leftcenterrightdel
លោក To Lam  អគ្គលេខាបក្ស និងលោក Prabowo Subianto ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រធានគណបក្សចលនាឥណ្ឌូនេស៊ីដ៏មហិមា (Gerindra) បានប្រកាសដំឡើងទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ីទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (ហ្សាការតា ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៥) (រូបថត៖ Thong Nhat/TTXVN)

នៅក្នុងអត្ថបទ “វៀតណាម-ឥណ្ឌូនេស៊ី៖ គោរពប្រាំពីរទសវត្សរ៍នៃទំនាក់ទំនងទ្វេភាគី” (Vietnam-Indonesia Cherish Seven Decades of Bilateral Relations) ដែលបានបោះពុម្ពផ្សាយនៅក្នុង Policy Brief Special Edition អ្នកនិពន្ធ Vijay Sakhuja សាស្ត្រាចារ្យផ្នែកភូមិសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ អតីតនាយកមូលនិធិជាតិនាវាចរណ៍ឥណ្ឌា បានផ្តល់ការវាយតម្លៃដ៏ស៊ីជម្រៅអំពីដំណើរជាង ៧០ ឆ្នាំនៃទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ី ដោយចាត់ទុកថាវាជាទំនាក់ទំនងទ្វេភាគីដ៏ល្អឥតខ្ចោះ និងមានយុទ្ធសាស្ត្រជ្រាលជ្រៅបំផុតមួយនៅអាស៊ីអាគ្នេយ៍។

យោងតាមអត្ថបទនេះ ក្នុងរយៈពេលជាងប្រាំពីរទសវត្សរ៍នៃការបង្កើត និងការអភិវឌ្ឍ ទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ីបានលើសពីក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគីធម្មតា ដើម្បីក្លាយជាសសរស្តម្ភដ៏សំខាន់នៃរចនាសម្ព័ន្ធតំបន់។

បង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៥០ ក្រោមបរិបទប្រទេសទាំងពីរដែលកំពុងងើបចេញពីការតស៊ូប្រយុទ្ធដើម្បីឯករាជ្យ ទំនាក់ទំនងនេះត្រូវបានបង្កើតឡើងដោយការជឿទុកចិត្តខាងនយោបាយ ផលប្រយោជន៍ជាយុទ្ធសាស្ត្ររួម និងចក្ខុវិស័យរួមឆ្ពោះទៅរកសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។

វៀតណាម និងឥណ្ឌូនេស៊ីមានភាពស្រដៀងគ្នាជាច្រើននៅក្នុងប្រវត្តិសាស្ត្រសម័យទំនើប។ ប្រទេសទាំងពីរគឺជាប្រទេសដែលទទួលបានឯករាជ្យតាមរយៈការតស៊ូដ៏យូរអង្វែង ដោយហេតុនេះលើកកម្ពស់ស្មារតីនៃការពឹងផ្អែកលើខ្លួនឯង និងការប្តេជ្ញាចិត្តក្នុងការការពារអធិបតេយ្យភាព។

យោងតាមសាស្ត្រាចារ្យ Sakhuja ភាពស្រដៀងគ្នាខាងប្រវត្តិសាស្ត្រ និងសេចក្តីប្រាថ្នារួមគ្នានេះ ដែលបានបង្កើតការយល់ដឹងយ៉ាងស៊ីជម្រៅរវាងប្រទេសទាំងពីរ ដោយដាក់គ្រឹះសម្រាប់ការបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ១៩៥៥។

ចំណងមិត្តភាពជិតស្និទ្ធរវាងលោកប្រធានហូជីមិញ និងលោកប្រធានាធិបតីស៊ូកាណូ ត្រូវបានចាត់ទុកថាជានិមិត្តរូបដំបូងបំផុតនៃទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ី។ មរតកនយោបាយនេះនៅតែបន្តពង្រីកនិងអភិវឌ្ឍដោយមេដឹកនាំជំនាន់ក្រោយៗទៀត ដែលជួយរក្សាទំនាក់ទំនងទ្វេភាគី សូម្បីតែក្នុងអំឡុងពេលតំបន់ និងសកលលោកមានការប្រែប្រួលយ៉ាងខ្លាំងក៏ដោយ។

ពីមិត្តភាពប្រពៃណី ប្រទេសទាំងពីរបានដំឡើងទំនាក់ទំនងបន្តិចម្តងៗ ដោយឈានដល់ចំណុចកំពូលនៃភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០១៣ និងជាពិសេសភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងខែមីនា ឆ្នាំ ២០២៥ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស ទៅកាន់ប្រទេសឥណ្ឌូនេស៊ី។ យោងតាមការវាយតម្លៃរបស់សាស្ត្រាចារ្យ Sakhuja នេះគឺជា "ចំណុចរបត់ប្រវត្តិសាស្ត្រ" ដែលឆ្លុះបញ្ចាំងពីកម្រិតខ្ពស់បំផុតនៃការជឿទុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរ។

ពីទស្សនៈភូមិសាស្ត្រនយោបាយ ទាំងវៀតណាម និងឥណ្ឌូនេស៊ី បានកាន់តំណែងសំខាន់ៗនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ វៀតណាមស្ថិតនៅលើផ្លូវសមុទ្រ និងខ្សែសង្វាក់ផ្គត់ផ្គង់សំខាន់ៗ ដែលភ្ជាប់អាស៊ីឦសានជាមួយអាស៊ីអាគ្នេយ៍ដីគោក ខណៈដែលឥណ្ឌូនេស៊ី - ប្រទេសប្រជុំកោះធំជាងគេបំផុតរបស់ពិភពលោក - គ្រប់គ្រងផ្លូវសមុទ្រយុទ្ធសាស្ត្រដូចជា ច្រកសមុទ្រម៉ាឡាកា ច្រកសមុទ្រស៊ុនដា និងច្រកសមុទ្រឡុំបុក។

