ដោយចូលរួមជាមួយកិច្ចខិតខំប្រឹងប្រែងរួមរបស់បក្សទាំងមូល និងកងទ័ពទាំងមូល និងប្រជាជនទាំងមូល ក្នុងឆ្នាំ ២០២៥ វិស័យការបរទេសបានលើកកម្ពស់ស្មារតីទទួលខុសត្រូវខ្ពស់បំផុតក្នុងការអនុវត្តភារកិច្ចជាយុទ្ធសាស្ត្រ ដូចដែលលោកអគ្គលេខាបក្ស To Lam បានសង្កត់ធ្ងន់ថា ៖ "រក្សា បរិយាកាសសន្តិភាព  ស្ថិរភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន  គ្រប់យ៉ាងដើម្បីប្រជាជន" រួមចំណែកដល់ការលើកកម្ពស់កិត្យានុភាព និងកម្លាំងរបស់ប្រទេសជាតិដើម្បីឈានចូលយុគសម័យថ្មី។

រក្សាភាពម្ចាស់ការនៃយុទ្ធសាស្ត្រ

ការស្រាវជ្រាវ ការព្យាករណ៍ និងការផ្តល់យោបល់ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះបន្តបានយកចិត្ដទុកដាក់យ៉ាងខ្លាំង និងពង្រឹងឥតឈប់ឈរដែលរួមចំណែកដល់ការក្ដាប់ជាប់នូវស្ថានភាព រកឃើញឱកាសនិងបញ្ហាប្រឈម ធ្វើជាមូលដ្ឋានសម្រាប់ដាក់ចេញគោលការណ៍ និងគោលនយោបាយទាន់ពេលនិងមានប្រសិទ្ធភាព។ នៅចំពោះមុខការវិវឌ្ឍដ៏ស្មុគស្មាញនៃពិភពលោក វិស័យការបរទេសបានធ្វើរបាយការណ៍  និងផ្តល់យោបល់ជាយុទ្ធសាស្ត្រ  និងមានគោលនយោបាយសមស្របដើម្បីការពារនិងលើកកម្ពស់ផលប្រយោជន៍ជាតិ ដោយប្រកាន់ខ្ជាប់នូវគោលមាគ៌ារបស់បក្ស និងគោលនយោបាយរបស់រដ្ឋ និងបម្រើប្រកបដោយប្រសិទ្ធភាពនូវការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្ស  ការិយាល័យនយោបាយ គណៈលេខាមជ្ឈិមបក្ស ប្រចាំការនៃគណៈលេខាមជ្ឈិមបក្ស រដ្ឋាភិបាល និងរដ្ឋសភា។

leftcenterrightdel
លោក Le Hoai Trung រដ្ឋមន្ដ្រីក្រសួងការបរទេសថ្លែងក្នុងជំនួបជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥

ការស្រាវជ្រាវ និងការផ្តល់យោបល់លើកិច្ចការបរទេសបានរួមចំណែកដោយផ្ទាល់ដល់ការតាក់តែងគោលនយោបាយក្នុងវិស័យថ្មីៗ ដូចជាការធ្វើបរិវត្ដកម្មឌីជីថល ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចរង្វង់ ផ្លាស់ថ្មីនូវគំរូអភិវឌ្ឍ និងនវានុវត្តន៍ ការកំណត់អត្តសញ្ញាណ និងរកឃើញបញ្ហាប្រឈមសន្តិសុខប្រពៃណី និងមិនមែនប្រពៃណីតាំងពីឆាប់ និងពីចម្ងាយបានរួមចំណែកដល់ការរក្សាភាពម្ចាស់ការជាយុទ្ធសាស្ត្រ  មិនទុកឲ្យប្រទេសជាតិស្ថិតក្នុងភាពអសកម្ម និងជាយថហេតុកើតឡើង។

ពង្រឹងនិងពង្រីកទំនាក់ទំនងការបរទេស

ដោយអនុវត្តតាមគោលមាគ៌ាការបរទេសរបស់មហាសន្និបាតបក្សលើកទី១៣ ក្នុងឆ្នាំ២០២៥ កិច្ចការបរទេសទាំងទ្វេភាគី និងពហុភាគី សម្រេចបានលទ្ធផលសំខាន់ៗ និងមានប្រសិទ្ធភាពជាច្រើនដែលរួមចំណែកដល់ការពង្រឹងបរិយាកាសសន្តិភាពនិងស្ថិរភាព ឆ្លៀតយកអត្ថប្រយោជន៍ពីធនធាន និងលក្ខខណ្ឌអំណោយផលខាងក្រៅសម្រាប់ការអភិវឌ្ឍ និងលើកកម្ពស់កិត្យានុភាពរបស់ប្រទេសជាតិជាបន្តបន្ទាប់។

