leftcenterrightdel
លោកឯកអគ្គរដ្ឋទូតរុស្ស៊ី Bezdetko នៅក្នុងសន្និសីទសារព័ត៌មាន

មានប្រសាសន៍​នៅក្នុងសន្និសីទសារព័ត៌មាន លោក G.S. Bezdetko ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម បានអះអាងថា ឆ្នាំ ២០២៥ នឹងក្លាយជាឆ្នាំដ៏សម្បូរបែប ជាមួយនឹងព្រឹត្តិការណ៍ជាច្រើននៅកម្រិតផ្សេងៗគ្នា ដែលកត់សម្គាល់ដោយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដូចជា ខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី ខួបលើកទី ៥០ នៃការរំដោះភាគខាងត្បូង និងការបង្រួបបង្រួមវៀតណាម និងខួបលើកទី ៨០ នៃជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមា។ ទំនាក់ទំនងរវាងវៀតណាម និងរុស្ស៊ី កំពុងត្រូវបានពង្រឹងឥតឈប់ឈរ ដោយផ្អែកលើទំនុកចិត្តនយោបាយ និងការសន្ទនាដ៏មានភាពជាក់ស្តែងនៅគ្រប់កម្រិត។

លោកឯកអគ្គរដ្ឋទូត G.S. Bezdetko បានសង្កត់ធ្ងន់ថា មូលដ្ឋានគ្រឹះសំខាន់សម្រាប់រឿងនេះគឺការសន្ទនាជាប្រចាំ និងជាក់ស្តែងនៅគ្រប់កម្រិតទាំងអស់ រួមទាំងកម្រិតខ្ពស់បំផុត ដែលបង្កើតជាកម្លាំងចលករដ៏រឹងមាំសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការពហុវិស័យរវាងរុស្ស៊ី និងវៀតណាម។

នៅក្នុងសន្និសីទសារព័ត៌មាន តំណាងរុស្ស៊ីបានឆ្លើយសំណួរជាច្រើនពីអ្នកយកព័ត៌មានអំពីផែនការសម្រាប់ឆ្នាំ ២០២៦ រួមទាំងការរៀបចំសម្រាប់ដំណើរទស្សនកិច្ចកម្រិតខ្ពស់ និងការរំពឹងទុកនៃការផ្គត់ផ្គង់វ៉ាក់សាំងមហារីកថ្មីរបស់រុស្ស៊ីទៅកាន់ទីផ្សារវៀតណាម។

លោកឯកអគ្គរដ្ឋទូត Bezdetko បានសម្តែងទំនុកចិត្តថា វៀតណាមនឹងចូលដល់ដំណាក់កាលថ្មីនៃការអភិវឌ្ឍជាមួយនឹងសមិទ្ធផលដ៏អស្ចារ្យ ហើយរុស្ស៊ីនឹងតែងតែជាដៃគូដែលជឿទុកចិត្ត ដោយត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រវៀតណាមក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ដូចជា ការផ្លាស់ប្តូរឌីជីថល សន្តិសុខតាមអ៊ីនធឺណិត និងថាមពលនុយក្លេអ៊ែរសម្រាប់គោលបំណងសន្តិភាព។

ទាក់ទងនឹងថាមពលនុយក្លេអ៊ែរ លោកឯកអគ្គរដ្ឋទូតបានថ្លែងថា គម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ Ninh Thuan-1 កំពុងត្រូវបានពិភាក្សាយ៉ាងសកម្មដោយភាគីទាំងពីរ។

បញ្ចប់សន្និសីទសារព័ត៌មាន លោកឯកអគ្គរដ្ឋទូតរុស្ស៊ី Bezdetko បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថាប័ននានារបស់វៀតណាមដែល​បាន​រគាំទ្រក្នុងការរៀបចំព្រឹត្តិការណ៍ផ្លាស់ប្តូរនានា​ប្រកបដោយជោគជ័យក្នុងរយៈពេលមួយឆ្នាំកន្លងមក ព្រមទាំងសន្យាថានឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងសន្តិភាពនៅក្នុងតំបន់៕

បកប្រែដោយ Duy Hoan