នៅក្នុងបរិបទនេះ លក្ខណៈពិសេសលេចធ្លោនៃកិច្ចការបរទេសរបស់វៀតណាមមិនត្រឹមតែស្ថិតនៅក្នុងសកម្មភាពជាច្រើនរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតនៅក្នុងការផ្លាស់ប្តូរពីការឆ្លើយតបប្រកបដោយភាពបត់បែន និងសកម្ម ទៅជាការកសាងប្រៀប និងកម្លាំង។ ពីការពង្រីកទំនាក់ទំនងទៅជាការធ្វើឲ្យទំនាក់ទំនងមានភាពជាក់ស្តែងនោះ និងពី "រួមដំណើរ" ទៅ "ចូលរួមចំណែក និងដឹកនាំ" នៅក្នុងលំហពហុភាគីសំខាន់ៗ។

leftcenterrightdel
ទិដ្ឋភាព នៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដែលបានធ្វើឡើងនៅទីក្រុងហាណូយនៅថ្ងៃទី ២៥ និង ២៦ ខែតុលា ឆ្នាំ ២០២៥។ រូបថត៖ VNA

ចំណុចលេចធ្លោមួយនៃកិច្ចការបរទេសរបស់វៀតណាមនៅឆ្នាំ ២០២៥ គឺតម្រូវការដើម្បី "បង្កើនល្បឿន និងពន្លឿន" ការអនុវត្តគោលនយោបាយ និងទស្សនៈថ្មីៗ ដោយផ្លាស់ប្តូរទិសដៅយុទ្ធសាស្ត្រទៅជាលទ្ធផលជាក់ស្តែង និងអាចវាស់វែងបាន។ វិធីសាស្រ្តនេះបង្ហាញថា គោលនយោបាយការបរទេសមិនមែនគ្រាន់តែជា «សមរភូមិទន់» នៃទំនាក់ទំនងអន្តរជាតិនោះទេ ប៉ុន្តែឥឡូវនេះត្រូវបានគេមើលឃើញថាជាកម្លាំងចលករផ្ទាល់សម្រាប់គោលដៅយុទ្ធសាស្ត្ររបស់ប្រទេសនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។ ដើម្បីសម្រេចបាននូវគោលដៅនេះ ការស្រាវជ្រាវយុទ្ធសាស្ត្រ និងការងារប្រឹក្សាយោបល់កំពុងត្រូវបានពង្រឹងជាមួយនឹងរបាយការណ៍ គម្រោង និងអនុសាសន៍គោលនយោបាយមួយចំនួនធំ ដែលជួយកំណត់បញ្ហាប្រឈមសន្តិសុខប្រពៃណី និងមិនមែនប្រពៃណីឲ្យបានឆាប់ រក្សាភាពសកម្មជាយុទ្ធសាស្ត្រ និងកាត់បន្ថមភាពអកម្ម។ ក្នុងពេលជាមួយគ្នានេះ កិច្ចការបរទេសក៏រួមចំណែកដល់ការបង្កើតគោលនយោបាយនៅក្នុងវិស័យថ្មីៗ ដូចជាការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចរង្វង់ ការច្នៃប្រឌិតគំរូអភិវឌ្ឍន៍ និងការច្នៃប្រឌិតថ្មី ជា«កូអរដោនេ» សំខាន់ៗនៃកំណើននាពេលអនាគត។

