មតិសាធារណៈចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរបស់លោក To Lam អគ្គលេខាបក្ស និងប្រធានរដ្ឋ
កប.អនឡាញ - ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែសីហា របស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ត្រូវបានចាត់ទុកថា គឺជាការបង្ហាញពីការឱ្យតម្លៃចំពោះទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន មានអត្ថន័យជាយុទ្ធសាស្ត្រ។
ឲ្យតម្លៃចំពោះទំនាក់ទំនងមិត្តភាពអ្នកជិតខាសារព័ត៌មាន Sputnik បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះបានបង្ហាញពីទំនាក់ទំនងមិត្តភាពរវាងប្រទេសជិតខាងវៀតណាម និងចិន។ Sputnik បានអះអាងថា ការរក្សាទំនាក់ទំនងកម្រិតខ្ពស់នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និងចិន។ យោងតាមលោកសាស្ត្រាចារ្យ Dmitry Mosyakov នៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី ទំនាក់ទំនងដែលមិនអាចជៀសបានរវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សកុម្មុយនិស្តចិន គឺជា “កូនសោ” សម្រាប់ទំនាក់ទំនងទ្វេភាគី។
កាសែត South China Morning Post បានដកស្រង់មតិអ្នកស្រាវជ្រាវ Cheng Hanping នៅសាកលវិទ្យាល័យ Nanjing (ប្រទេសចិន) ដោយវាយតម្លៃថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន របស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បង្ហាញពីទំនាក់ទំនងរឹងមាំរវាងភាគីទាំងពីរ។ គឺជាឱកាសដើម្បីលើកកម្ពស់ចំណងសាមគ្គីភាពរវាងបក្សទាំងពីរ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី ដើម្បីពង្រឹងទំនាក់ទំនងវៀតណាម-ចិន។ ចិនជាដៃគូពាណិជ្ជកម្មធំជាងគេរបស់វៀតណាមតាំងពីយូរយារណាស់មកហើយ ខណៈដែលវៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិនក្នុងអាស៊ាន និងជាដៃគូពាណិជ្ជកម្មធំជាងគេទី ៤ របស់ចិននៅលើពិភពលោក។ អ្នកស្រាវជ្រាវ Zhou Chao នៅវិទ្យាស្ថានសិក្សាស្រាវជ្រាវឯករាជ្យ Anbound ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងបាននិយាយថា ការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់វៀតណាម និងចិន តាមរយៈដំណើរទស្សនកិច្ចនេះបង្ហាញពី "ការពង្រឹង និងបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធទ្វេភាគី" ។
|
|
គេហទំព័រ People's Daily បានចុះផ្សាយយ៉ាងឱឡារិកនៅក្នុងគេហទំព័រព័ត៌មាន និងរូបថតដែលលេចធ្លោបំផុតអំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន របស់លោក To Lam |
យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ដំណើរទស្សនកិច្ចនេះ បញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសជិតខាងទាំងពីរ ដែលដឹកនាំដោយបក្សកុម្មុយនិស្ត ដែលមានការអភិវឌ្ឍយ៉ាងខ្លាំងលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី។ ប្រទេសចិនបានចាត់ទុកដំណើរទស្សនកិច្ចនេះថាជា "ការចាប់ផ្តើមដ៏ល្អ" សម្រាប់ការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិនដ៏មានសារៈសំខាន់ជាយុទ្ធសាស្ត្រ។
ទន្ទឹមនឹងនោះ Channel News Asia បានវាយតម្លៃថា ដំណើរទស្សនៈកិច្ចមានអត្ថន័យខ្ពស់ ដោយបង្ហាញថា វៀតណាមកំណត់ទំនាក់ទំនងរបស់ខ្លួនជាមួយចិនជាជម្រើសយុទ្ធសាស្ត្រ។ ទូរទស្សន៍ CGTN បានដកស្រង់សម្តីលោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ផ្តល់សម្ភាសន៍នឹងសារព័ត៌មានវៀតណាមដោយបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះគឺជាសកម្មភាពកិច្ចការបរទេសដ៏សំខាន់ជាពិសេសរវាងវៀតណាម និងចិន ក្នុងឆ្នាំនេះ ដែលមានឥទ្ធិពលយ៉ាងខ្លាំងលើនិន្នាការអភិវឌ្ឍនៃទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ក្នុងរយៈពេលវែងខាងមុខ។ ប្រទេសទាំងពីរសង្ឃឹមថា ដំណើរទស្សនកិច្ចនេះនឹងនាំមកនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងឆ្ពោះទៅរកវឌ្ឍនភាពថ្មី ជាពិសេសលើវិស័យដែលចាប់អារម្មណ៍ទៅវិញទៅមកដូចជា៖ ការតភ្ជាប់ផ្លូវដែក ពាណិជ្ជកម្មកសិផល ការវិនិយោគគុណភាពខ្ពស់ ហិរញ្ញវត្ថុ-រូបិយប័ណ្ណ វប្បធម៌-ទេសចរណ៍ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ... លោក Bui Thanh Son ជឿជាក់ថា ដំណើរទស្សនៈកិច្ចនឹងក្លាយទៅជាព្រឹត្តិការថ្មី បើកដំណាក់កាលថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជិតខាង និងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សហគមន៍ចែករំលែកអនាគតវៀតណាម-ចិនមានអត្ថន័យជាយុទ្ធសាស្ត្រ។
ក្នុងបទវិចារណកថាក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ កាសែត China Daily បានសង្កត់ធ្ងន់ថា ទាំងចិន និងវៀតណាម ឲ្យតម្លៃលើកិច្ចសន្ទនា ការពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការដោយសន្តិវិធីយ៉ាងម៉ឺងម៉ាត់ គាំទ្រស្តង់ដារមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិដោយឈរលើគោលការណ៍ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំវៀតណាមនេះ ត្រូវបានគេរំពឹងថានឹងបង្កើតនូវសន្ទុះវិជ្ជមានបន្ថែមទៀតសម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នានៃប្រទេសជិតខាងទាំងពីរក្នុងការលើកកម្ពស់ការអភិវឌ្ឍ សន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់។ កាសែត China Daily ដកស្រង់អត្ថបទរបស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន មុនពេលលោកធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសវៀតណាមក្នុងខែធ្នូ ឆ្នាំ២០២៣ ដែលបញ្ជាក់ថា ប្រទេសចិន និងវៀតណាមមានទំនាក់ទំនងមិត្តភាពដ៏ស៊ីជម្រៅនៃ "ភាពជាសមមិត្ត និងជាបងប្អូន" ហើយប្រទេសចិនតែងតែប្រកាន់ខ្ជាប់ ទំនាក់ទំនងជាមួយវៀតណាម ជាអាទិភាពក្នុងទំនាក់ទំនងជាមួយប្រទេសជិតខាង៕
បកប្រេដោយ Minh Trung