ពិធីរំលឹកខួបលើកទី ៧៥ នៃទិវាបង្កើតគណៈកម្មាធិការសន្តិភាពវៀតណាម
កប.អនឡាញ - នៅរសៀលថ្ងៃទី ៣០ ខែធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការសន្តិភាពវៀតណាមបានប្រារព្ធទិវារំលឹកខួបលើកទី ៧៥ នៃទិវាបង្កើតរបស់ខ្លួន។
    |
 |
|
លោក Uong Chu Luu ប្រធានគណៈកម្មាធិការសន្តិភាពវៀតណាម ថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍ |
ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោក Uong Chu Luu បានរំលឹកឡើងវិញនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រឆ្នាំ ១៩៥០ នៅពេលដែលគណៈកម្មាធិការសន្តិភាពវៀតណាមត្រូវបានបង្កើតឡើងក្នុងការតស៊ូដ៏យូរអង្វែងនិងលំបាក ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានអាណានិគមបារាំង ការពារឯករាជ្យដែលទើបទទួលបានបន្ទាប់ពីបដិវត្តន៍ខែសីហា ឆ្នាំ១៩៤៥។
ក្នុងរយៈពេលជាង ៧៥ ឆ្នាំនៃការកសាង និងរីកចម្រើននោះ គណៈកម្មាធិការសន្តិភាពវៀតណាមបានរួមចំណែកយ៉ាងសំខាន់ និងយូរអង្វែង ដោយបន្សល់ទុកនូវភាពលេចធ្លោ និងជ្រាលជ្រៅលើប្រវត្តិសាស្ត្រនៃការទូតប្រជាជនវៀតណាម។ ក្នុងអំឡុងពេលនៃការតស៊ូរំដោះជាតិ គណៈកម្មាធិការសន្តិភាពវៀតណាមបានក្លាយជារណសិរ្សការទូតដ៏សំខាន់មួយ ចូលរួមយ៉ាងសកម្មក្នុងចលនាសន្តិភាពពិភពលោក ថ្កោលទោសសង្គ្រាមឈ្លានពាន ចលនាប្រជាជនជឿនលឿននិងស្រឡាញ់សន្តិភាពនៅជុំវិញពិភពលោក និងចលនាអង្គការអន្តរជាតិដើម្បីគាំទ្រការតស៊ូប្រយុទ្ធប្រកបដោយយុត្តិធម៌របស់ប្រជាជនវៀតណាម។
នៅក្នុងសម័យសន្តិភាព បង្រួបបង្រួមជាតិ និងផ្លាស់ប្តូរថ្មី គណៈកម្មាធិការសន្តិភាពវៀតណាមបន្តបញ្ជាក់ពីតួនាទីរបស់ខ្លួនជាសមាជិកសកម្ម និងមានទំនួលខុសត្រូវនៃចលនាសន្តិភាពពិភពលោក រួមចំណែកដល់ការពង្រឹងបរិយាកាសសន្តិភាព លើកកម្ពស់មិត្តភាព កិច្ចសហប្រតិបត្តិការ និងការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជនវៀតណាម និងប្រជាជននៃប្រទេសដទៃទៀត។
គណៈកម្មាធិការសន្តិភាពវៀតណាមបានតស៊ូដោយឥតឈប់ឈរដើម្បីតម្លៃសកលដូចជាសិទ្ធិរស់នៅក្នុងសន្តិភាព សិទ្ធិមនុស្ស យុត្តិធម៌ សមភាព និងប្រឆាំងនឹងសង្គ្រាម ការប្រណាំងប្រជែងសព្វាវុធ និងអាវុធមហាប្រល័យ ក្នុងពេលជាមួយគ្នានេះ រួមចំណែកដល់ការការពារផលប្រយោជន៍ស្របច្បាប់របស់វៀតណាមនៅលើឆាកអន្តរជាតិដោយសន្តិវិធី ការសន្ទនា និងកិច្ចសហប្រតិបត្តិការ។
    |
 |
|
ប្រតិភូចូលរួមព្រឹត្តិការណ៍ |
យោងតាមលោក Uong Chu Luu ក្នុងរយៈពេល ៧៥ ឆ្នាំ នៃប្រតិបត្តិការរបស់ខ្លួន គណៈកម្មាធិការសន្តិភាពវៀតណាមបានទាញយកមេរៀនដ៏ជ្រាលជ្រៅ និងមានតម្លៃជាច្រើន។ ទីមួយ ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលដៅ និងគោលការណ៍ នៃសន្តិភាពដែលភ្ជាប់ទៅនឹងឯករាជ្យជាតិ និងសង្គមនិយម។ ទីពីរអនុវត្តយ៉ាងជាប់លាប់គោលនយោបាយការបរទេសរបស់បក្ស និងរដ្ឋ ដោយរួមបញ្ចូលគ្នាយ៉ាងជិតស្និទ្ធនូវការទូតប្រជាជនជាមួយនឹងការទូតបក្ស និងការទូតរដ្ឋ ដើម្បីបង្កើតកម្លាំងដ៏ទូលំទូលាយមួយនៅក្នុងកិច្ចការបរទេសរបស់វៀតណាម។ ទីបី យកប្រជាជនជាមូលដ្ឋាន និងសាមគ្គីភាពអន្តរជាតិជាកម្លាំង។ ជាចុងក្រោយ បន្តផ្លាស់ប្តូរថ្មីខ្លឹមសារ និងវិធីសាស្រ្តនៃប្រតិបត្តិការរបស់ខ្លួន ដោយសម្របខ្លួនទៅនឹងបរិបទអន្តរជាតិដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងស្មុគស្មាញ ខណៈពេលដែលលើកកម្ពស់តួនាទីរបស់បញ្ញវន្ត យុវជន និងកម្លាំងសង្គមក្នុងសកម្មភាពសន្តិភាព។
នៅក្នុងបរិបទនៃពិភពលោកដែលកំពុងមានការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ ឆាប់រហ័ស ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន គណៈកម្មាធិការសន្តិភាពវៀតណាមនឹងផ្តោតលើការពង្រឹងការងារផ្សព្វផ្សាយព័ត៌មានអំពីកិច្ចការបរទេស ពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គការសន្តិភាព អង្គការសង្គម និងអង្គការយុវជនទាំងក្នុងស្រុក និងអន្តរជាតិ ដោយសង្កត់ធ្ងន់លើការងារបណ្តុះបណ្តាល បំប៉ន់ជួរកម្មាភិបាលបន្តវេន និងលើកកម្ពស់ការអនុវត្តបច្ចេកវិទ្យាដើម្បីបង្កើនប្រសិទ្ធភាពនៃការស្រាវជ្រាវ ការព្យាករណ៍ និងការផ្តល់ប្រឹក្សាយោបល់ រួមចំណែកដល់ការការពារផលប្រយោជន៍ជាតិនៅក្នុងបរិបទថ្មី៕
បកប្រែដោយ Duy Hoan