នៅកម្រិតទ្វេភាគី គួរកត់សម្គាល់ថា មានការកើនឡើងគុណភាពនៃក្របខ័ណ្ឌសហប្រតិបត្តិការ។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ វៀតណាមបានដំឡើងនូវទំនាក់ទំនងរបស់ខ្លួនជាមួយដៃគូចំនួន ១៧ ដែលនាំឱ្យចំនួនដៃគូសរុបនៅកម្រិត «ភាពជាដៃគូគ្រប់ជ្រុងជ្រោយ»ឬខ្ពស់ជាងនេះដល់ ៤២ ប្រទេស។ ក្នុងពេលជាមួយគ្នានេះ កិច្ចព្រមព្រៀងសហប្រតិបត្តិការជិត ៣៥០ ត្រូវបានចុះហត្ថលេខា ដែលកើនឡើង ២.៥ ដងបើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤។ តួលេខទាំងនេះមិនត្រឹមតែមានលក្ខណៈស្ថិតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ឆ្លុះបញ្ចាំងពីនិន្នាការនៃការធ្វើឱ្យយន្តការសម្របសម្រួលរយៈពេលវែងមានភាពល្អឥតខ្ចោះផងដែរ ដោយបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការសន្យានានាឱ្យកាន់តែមានជាក់ស្តែង។ គួរឲ្យកត់កម្គាល់ដែរថា វៀតណាមបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយសមាជិកអចិន្ត្រៃយ៍ទាំងប្រាំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសមាជិក G20 ចំនួន ១៨ ក្នុងចំណោម ២១។ រចនាសម្ព័ន្ធភាពជាដៃគូនេះមានសារៈសំខាន់ជាយុទ្ធសាស្ត្រពិសេស ដែលរួមចំណែកដល់ការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងសន្តិសុខ និងការពារជាតិ ខណៈពេលដែលបន្ថែម "ភាពបត់បែន" ទៅក្នុងគោលនយោបាយការបរទេសក្នុងបរិយាកាសប្រកួតប្រជែងខ្លាំង។

រយៈពេលថ្មីៗនេះក៏បានបង្ហាញពីការផ្លាស់ប្តូរយ៉ាងច្បាស់លាស់ក្នុងការទូតសេដ្ឋកិច្ចផងដែរ៖ ដោយមិនត្រឹមតែជាការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគទៀតហើយ ដែលបែជាការឆ្ពោះទៅរកការប្រើប្រាស់ធនធានសម្រាប់កម្លាំងចលករជម្រុញកំណើនថ្មី។ យោងតាមការវាយតម្លៃនៅឆ្នាំនេះ ការផ្តោតសំខាន់គឺទៅលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតង - ដែលជាសសរស្តម្ភដែលភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងគោលដៅអភិវឌ្ឍន៍សម្រាប់ឆ្នាំ ២០៣០ និង ២០៤៥។ ចំណូលនាំចូល និងនាំចេញសរុបសម្រាប់ឆ្នាំនេះលើសពី ៩០០ ពាន់លានដុល្លារអាមេរិក ដែលពង្រឹងតួនាទីរបស់វៀតណាមក្នុងចំណោមសេដ្ឋកិច្ចទ្រង់ទ្រាយធំ។ នៅក្នុងបរិបទនៃបរិយាកាសពាណិជ្ជកម្មសកលដែលពោរពេញដោយហានិភ័យ និងការកែសម្រួលគោលនយោបាយយ៉ាងឆាប់រហ័ស និងមិនអាចទាយទុកជាមុនបាន ការរក្សាកំណើនពាណិជ្ជកម្មបង្ហាញពីកិច្ចខិតខំប្រឹងប្រែង សម្របសម្រួលគោលនយោបាយ និងសមត្ថភាពក្នុងការ "ដោះឧបសគ្គ" តាមរយៈបណ្តាញការទូត។

ជាមួយគ្នានេះ "ការទូតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា" បានលេចចេញជាស្នូលថ្មីមួយ៖ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាជាយុទ្ធសាស្ត្រ ការគាំទ្រដល់ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតង និងការតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍។ នៅកម្រិតស៊ីជម្រៅមួយនេះគឺជាមធ្យោបាយមួយដើម្បីកិច្ចការបរទេសចូលរួមដោយផ្ទាល់ក្នុងការធ្វើឱ្យប្រសើរឡើងនូវគំរូកំណើនជាតិ និងសមត្ថភាពប្រកួតប្រជែង ជំនួសឱ្យការ "តាមក្រោយ" ការសម្រេចចិត្តសេដ្ឋកិច្ចក្នុងស្រុក។