អំពីទំនាក់ទំនងទ្វេភាគី សកម្មភាពការបរទេសមានភាពរស់រវើក ជាពិសេសសកម្មភាពរបស់មេដឹកនាំបានបង្កើតក្របខ័ណ្ឌនយោបាយដ៏សំខាន់ និងចក្ខុវិស័យសម្រាប់ទំនាក់ទំនងទាំងនេះ។ តាមរយៈជំនួបកំពូល ការសន្ទនាគោលនយោបាយ និងការផ្លាស់ប្តូរទ្រឹស្តី ការបរទេសរបស់បក្សបានបញ្ជាក់ពីតួនាទីនៃការតម្រង់ទិសជាយុទ្ធសាស្ត្រក្នុងការពង្រឹងមូលដ្ឋានគ្រឹះនយោបាយ និងគាំទ្រយ៉ាងសកម្មដល់ទំនាក់ទំនងទ្វេភាគី។

ទំនាក់ទំនងជាមួយប្រទេសជិតខាងគឺជាចំណុចលេចធ្លោក្នុងកិច្ចការបរទេសដែលរួមចំណែកដល់ការយោគយល់គ្នាទៅវិញទៅមក  ការជឿទុកចិត្តខាងនយោបាយ លើកកម្ពស់តួនាទីស្នូលនៃកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ និងមានរបកគំហើញជាច្រើនក្នុងកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរវប្បធម៌ និងផ្លាស់ប្ដូរប្រជាជននិងប្រជាជន។

ការពង្រីកទំនាក់ទំនងជាមួយឡាវ កម្ពុជា និងចិនបានបន្ដបញ្ជាក់ពីសារៈសំខាន់ អត្ថន័យជាយុទ្ធសាស្ត្រ និងអាទិភាពកំពូលនៃទំនាក់ទំនងរបស់យើងជាមួយដៃគូជិតខាង។ ការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងការពារជាតិ សន្តិសុខ ការបរទេស មូលដ្ឋាននានា និងកងកម្លាំងដទៃទៀតបានរួមចំណែកដល់ការរក្សាខ្សែព្រំដែនសន្តិភាព និងមិត្តភាព និងរក្សាយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ព្រំដែន និងច្រកទ្វារព្រំដែនជាមួយប្រទេសទាំងនេះ។

ទំនាក់ទំនងជាមួយប្រទេសមហាអំណាច ដៃគូសំខាន់ៗ និងប្រទេសនានាក្នុងតំបន់កំពុងកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាព  ដោយទំនុកចិត្តជាយុទ្ធសាស្ត្រត្រូវបានពង្រឹង ដែលក្នុងនោះចំណុចសំខាន់ៗនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្ដកម្មឌីជីថល ថាមពល អប់រំ សុខាភិបាល និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី។ ទំនាក់ទំនងជាមួយប្រទេសមិត្តភក្តិប្រពៃណី និងប្រទេសនានានៅអឺរ៉ុប អាមេរិកឡាទីន មជ្ឈិមបូព៌ា-អាហ្វ្រិកនិងបណ្តាប្រទេសភាគខាងត្បូង បន្តអភិវឌ្ឍលើគ្រប់វិស័យ ។

នៅក្នុងទិដ្ឋភាពពហុភាគី យើងបន្តសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ស្របតាមសេចក្តីសម្រេចចិត្ដលេខ ៥៩ របស់ការិយាល័យនយោបាយស្តីពីការធ្វើសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី និងសេចក្តីណែនាំលេខ ២៥ របស់គណៈលេខាមជ្ឈិមបក្សស្តីពីការលើកកម្ពស់វិស័យការបរទេសពហុភាគី។ ក្នុងបរិបទដែលរបបពហុភាគីកំពុងប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន និងចំពោះមុខតម្រូវការនៃការច្នៃប្រឌិត និងកំណែទម្រង់ វៀតណាមបន្តបង្ហាញពីទំនុកចិត្ដ  ការទទួលខុសត្រូវនិងការប្តេជ្ញាចិត្តចំពោះពហុភាគីនិយម ដោយគោរពច្បាប់អន្តរជាតិ ចូលរួមយ៉ាងសកម្មនៅក្នុងសសរស្តម្ភនៃរបបពហុភាគី ជាពិសេសអាស៊ាន អង្គការសហប្រជាជាតិ APEC និងយន្តការអនុតំបន់ បន្តចូលរួមដោយការទទួលខុសត្រូវក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមដូចជា ការរក្សាសន្តិភាព ការស្វែងរក និងជួយសង្គ្រោះ ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ការធានាសន្តិសុខថាមពល និងសន្តិសុខស្បៀងអាហារ ព្រមទាំងផ្ដល់គំនិតផ្តួចផ្តើមដើម្បីបម្រើផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ និងតំបន់ៗល។

