ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅក្នុងបរិបទពិភពលោក និងតំបន់កំពុងមានការវិវឌ្ឍយ៉ាងស្មុគស្មាញ ការប្រកួតប្រជែងយុទ្ធសាស្ត្ររំលេចចេញក្នុងចំណោមប្រទេសធំៗកាន់តែកើតឡើងយ៉ាងប្តូរផ្តាច់ តឹងតែង បញ្ហាប្រឈមផ្នែកសន្តិសុខកើនឡើង ជាពិសេសគឺផលប៉ះពាល់អវិជ្ជមានដែលមិនធ្លាប់មាននៃការរីករាលដាល Covid-19 ចំពោះបណ្តាប្រទេសសមាជិកអាស៊ាន។

leftcenterrightdel
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៣ (AMM-53)  ក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh

ជាងពេលណាៗទាំងអស់ នេះគឺជាពេលវេលាដែលអាស៊ានត្រូវប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្ត សាមគ្គីភាពក្នុងរាល់សកម្មភាពដើម្បីពន្លឿនដំណើរការកសាងសហគមន៍ឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកំពុងកើតឡើង និងគ្រប់គ្រងដោយជោគជ័យនូវរោគរាតត្បាត Covid-19 និងពន្លឿនដំណើរការនៃការស្តារសេដ្ឋកិច្ចឡើងវិញក្រោយ Covid-19។ ជាពិសេសប្រទេសសមាជិកនីមួយៗចាំបាច់ត្រូវលើកកម្ពស់ស្មារតីនៃ “ការគិតគូរបស់សហគមន៍ សកម្មភាពសហគមន៍” រួមចំណែកដល់ការសំរេចបាននូវមូលបទ “ភាពស្អិតរមួត និងការឆ្លើយតប” រហូតពេញមួយឆ្នាំនៃអាស៊ានឆ្នាំ ២០២០។

ក្នុងបរិបទនោះបណ្តាកិច្ចប្រជុំបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ គឺជាឱកាសមួយសម្រាប់អាស៊ានក្នុងការបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសាមគ្គីភាពកាន់តែស្អិតរមួតថែមទៀត និងធ្វើការជាមួយគ្នាដើម្បីជំនះរាល់ការលំបាកដើម្បីស្ថិរភាព និងការអភិវឌ្ឍរួម។ ហើយលើសពីនេះទៅទៀត នេះក៏ជាឱកាសមួយដើម្បីជំរុញយ៉ាងខ្លាំងដល់ការអនុវត្តនូវរាល់ការប្តេជ្ញាចិត្ត ផែនការ និងគំនិតផ្តួចផ្តើមសកម្មភាព ជាពិសេសផ្តល់អាទិភាពនៅក្នុងឆ្នាំអាស៊ាន ២០២០ ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការនៅក្នុងអាស៊ានកាន់តែមានភាពប្រាកដប្រជា និងមានប្រសិទ្ធិភាពសក្ដិសមទៅនឹងគំរូដែលទទួលបានជោគជ័យក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