ខណៈពេលដែលទំនាក់ទំនងទ្វេភាគីពង្រីក "លំហយុទ្ធសាស្ត្រ" ទំនាក់ទំនងពហុភាគីបង្កើត "កម្ពស់" ទាក់ទងនឹងតួនាទី និងសំឡេង។ ក្នុងអំឡុងឆ្នាំនេះ វៀតណាមបានរៀបចំព្រឹត្តិការណ៍ និងវេទិកាពហុភាគីជាច្រើនដោយជោគជ័យ ដូចជាវេទិកាអនាគតអាស៊ានលើកទីពីរ (AFF) កិច្ចប្រជុំកំពូលភាពជាដៃគូសម្រាប់កំណើនបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) និងសកម្មភាពសំខាន់ៗផ្សេងទៀតដែលទាក់ទងនឹងកិច្ចសហប្រតិបត្តិការសកល។ ជាពិសេស វៀតណាមបានធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខា និងកិច្ចប្រជុំកំពូលស្តីពីអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅទីក្រុងហាណូយ (ខែតុលា ឆ្នាំ២០២៥) និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការទទួលស្គាល់ឯកសារនេះ ដែលមានឈ្មោះថា "អនុសញ្ញាហាណូយ" ជាផ្លូវការ។ ជាលើកដំបូង អនុសញ្ញាពហុភាគីសកលក្នុងវិស័យថ្មីមួយដែលភ្ជាប់ជាមួយ ឈ្មោះទីកន្លែងមួយរបស់វៀតណាមត្រូវបានចុះហត្ថលេខាដោយតំណាងមកពី ៧២ ប្រទេសនៅក្នុងពិធីចុះហត្ថលេខា។

នៅឯអង្គការសហប្រជាជាតិ វៀតណាមត្រូវបានជាប់ឆ្នោតឡើងវិញនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិឆ្នាំ២០២៦-២០២៨ ដោយមានសំឡេងគាំទ្រ ១៨០ ដែលជាសំឡេងខ្ពស់បំផុតនៅក្នុងក្រុមអាស៊ីប៉ាស៊ីហ្វិក។ លទ្ធផលនេះឆ្លុះបញ្ចាំងពីកម្រិតនៃការជឿទុកចិត្ត និងការរំពឹងទុករបស់អន្តរជាតិទាក់ទងនឹងតួនាទី និងការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះបញ្ហាសកល។ ក្នុងពេលជាមួយគ្នានេះ វៀតណាមចូលរួមក្នុងយន្តការដូចជា អាស៊ាន APEC G20 និង BRICS; ជាពិសេសគឺការចូលរួមក្នុង BRICSបូកឆ្នាំ២០២៥ ក្នុងនាមជាប្រទេសដៃគូ ដោយបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការចូលរួមកាន់តែស៊ីជម្រៅនៅក្នុងរចនាសម្ព័ន្ធកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង និងវេទិកាថ្មីៗ។

leftcenterrightdel
ការសម្តែងសិល្បៈនៅក្នុងពិធីបើកពិធីបុណ្យវប្បធម៌ពិភពលោកលើកដំបូងដែលបានប្រារព្ធឡើងនៅក្នុងរដ្ឋធានីហាណូយ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ (រូបថត៖ VNA)

