្ខណៈជាយុទ្ធសាស្ត្រ ស្របតាមតម្រូវការ សមត្ថភាព និងលក្ខខណ្ឌរបស់ប្រទេសជាតិ។

អនុវត្តគោលនយោបាយត្រឹមត្រូវនោះ វៀតណាមបន្តយកចិត្តទុកដាក់ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ។ ឯករាជ្យភាព ខ្លួនទីពឹងខ្លួន ធានានូវផលប្រយោជន៍ខ្ពស់បំផុតរបស់ជាតិ-រដ្ឋ ដោយឈរលើមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងរាល់គោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ សមភាព កិច្ចសហប្រតិបត្តិការ មានផលប្រយោជន៍ទៅវិញទៅមក ខិតខំប្រឹងប្រែងលើកកម្ពស់តួនាទីស្នូល ដឹកនាំ និងសម្រុះសម្រួលក្នុងបញ្ហាអន្តរជាតិ។ល។

បន្ថែមពីលើការបន្តធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយ និងពង្រឹងការសម្របសម្រួលក្នុងចំណោមភ្នាក់ងារ និងអង្គការនានាក្នុងប្រព័ន្ធនយោបាយ វាមានសារៈសំខាន់ខ្លាំងមួយទៀតគឺត្រូវតែផ្តោតលើការបណ្តុះបណ្តាល ការជំរុញ ការកសាងសមត្ថភាព និងការកសាងក្រុមកម្មាភិបាលផ្នែកការបរទេសពហុភាគីប្រកបដោយវិជ្ជាជីវៈ និងទំនើប និងព្រមទាំង មានគោលនយោបាយសមស្របដើម្បីបង្កើនចំនួនកម្មាភិបាលវៀតណាមដែលកំពុងធ្វើការនៅអង្គការសហប្រជាជាតិ។

ស្ថានភាពពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងស្មុគ្រស្មាញ ប៉ុន្តែនិន្នាការដ៏ធំ និងសេចក្តីប្រាថ្នាដ៏ស្មោះស្ម័គ្ររបស់ប្រជាជាតិ និងប្រជាជនគឺរក្សាឱ្យបានរឹងមាំនូវសន្តិភាព និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជានិច្ច។ ដោយមានបាវចនាថា “ម្ចាស់ការ សកម្ម ស្មោះត្រង់ ជឿជាក់ និងទទួលខុសត្រូវ” វៀតណាមបន្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីរួមចំណែកពង្រឹងតួនាទីមជ្ឈភាពរបស់អង្គការសហប្រជាជាតិក្នុងប្រព័ន្ធអភិបាលកិច្ចសកល រួមជាមួយនឹងការខិតខំដើម្បីសន្តិភាព និរន្តរភាព ឯករាជ្យជាតិ លទ្ធិប្រជាធិបតេយ្យ  កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ និងវឌ្ឍនភាពសង្គម៕

បកប្រែដោយ Minh Trung