លើកកម្ពស់អំណាចទន់របស់ប្រទេសជាតិ

កិច្ចការបរទេសនៅឆ្នាំ ២០២៥ រួមចំណែកបង្កើនកម្លាំងរួមរបស់ប្រទេសជាតិតាមរយៈការលើកកម្ពស់អំណាចទន់ តម្លៃវប្បធម៌ និងស្មារតីមនុស្សធម៌ ដែលផ្សារភ្ជាប់ទៅនឹងបម្រើផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ យុទ្ធសាស្ត្រការទូតវប្បធម៌ដល់ឆ្នាំ ២០៣០ នឹងត្រូវបានអនុវត្តយ៉ាងសកម្ម ដោយមានសកម្មភាពសម្បូរបែបជាច្រើន ដូចជាការរៀបចំពិធីបុណ្យវិសាខបូជាព្រះពុទ្ធសាសនាដោយជោគជ័យ និងការជួបជុំ និងសប្តាហ៍វៀតណាមនៅឯបរទេស។ ការងារព័ត៌មានការបរទេសកាន់តែមានភាពម្ចាស់ការ មិនត្រឹមតែរួមចំណែកដល់ការផ្សព្វផ្សាយរូបភាពប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារគ្រឹះស្ថានសតិអារម្មណ៍របស់បក្ស និងផលប្រយោជន៍ជាតិនៅក្នុងបរិយាកាសព័ត៌មានដ៏ស្មុគស្មាញ និងព័ត៌មានចម្រុះផងដែរ។

កិច្ចខិតខំប្រឹងប្រែងក្នុងការគាំពារពលរដ្ឋត្រូវបានអនុវត្តទាន់ពេល និងមានប្រសិទ្ធភាពនៅក្នុងចំណុចក្ដៅ  ដូចជាអ៊ីស្រាអែល និងអ៊ីរ៉ង់ ឬ ស្ថានភាពស្មុគស្មាញនៅក្នុងប្រទេសមីយ៉ាន់ម៉ា ថៃ និងកម្ពុជា ដោយនាំពលរដ្ឋរាប់ពាន់នាក់ត្រឡប់មកមាតុភូមិវិញដោយសុវត្ថិភាព។ ទន្ទឹមនឹងនោះ ការទូតប្រជាជនបានដើរតួនាទីជាស្ពាន ពូនជ្រំចំណងមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក ដោយហេតុនេះបានកៀរគរការគាំទ្រដ៏មានតម្លៃពីប្រជាជន​ជឿនលឿននៅជុំវិញពិភពលោក និងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងការបរទេសរបស់ប្រទេសជាតិ។

កសាងវិស័យការទូតប្រកបដោយគ្រប់ជ្រុងជ្រោយ​ទំនើប និងវិជ្ជាជីវៈ

នៅឆ្នាំ២០២៥ វិស័យការទូតបានអនុវត្តយ៉ាងបន្ទាន់ និងម៉ឺងម៉ាត់នូវការរៀបចំ រចនាសម្ព័ន្ធឡើងវិញ រៀបចំក្បាលម៉ាស៊ីន ឆ្ពោះទៅរកប្រតិបត្តិការដែលមានប្រសិទ្ធភាព។ យន្តការសម្របសម្រួលរវាងសសរស្តម្ភទាំងបីគឺការទូតបក្ស - ការទូតរដ្ឋ និងការទូតប្រជាជន - រួមជាមួយនឹងការផ្សារភ្ជាប់ទៅនឹងការទូតការពារជាតិ និងនគរបាល និងក្រសួង និងស្ថាប័នពីថ្នាក់មជ្ឈិមដល់មូលដ្ឋានកាន់តែមានភាពរលូន ស៊ីសង្វាក់គ្នា និងមានប្រសិទ្ធភាព ដែលជួយតាក់តែងគោលនយោបាយយ៉ាងឆាប់រហ័ស និងមានគុណភាពខ្ពស់ជាងមុន។ 

ការបណ្តុះបណ្តាល និងបំប៉នជំនាញដល់កម្មាភិបាលត្រូវបានផ្លាស់ថ្មីទាំងផ្នត់គំនិត វិធីសាស្រ្ត  និងការចាត់តាំង   ការកសាងក្រុមជួរកម្មាភិបាលមានសមត្ថភាពវិជ្ជាជីវៈ គោរពវិន័យ ស្មោះត្រង់ដាច់ខាតចំពោះបក្ស មាតុភូមិ និងប្រជាជន។ ការធ្វើទំនើបកម្មសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើបរិវត្ដកម្មឌីជីថលក្នុងកិច្ចការបរទេសក៏ត្រូវបានជំរុញយ៉ាងខ្លាំង បង្កើតមូលដ្ឋានសម្រាប់កសាងវិស័យការបរទេសវៀតណាមប្រកបដោយគ្រប់ជ្រុងជ្រោយ ទំនើប និងវិជ្ជាជីវៈក្នុងយុគសម័យថ្មី។

សមិទ្ធផលទាំងនេះបានមកពីតួនាទីដឹកនាំរបស់បក្ស  ការិយាល័យនយោបាយ និងលោកអគ្គលេខាបក្ស To Lam រួមទាំងការអនុវត្តព្រមៗគ្នា និងច្នៃប្រឌិតនៃគោលមាគ៌ា និងគោលនយោបាយរបស់បក្ស និងរដ្ឋ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង និងការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល កម្មាភិបាលការបរទេសរបស់ក្រសួង ស្ថាប័ន មូលដ្ឋាន ប្រជាជន អង្គភាពអាជីវកម្ម និងការគាំទ្រពីមិត្តភក្តិ និងដៃគូអន្តរជាតិ៕

បកប្រែដោយ Pham Diep