នៅក្នុងជំនួប លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់អភិវឌ្ឍទំនាក់ទំនងមិត្តភាពប្រពៃណីជាមួយសហព័ន្ធរុស្ស៊ី។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការដែលសាជីវកម្ម AFK Sistema បានអភិវឌ្ឍយ៉ាងឆាប់រហ័ស និងកិច្ចសហប្រតិបត្តិការជាមួយសាជីវកម្ម និងអង្គភាពអាជីវកម្មធំៗរបស់វៀតណាម ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដែលបានកំណត់ទិសដៅដោយលោក To Lam អគ្គលេខាបក្សកុម្មុយនិស្រ្តវៀតណាមក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសរុស្ស៊ីកាលពីខែឧសភា ឆ្នាំ ២០២៥ ដែលរួមចំណែកយ៉ាងជាក់ស្តែងក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងរុស្ស៊ី ឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពថែមទៀត។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបប្រធានសាជីវកម្ម AFK Sistema (រូបថត៖ vnanet.vn)

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យសាជីវកម្មសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពជាមួយអង្គភាពអាជីវកម្មវៀតណាម ដើម្បីអនុវត្តកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើវិស័យសហប្រតិបត្តិការមួយចំនួនដែលរុស្ស៊ីមានប្រៀបខ្លាំង និងវៀតណាមមានតម្រូវការខ្ពស់។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីទិសដៅអភិវឌ្ឍន៍របស់វៀតណាម ជាពិសេសនៅក្នុងវិស័យអាទិភាពដែលរុស្ស៊ីមានប្រៀបខ្លាំង។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វៀតណាមកំពុងត្រៀមរៀបចំអនុវត្តយន្តការវិនិយោគច្រកតែមួយជាតិ ដើម្បីគាំទ្រសាជីវកម្មក្នុងការអនុវត្តសកម្មភាពសហប្រតិបត្តិការ ការជំរុញពាណិជ្ជកម្ម និងការវិនិយោគនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសាជីវកម្ម ពង្រឹងការចែករំលែកព័ត៌មាន និងបទពិសោធន៍លើការគ្រប់គ្រង គាំទ្រការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្ទេរបច្ចេកវិទ្យា... ទៅភាគីវៀតណាម។

ក្នុងឱកាសនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យស្ថានទូតរុស្ស៊ីប្រចាំនៅវៀតណាម គាំទ្រ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ននានានៃប្រទេសទាំងពីរ បញ្ចប់ការចរចាលើកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការលើការសាងសង់រោងចក្រអគ្គិសនីនុយក្លេអ៊ែរ Ninh Thuan ១ មុនថ្ងៃទី ១៥ ខែមករា។

លោក Yevtushenkov បានបញ្ជាក់ថា AFK Sistema គឺជាសាជីវកម្មឯកជនធំជាងគេនៅសហព័ន្ធរុស្ស៊ី ដែលមានបុគ្គលិកប្រមាណ ៣០០,០០០ នាក់។ AFK Sistema វិនិយោគនៅក្នុងប្រទេសរុស្ស៊ី និងនៅក្នុងប្រទេសជាច្រើនលើវិស័យដូចជា៖ ទូរគមនាគមន៍ សេវាកម្មឌីជីថល បច្ចេកវិទ្យាខ្ពស់ ពាណិជ្ជកម្មអេឡិចត្រូនិក សាខាភិបាល ឧស្សាហកម្មឈើ និងសាងសង់ផ្ទះឈើ កសិកម្ម ឱសថ សេវាកម្មស្នាក់នៅ... គោលដៅរបស់សាជីវកម្មគឺក្លាយជាមូលនិធិវិនិយោគបច្ចេកវិទ្យាខ្ពស់ឈានមុខគេនៅលើពិភពលោក។

ដោយវាយតម្លៃខ្ពស់ចំពោះសក្តានុពល និងកិច្ចសន្យាក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យដែលលោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានលើកឡើង លោក Yevtushenkov បានបញ្ជាក់ថា វៀតណាមតែងតែជាដៃគូដែលអាចទុកចិត្តបានសម្រាប់អង្គភាពអាជីវកម្មរុស្ស៊ី។ AFK Sistema មានគោលបំណងចង់បង្កើនអត្រាធ្វើមូលដ្ឋានីយកម្ម ហើយត្រៀមខ្លួនរួចជាស្រេចផ្ទេរបច្ចេកវិទ្យា និងបណ្តុះបណ្តាលបុគ្គលិកសម្រាប់ភាគីវៀតណាម៕

បកប្រែដោយ Huyen Trang