វៀតណាម និងកាណាដា ជម្រុញការអភិវឌ្ឍ និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម
កប.អនឡាញ - លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានស្នើឱ្យភាគីទាំងពីរលើកកម្ពស់កត្តាជំរុញកំណើនថ្មី ដូចជាកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
នៅរសៀលថ្ងៃទី ៦ ខែមករា នៅទីក្រុងហាណូយ ក្នុងឱកាសទទួលជួបជាមួយលោក Randeep Sarai រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍អន្តរជាតិ ក្រសួងកិច្ចការសកលនៃប្រទេសកាណាដា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានមានប្រសាសន៍ថា វៀតណាមចង់បន្តពង្រឹង និងធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយកាណាដា។ លោកបានស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត និងដំឡើងទំនាក់ទំនងទ្វេភាគីឡើងកម្រិតថ្មីមួយក្នុងពេលឆាប់ៗនេះ បន្តលើកកម្ពស់ការអភិវឌ្ឍ និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាពិសេសការតភ្ជាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ ដោយធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគក្លាយជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Randeep Sarai រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍អន្តរជាតិនៃប្រទេសកាណាដា (រូបថត៖ Duong Giang/TTXVN) |
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីទាំងពីរលើកកម្ពស់កត្តាជំរុញកំណើនថ្មី ដូចជាកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការធ្វើបរិវត្តកម្មថាមពលបៃតង ថាមពលកកើតឡើងវិញ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារកម្ម ការផ្លាស់ប្ដូរវប្បធម៌ និងការផ្លាស់ប្ដូរប្រជាជន។ លោកនាយករដ្ឋមន្ត្រីបានសម្តែងក្តីសង្ឃឹមថា ប្រទេសកាណាដានឹងគាំទ្រប្រទេសវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដោយបង្កើនអាហារូបករណ៍សម្រាប់និស្សិតវៀតណាម ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យាទំនើបៗ ដែលប្រទេសកាណាដាមានឧត្តមភាព និងវៀតណាមមានតម្រូវការ។ ប្រទេសកាណាដានឹងបន្តយកចិត្តទុកដាក់ និងពិចារណាទទួលស្គាល់សហគមន៍វៀតណាមនៅកាណាដាជាជនជាតិភាគតិចរបស់កាណាដា។ ហើយប្រទេសកាណាដានឹងមានគោលនយោបាយទិដ្ឋាការប្រសើរជាងមុនសម្រាប់ពលរដ្ឋវៀតណាម។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ប្រទេសវៀតណាមត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាស្ពានសម្រាប់ប្រទេសកាណាដាបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងយន្តការតំបន់ដែលដឹកនាំដោយអាស៊ាន។ ហើយប្រទេសកាណាដានឹងដើរតួជាស្ពានសម្រាប់ប្រទេសវៀតណាមចូលរួមក្នុងសកម្មភាពសហប្រតិបត្តិការដែលប្រទេសកាណាដាមានតួនាទី។ ប្រទេសកាណាដាបន្តគាំទ្រជំហររបស់អាស៊ានលើការលើកកម្ពស់ពាណិជ្ជកម្មសេរី និងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិនៅក្នុងតំបន់ និងនៅលើពិភពលោក។
ចំណែក លោក Randeep Sarai បានថ្លែងថា ប្រទេសកាណាដាត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រ និងសហការជាមួយប្រទេសវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរថាមពល ការធ្វើអាជិវកម្ម និងកែច្នៃរ៉ែ ការវិនិយោគលើផលិតផលដែលផលិតនៅវៀតណាមដើម្បីនាំចេញទៅកាន់ប្រទេសដទៃទៀត៕
បកប្រែដោយ Duy Hoan