ការបំពេញបន្ថែមផ្នែកភូមិសាស្ត្រយុទ្ធសាស្ត្រនេះ សម្រួលដល់ប្រទេសទាំងពីរឱ្យក្លាយជាដៃគូក្នុងការលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់។ លោកសាស្ត្រាចារ្យ  Sakhuja បានកត់សម្គាល់ថា សេដ្ឋកិច្ចដែលកំពុងរីកចម្រើនគឺជាសសរស្តម្ភដ៏ស្វាហាប់បំផុតនៅក្នុងទំនាក់ទំនងទ្វេភាគី។

leftcenterrightdel
ខ្សែសង្វាក់ផលិតកម្ម និងវេចខ្ចប់ចំណីសត្វនៅសាខាក្រុមហ៊ុន Rapfa Confeed Vietnam Co., Ltd. (ទុនវិនិយោគរបស់ឥណ្ឌូនេស៊ី) ក្នុងតំបន់ឧស្សាហកម្ម Phuc Khanh (រូបថត៖ Danh Lam/TTXVN)

បច្ចុប្បន្នប្រទេសឥណ្ឌូនេស៊ីគឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់វៀតណាមនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ខណៈដែលវៀតណាមគឺជាដៃគូពាណិជ្ជកម្មធំទីបួនរបស់ឥណ្ឌូនេស៊ី។ ភាគីទាំងពីរមានគោលបំណងបង្កើនពាណិជ្ជកម្មទ្វេភាគីដល់ ១៨ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៨។

ជាពិសេស អត្ថបទរបស់សាស្ត្រាចារ្យ Sakhuja បានសង្កត់ធ្ងន់លើតួនាទីនៃកិច្ចសហប្រតិបត្តិការវិនិយោគជាយុទ្ធសាស្ត្រ ដោយបានបង្ហាញពីផែនការវិនិយោគចំនួន ១.២ ពាន់លានដុល្លារអាមេរិករបស់ VinFast ដើម្បីសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅឥណ្ឌូនេស៊ី។

គម្រោងនេះមិនត្រឹមតែមានសារៈសំខាន់ផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានចាត់ទុកថាជានិមិត្តរូបនៃការកើនឡើងនៃបច្ចេកវិទ្យាបៃតង និងនវានុវត្តន៍របស់វៀតណាម ខណៈពេលដែលស្របនឹងការផ្លាស់ប្តូរថាមពល និងទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ឥណ្ឌូនេស៊ីផងដែរ។

ក្នុងនាមជាអ្នកជំនាញសន្តិសុខសមុទ្រ លោកសាស្ត្រាចារ្យ Sakhuja យកចិត្តទុកដាក់ជាពិសេសចំពោះកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខរវាងវៀតណាម និងឥណ្ឌូនេស៊ី។ ប្រទេសទាំងពីរចែករំលែកចក្ខុវិស័យនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដ៏សេរី និងបើកចំហរមួយ ដោយផ្អែកលើច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ត្រូវបានចាត់ទុកថាជាមូលដ្ឋានគ្រឹះផ្នែកច្បាប់ស្នូល។

ការបញ្ចប់ការចរចាលើការកំណត់ព្រំដែននៃតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) រវាងប្រទេសទាំងពីរត្រូវបានគេមើលឃើញថាជាភស្តុតាងច្បាស់លាស់នៃការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហារសើបដោយសន្តិវិធី ដោយរួមចំណែកជាវិជ្ជមានដល់ការរក្សាស្ថិរភាព និងសណ្តាប់ធ្នាប់នៅសមុទ្រចិនខាងត្បូង។

នៅកម្រិតទូលំទូលាយជាងនេះ វៀតណាម និងឥណ្ឌូនេស៊ីសុទ្ធតែជាសមាជិកស្នូលរបស់អាស៊ាន ដោយចែករំលែកការទទួលខុសត្រូវក្នុងការរក្សាឯកភាពផ្ទៃក្នុង និងតួនាទីមជ្ឈភាពរបស់អាស៊ាន ចំពេលមានការប្រកួតប្រជែងជាយុទ្ធសាស្ត្រកាន់តែខ្លាំងឡើងក្នុងចំណោមមហាអំណាចធំៗ។

យោងតាម  សាស្ត្រាចារ្យ Sakhuja អះអាងថា កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងទីក្រុងហាណូយ និងទីក្រុងហ្សាកាតា គឺមានសារៈសំខាន់ណាស់ក្នុងការបង្កើតសំឡេងរួមសម្រាប់អាស៊ីអាគ្នេយ៍នៅក្នុងវេទិកាតំបន់ និងពិភពលោក។

អ្នកនិពន្ធកត់សម្គាល់ថា បន្ទាប់ពីរយៈពេល ៧០ ឆ្នាំរួមដំណើរគ្នា វៀតណាម និងឥណ្ឌូនេស៊ីឈានកំពុងចូលដល់ដំណាក់កាល នៃការអភិវឌ្ឍថ្មីនៅក្នុងទំនាក់ទំនងទ្វេភាគី។ ក្រៅពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទំនាក់ទំនងនេះឆ្លុះបញ្ចាំងពីតួនាទីដ៏លេចធ្លោកាន់តែខ្លាំងឡើងរបស់វៀតណាម និងឥណ្ឌូនេស៊ី ក្នុងនាមជា "មហាអំណាចកម្រិតមធ្យម" ដែលមានទំនួលខុសត្រូវ ចូលរួមក្នុងការបង្កើតរចនាសម្ព័ន្ធសន្តិសុខ និងសេដ្ឋកិច្ចរបស់តំបន់៕

បកប្រែដោយ Duy Hoan