នៅក្នុងទិដ្ឋភាពកិច្ចការបរទេសទាំងមូល ការទូតការពារជាតិនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនុកចិត្ត និងការពារមាតុភូមិតយ៉ាងឆាប់ៗ និងពីចម្ងាយ។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ វៀតណាមបានរក្សាការសន្ទនាគោលនយោបាយការពារជាតិជាមួយដៃគូជាច្រើន និងបានរៀបចំជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន ដូចជាជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី៩ (ខែមេសា ឆ្នាំ២០២៥) និងជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាលើកទី២ (ខែវិច្ឆិកា ឆ្នាំ២០២៥)។ ទាំងនេះគឺជាបណ្តាញដែលមានទាំងលក្ខណៈនិមិត្តរូប និងជាក់ស្តែងក្នុងការកសាងព្រំដែនប្រកបដោយសន្តិភាព និងស្ថិរភាព។ លើសពីនេះ វៀតណាមបន្តចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយកងកម្លាំងមួកខៀវរបស់ខ្លួនបម្រើការនៅក្នុងតំបន់ដែលមានការលំបាកខ្លាំងដូចជាស៊ូដង់ខាងត្បូង អាប៊ីយៃ និងអាហ្វ្រិកកណ្តាល។ និងក្នុងពេលដំណាលគ្នាដាក់ពង្រាយសកម្មភាពផ្សព្វផ្សាយស៊ីវិល និងផ្តល់ការគាំទ្រសុខភាពសហគមន៍ដល់បេសកកម្មនានា។

ប៉ុន្មានឆ្នាំថ្មីៗនេះក៏បានបង្ហាញពីតួនាទីកាន់តែច្បាស់លាស់នៃការទូតវប្បធម៌ និងការទូតប្រជាជនជាប្រភពនៃអំណាចទន់។ សកម្មភាពផ្លាស់ប្តូរ ពិធីបុណ្យ និងវេទិកាប្រជាជន ត្រូវបានអនុវត្តតាមវិធីផ្សេងៗគ្នា។ រួមទាំងពិធីបុណ្យវប្បធម៌ពិភពលោកលើកដំបូងដែលបានប្រារព្ធឡើងនៅទីក្រុងហាណូយ (ខែតុលា ឆ្នាំ២០២៥) ជាមួយប្រទេសចំនួន៤៨ ដែលរួមចំណែកដល់ការពង្រឹងការយល់ដឹង ការជឿទុកចិត្ត និងការតភ្ជាប់រវាងប្រទេសវៀតណាម និងមិត្តភក្តិអន្តរជាតិរបស់ខ្លួន។

ជារួម កិ្ចការបរទេសរបស់វៀតណាមក្នុងឆ្នាំកន្លងមកត្រូវបានគូសបញ្ជាក់ដោយពាក្យគន្លឹះបីយ៉ាង៖ សកម្ម ជាក់ស្តែង និងស្ថាបនា។ ភាពសកម្ម និងជាក់ស្តែងដើម្បីប្រែក្លាយការសន្យាទៅជាអត្ថប្រយោជន៍ជាក់ស្តែង។ ស្ថាបនាដើម្បីបើកផ្លូវសម្រាប់កម្លាំងជំរុញអភិវឌ្ឍន៍ថ្មី និងពង្រឹងបរិយាកាសសន្តិភាព និងស្ថិរភាព។ ចូលដល់ឆ្នាំ២០២៦ តម្រូវការគឺត្រូវបន្ត "ពន្លឿន" ការអនុវត្តយុទ្ធសាស្ត្រគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ - រក្សាឯករាជ្យភាព ការពឹងផ្អែកលើខ្លួនឯង និងទំនាក់ទំនងមានតុល្យភាព។ ខណៈពេលដែលបង្កើនឱកាសនៃការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង និងនវានុវត្តន៍ឱ្យបានច្រើនបំផុត។ សមិទ្ធផលនៃឆ្នាំកន្លងមកបង្ហាញថា នៅពេលដែលទំនាក់ទំនងការបរទេសត្រូវបានភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងភារកិច្ចអភិវឌ្ឍន៍ នៅពេលដែលការទូតមិនត្រឹមតែ "ការររួមដំណើរ" ប៉ុណ្ណោះទេ ដែល "ឈានទៅមុខមួយជំហានទៀត" នោះ ឱកាសសម្រាប់ការរីកចម្រើន និងតួនាទីរបស់ប្រទេសជាតិនឹងត្រូវបានពង្រីកដោយសមត្ថភាពអភិវឌ្ឍន៍របស់វៀតណាមផ្ទាល់នៅក្នុងពិភពលោកដែលមានភាពប្រែប្រួល៕

បកប្រែដោយ Duy Hoan