យើងអាចឃើញថានៅពេលប្រឈមនឹងការវិវឌ្ឍដ៏ស្មុគស្មាញនៃរោគរាតត្បាត Covid-19 ប្រទេសវៀតណាម បានដើរតួនាទីជាប្រធានអាស៊ាន ២០២០ ប្រកបដោយភាពបត់បែន និងសកម្មដែលដឹកនាំអាស៊ានប្រកបដោយប្រសិទ្ធភាព ឆ្លើយតបនឹងការរាតត្បាតនៃជំងឺ។ សន្និសីទតាមប្រព័ន្ធវីដេអូជាច្រើនត្រូវបានរៀបចំប្រកបដោយជោគជ័យដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦,  កិច្ចប្រជុំកំពូលពិសេសអាស៊ាន និងអាស៊ានបូក ៣ ស្តីពីការឆ្លើយតបទៅនឹងការរីករាលដាលនៃ Covid-19 និងបណ្តាកិច្ចប្រជុំអាស៊ានថ្នាក់រដ្ឋមន្រ្តីនានា ហើយនិងកិច្ចប្រជុំរវាងអាស៊ាន ជាមួយដៃគូនានា (ចិន អាមេរិក រុស្ស៊ី សហភាពអឺរ៉ុប...)។ លើសពីនេះទៀត គំនិតផ្តួចផ្តើមជាក់លាក់ និងសំខាន់ជាច្រើនក្នុងការទប់ទល់នឹងការរីករាលដាលនៃ Covid-19 ដូចជា៖ ការបង្កើតមូលនិធិអាស៊ានដើម្បីឆ្លើយតបទៅនឹង Covid-19 ការបង្កើតឃ្លាំងស្តុកសម្ភារៈវេជ្ជសាស្ត្រក្នុងតំបន់ និងការបង្កើតផែនការស្តារអាស៊ានឡើងវិញជាដើម ដែលសុទ្ធតែជាគំនិតផ្តួចផ្តើមឡើងដោយប្រទេសវៀតណាម ហើយទទួលបានការវាយតំលៃយ៉ាងវិជ្ជមានជាច្រើនពីមតិសាធារណៈក្នុងតំបន់ និងអន្តរជាតិ។

ដោយទទួលតួនាទីជាប្រធានអាស៊ានក្នុងគ្រាលំបាក វៀតណាមបានបង្ហាញពីភាពសកម្ម ម្ចាស់ការ និងមានទំនួលខុសត្រូវខ្ពស់ក្នុងការអនុវត្តនូវរាល់ភារកិច្ច និងការទទួលខុសត្រូវក្នុងឆ្នាំអាស៊ាន ២០២០។ វៀតណាមបានខិតខំលើកកម្ពស់សាមគ្គីភាព ការរក្សាសន្ទុះនៃកិច្ចសហប្រតិបត្តិការ និងការកសាងសហគមន៍អាស៊ាន។ ប្រធានអាស៊ាន ២០២០ បានដាក់ចេញនូវគំនិតផ្តួចផ្តើមដូចជា៖ ការពិនិត្យវាយតំលៃពាក់កណ្តាលអាណត្តិនៃការអនុវត្តផែនការមេនៃសហគមន៍អាស៊ាន ២០២៥, ការពិនិត្យការអនុវត្តធម្មនុញ្ញអាស៊ាន, ការពិភាក្សាអំពីការតំរង់ទិសសំរាប់កសាងចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥, ការផ្សាភ្ជាប់ការអភិវឌ្ឍអនុតំបន់ជាមួយការកសាងសហគមន៍អាស៊ាន ... ទទួលបានការគាំទ្រ និងការសម្របសម្រួលពីសំណាក់ប្រទេសសមាជិក និងដៃគូស្របតាមផែនការដែលបានដាក់ចេញ។

ជាមួយនឹងរបៀបវារៈដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃនោះ កិច្ចប្រជុំ AMM-53 និងបណ្តាកិច្ចប្រជុំពាក់ព័ន្ធនានាគឺមានសារៈសំខាន់ណាស់នៅក្នុងបរិបទនៃបញ្ហាប្រឈមនានាដែលកំពុងកើតមានឡើងតម្រូវឱ្យមានការកែសំរួលដើម្បីឆ្លើយតប។ នៅវេទិកាសហប្រតិបត្តិការទាំងនេះ រដ្ឋមន្រ្តីការបរទេសអាស៊ាននឹងផ្លាស់ប្តូរ ពិភាក្សា និងសម្របសម្រួលនូវដំណើរការកសាងសហគមន៍អាស៊ានដោយផ្អែកលើសសរស្តម្ភទាំង ៣ គឺសន្តិសុខនយោបាយ សេដ្ឋកិច្ច វប្បធម៌-សង្គម និងអនុវត្តនូវរាល់ការផ្តល់អាទិភាពក្នុងឆ្នាំ២០២០។ នេះក៏ជាឱកាសសម្រាប់រដ្ឋមន្រ្តីពិភាក្សាពីទិសដៅនាពេលអនាគតនៃកិច្ចសហប្រតិបត្តិការអាស៊ាន ទំនាក់ទំនងការបរទេសរបស់អាស៊ាន  ការបង្រួបបង្រួមទស្សនៈ និងសម្លេងរួមរបស់អាស៊ានចំពោះរាល់បញ្ហាក្នុងតំបន់និងអន្តរជាតិ។

