ទីភ្នាក់ងារព័ត៌មាន Xinhua បានដកស្រង់សេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying ដែលបាននិយាយថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ធ្វើឡើងក្នុងបរិបទនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរក្នុងការអនុវត្តការប្រកាសលទ្ធផលដែលសម្រេចបានក្នុងអំឡុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់ប្រទេសវៀតណាម របស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន កាលពីចុងឆ្នាំមុន។ កិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសហគមន៍ចែករំលែកអនាគតចិន-វៀតណាម ដ៏មានអត្ថន័យជាយុទ្ធសាស្រ្តគឺមានការចាប់ផ្តើមដ៏ល្អ។ លោកស្រី Hua Chunying បានអះអាងថា ការដែលលោក To Lam បានជ្រើសរើសប្រទេសចិន ជាប្រទេសដំបូងគេដែលមកបំពេញទស្សនកិច្ចបន្ទាប់ពីចូលកាន់តំណែងថ្មីបានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។ តាមអ្នកនាំពាក្យក្រសួងការបរទេសចិន តាមរយៈដំណើរទស្សនកិច្ចលើកនេះ ចិនមានបំណងជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍ចែករំលែកអនាគតរួមចិន-វៀតណាម ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ដើម្បីសម្រេចបានជោគជ័យលើសង្គមនិយមឆ្ពោះទៅរកទំនើបភាវូបនីយកម្មដោយលក្ខណៈពិសេស រួមគ្នាលើកកម្ពស់បុព្វហេតុសង្គមនិយមសកល ក៏ដូចជាការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៃតំបន់ និងពិភពលោកទាំងមូល។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ និងភរិយាបានមកដល់ទីក្រុងប៉េកាំង ដោយបន្តសកម្មភាពបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន

យោងតាមកាសែត Global Times ក្រុមអ្នកវិភាគបាននិយាយថា ដំណើរទស្សនកិច្ចនេះបង្ហាញពីការបន្តទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ ខណៈដែលកំពុងអភិវឌ្ឍទំនាក់ទំនងចិន-វៀតណាម ប្រកបដោយចីរភាព ស្ថិរភាព និងស្មោះស្ម័គ្រ ពោលគឺតែងតែជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលរបស់បក្សកុម្មុយនិស្តវៀតណាម និងរដ្ឋវៀតណាម។ ដំណើរទស្សនកិច្ចនេះក៏បានសង្កត់ធ្ងន់លើសារសំខាន់យុទ្ធសាស្ត្រពិសេសនៃទំនាក់ទំនងចិន-វៀតណាម ហើយបានបង្ហាញថា កិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងគឺជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ លោក Ge Hongliang នាយករងមហាវិទ្យាល័យសិក្សាអាស៊ាន នៃសាកលវិទ្យាល័យ Guangxi បានវាយតម្លៃថា ដំណើរទស្សនកិច្ចលើកនេះរបស់លោក To Lam បានអះអាងសារជាថ្មីអំពីតួនាទីសំខាន់របស់ប្រទេសចិនក្នុងសកម្មភាពការទូត និងមិត្តភាពយូរអង្វែងរវាងភាគីទាំងពីរ និងប្រទេសទាំងពីរ។ លោក Ge Hongliang បានមានប្រសាសន៍ថា ទំនាក់ទំនងរវាងបក្សកុម្មុយនិស្តចិន និងបក្សកុម្មុយនិស្តវៀតណាមនឹងដឹកនាំការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ទន្ទឹមនឹងនោះ កាសែត China Daily បានអត្ថាធិប្បាយថា លោក To Lam អគ្គលេខាបក្ស  និងប្រធានរដ្ឋ បានជួបប្រជុំជាមួយលោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន និងថ្នាក់ដឹកនាំចិនផ្សេងៗទៀត ព្រមទាំងកម្មាភិបាលជាន់ខ្ពស់ចិន នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះបានឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួមរបស់ភាគីទាំងពីរ មិនត្រឹមតែពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ប៉ុន្តែក៏បន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រែក្លាយសមិទ្ធិផលនៃដំណើរទស្សនកិច្ចទៅកាន់វៀតណាមរបស់លោក Xi Jinping កាលពីចុងឆ្នាំមុនទៅជាសកម្មភាពជាក់ស្តែង។ ទាក់ទិននឹងទស្សនវិស័យកិច្ចសហប្រតិបត្តិការ កាសែត China Daily បាននិយាយថា ប្រទេសចិន និងវៀតណាម មានសក្តានុពលដ៏ធំទូលាយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិទ្យា និងឧស្សាហកម្ម ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ៕

បកប្រែដោយ Minh Trung