គួរកត់សម្គាល់ថា ដោយមានការចូលរួមពីដៃគូនានា (ចិន ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក រុស្ស៊ី សហភាពអឺរ៉ុប ឥណ្ឌា អូស្ត្រាលី ញូហ្សេឡែន កាណាដា ... ) កិច្ចប្រជុំ AMM-53 និងកិច្ចប្រជុំពាក់ព័ន្ធនានាគឺជាឱកាសមួយដើម្បីអាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាពនិងប្រសិទ្ធភាពជាមួយដៃគូរបស់ខ្លួន។ វត្តមានរបស់ដៃគូនៅឯកិច្ចប្រជុំនឹងចូលរួមចំណែកក្នុងការលើកកម្ពស់មជ្ឈភាពអាស៊ាន ហើយនេះនឹងជាមធ្យោបាយមួយដើម្បីធានាថា អាស៊ានបន្តក្លាយជាកម្លាំងនាំមុខនៅក្នុងតំបន់ដើម្បីដឹកនាំដំណើរការសហប្រតិបត្តិការដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព។ ការចូលរួមពេញលេញរបស់ដៃគូនានាក្នុងកិច្ចប្រជុំនេះចូលរួមចំណែកដើម្បីបញ្ជាក់ពីតួនាទី និងរូបភាពសំខាន់របស់អាស៊ានដល់សហគមន៍អន្តរជាតិ។ នេះសបញ្ជាក់ឱ្យឃើញថា អាស៊ានកំពុងរីកចម្រើនខ្លាំង បង្កើនសំលេង និងឥទ្ធិពលរបស់ខ្លួននៅលើពិភពលោកតាមរយៈការថែរក្សា និងការបើកបណ្តាញសន្ទនាដើម្បីសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ។ ការចូលរួមរបស់ដៃគូក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់អត្ថន័យ និងសារៈសំខាន់នៃកិច្ចប្រជុំ AMM-53 និងបណ្តាកិច្ចប្រជុំពាក់ព័ន្ធនានាក្នុងបរិបទនៃការកើនឡើងកាន់តែច្រើននូវបញ្ហាប្រឈមជាសកល  គ្មានប្រទេសណាមួយអាចឈរនៅក្រៅនិន្នាការរួមបានទេ ដូច្នោះជៀសមិនរួចទេកិច្ចសហប្រតិបត្តិការជាមួយគ្នាដើម្បីជំនះលើគ្រប់ឧបសគ្គដើម្បីផលប្រយោជន៍រួម។

ជាមួយការដែលវៀតណាមបានទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០ ប្រកបដោយមានភាពបត់បែន ភាពច្នៃប្រឌិត  ជំរុញយ៉ាងសកម្មនូវរាល់ការផ្តល់អាទិភាព និងគំនិតផ្តួចផ្តើមក្នុងឆ្នាំ២០២០ ដែលបានឯកភាពដោយប្រទេសជាសមាជិកនោះ យើងអាចសង្ឃឹមលើជោគជ័យនៃកិច្ចប្រជុំ AMM-53 និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលរួមចំណែកក្នុងការនាំ “ទូក” របស់អាស៊ានធ្វើដំណើរទៅលើផ្លូវត្រូវ បង្កើតបានជំហ៊ានរឹងមាំសម្រាប់អាស៊ានដើម្បីជំនះរាល់ឧបសគ្គទាំងអស់៕

បកប្រែដោយ Minh Trung