ចាប់តាំងពីវៀតណាម និងអាល្លឺម៉ង់បានបង្កើតទំនាក់ទំនងការទូតកាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ១៩៧៥ មក ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីបានអភិវឌ្ឍយ៉ាងវិជ្ជមាន កាន់តែទូលំទូលាយ មានប្រសិទ្ធភាព លើគ្រប់វិស័យ។ ភាគីទាំងពីររក្សាការជួបជុំ និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់។ ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់ (ខែតុលា ឆ្នាំ ២០១១) ប្រទេសទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទីក្រុងហាណូយស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ដែលកំណត់គោលដៅនិងវិធានការជាក់លាក់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព។ ប្រទេសទាំងពីរសម្របសម្រួលយ៉ាងជិតស្និទ្ធនៅអង្គការអន្តរជាតិ និងយន្តការពហុភាគី ដូចជាអង្គការសហប្រជាជាតិ និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប (EU)។ល។

ខណៈពេលដែលកិច្ចសហប្រតិបត្តិការលើគ្រប់បណ្តាញរបស់បក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភា រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យឯកទេសផ្សេងទៀតត្រូវបានលើកកម្ពស់ដោយឥតឈប់ឈរនោះ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចគឺជាចំណុចភ្លឺមួយនៃទំនាក់ទំនងវៀតណាម-អាល្លឺម៉ង់។ អស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា អាល្លឺម៉ង់គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់វៀតណាមក្នុង EU ព្រមទាំងជាច្រកបង្អែកដ៏សំខាន់សម្រាប់ទំនិញវៀតណាមទៅកាន់ទីផ្សារផ្សេងទៀតនៅអឺរ៉ុប។ នៅឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មនាំចូល-នាំចេញ រវាងប្រទេសទាំងពីរសម្រេចបានជាង ១១ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះវៀតណាមនាំចេញទៅអាល្លឺម៉ង់ចំនួន ៧.៤ ពាន់លានដុល្លារអាមេរិក និងនាំចូលមកប្រទេសមាន ៣.៦៨៦ ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្នមានអង្គភាពអាជីវកម្មអាល្លឺម៉ង់ជាង ៣៥០ ដែលកំពុងប្រតិបត្តិការនៅវៀតណាមលើវិស័យជាច្រើនដូចជា៖ ឧបករណ៍វេជ្ជសាស្ត្រ ឧស្ម័នប្រេងរាវសម្រាប់លោហធាតុ យានយន្ត ការផលិតម៉ាស៊ីន ធនាគារ ធានារ៉ាប់រង។ល។ គិតមកដល់ខែឧសភា ឆ្នាំ២០២៣ អាល្លឺម៉ង់មានគម្រោងជាធរមានចំនួន ៤៤៤  ដោយមានទុនវិនិយោគចុះបញ្ជីសរុបជាង ២.៣៦ ពាន់លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងចំណោមប្រទេស និងដែនដីចំនួន ២៤ នៅសហភាពអឺរ៉ុប និងជាប់ចំណាត់ថ្នាក់លេខ១៨ ក្នុងចំណោមប្រទេស និងដែនដីចំនួន ១៤៣ ដែលវិនិយោគនៅវៀតណាម។ ទន្ទឹមនឹងនោះ អង្គភាពអាជីវកម្មវៀតណាមមានគម្រោងវិនិយោគជាធរមានចំនួន ១១ នៅអាល្លឺម៉ង់ ដោយមានទុនវិនិយោគសរុបជាង ៣០.៩៥ លានដុល្លារអាមេរិក។

leftcenterrightdel
លោក Frank-Walter Steinmeier ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោកជំទាវ (រូបថត៖ vnanet.vn)

ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៩០ រហូតមកដល់បច្ចុប្បន្ន អាល្លឺម៉ង់បានផ្តល់ ODA មានតម្លៃជាង ២ ពាន់លានដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធ្វើសមាហរណកម្មអន្តរជាតិ។ អាល្លឺម៉ង់កំណត់អាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យជាច្រើនដូចជា៖ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការការពារធនធានធម្មជាតិ ថាមពលកកើតឡើងវិញ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការថែទាំសុខភាព។ កាលពីឆ្នាំ២០២០ វៀតណាមត្រូវបានចាត់ថ្នាក់ជា "ដៃគូសកល" ក្នុងយុទ្ធសាស្ត្រសហប្រតិបត្តិការអភិវឌ្ឍន៍ដល់ឆ្នាំ ២០៣០ (BMZ 2030) របស់អាល្លឺម៉ង់។ នៅការចរចាថ្នាក់រដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វៀតណាម-អាល្លឺម៉ង់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ រដ្ឋាភិបាលអាល្លឺម៉ង់បានបន្តផ្តល់ទុន ODA ដល់វៀតណាមដោយមានទឹកប្រាក់ជាង ១៤៣.៥ លានអឺរ៉ូក្នុងដំណាក់កាល ២០២២-២០២៣។

ក្នុងការអភិវឌ្ឍរួមនៃទំនាក់ទំនងវៀតណាម-អាល្លឺម៉ង់ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ។ មុនដំណើរទស្សនកិច្ចរបស់លោក Olaf Scholz អធិការបតីអាល្លឺម៉ង់ ទៅកាន់វៀតណាមកាលពីខែវិច្ឆិកា ឆ្នាំ ២០២២ ក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិអាល្លឺម៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី បន្ទាប់ពីការចរចាអស់រយៈពេលជាង ១០ ឆ្នាំ។ ការចុះហត្ថលេខានេះបញ្ជាក់ពីការអភិវឌ្ឍដ៏សំខាន់ក្នុងទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិនៃប្រទេសទាំងពីរ បង្កើតក្របខ័ណ្ឌជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ការចែករំលែកបញ្ហាយុទ្ធសាស្ត្រដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ការបណ្តុះបណ្តាល ពេទ្យយោធា ការរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងវិស័យផ្សេងៗទៀត តាមការព្រមព្រៀងរបស់ភាគីទាំងពីរ។

ទាក់ទងនឹងការអប់រំ និងបណ្តុះបណ្តាល នាពេលបច្ចុប្បន្នមាននិស្សិតវៀតណាមថ្នាក់ក្រោយឧត្តមសិក្សាប្រមាណ ៣០០ នាក់ទទួលបានអាហារូបករណ៍ស្រាវជ្រាវនៅអាល្លឺម៉ង់ ហើយមាននិស្សិតវៀតណាមប្រមាណ ៧,៥០០ នាក់កំពុងសិក្សានៅសកលវិទ្យាល័យនានារបស់អាល្លឺម៉ង់។ ជាពិសេស សាកលវិទ្យាល័យ  វៀតណាម-អាល្លឺម៉ង់ នៅទីក្រុងហូជីមិញប្រទេសវៀតណាម បានចាត់ទុកថាជាគម្រោងដ៏សំខាន់មួយរបស់ប្រទេសទាំងពីរ ដែលប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព រួមចំណែកបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់វៀតណាម។ មកទល់ពេលនេះ វៀតណាមបានបញ្ជូនពលករជាង ២,៥០០ នាក់ ទៅបណ្តុះបណ្តាល និងធ្វើការជាគិលានុបដ្ឋាយិកានៅអាល្លឺម៉ង់។

ទន្ទឹមនឹងនោះ ប្រទេសទាំងពីរក៏បានពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យយុត្តិធម៌ ច្បាប់ វប្បធម៌ ទេសចរណ៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ល។ សហគមន៍អាណិកជនវៀតណាមនៅអាល្លឺម៉ង់បច្ចុប្បន្នមានប្រហែល ២០០,០០០ នាក់ ដែលរួមចំណែកជាវិជ្ជមានជាច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់អាល្លឺម៉ង់ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោកជំទាវបង្ហាញថា អាល្លឺម៉ង់យកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់ពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម ក៏ដូចជាវាយតម្លៃខ្ពស់ចំពោះតួនាទី និងកិត្យានុភាពអន្តរជាតិរបស់វៀតណាម។ ដំណើរទស្សនកិច្ចនេះ រួមចំណែកបង្កើនការយល់ដឹង ការជឿទុកចិត្តផ្នែកនយោបាយ និងបង្កើតកម្លាំងចលករថ្មី ពង្រឹងសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត។ យើងជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Frank-Walter Steinmeier និងលោកជំទាវ នឹងទទួលបានជោគជ័យ រួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់ ឲ្យកាន់តែស៊ីជម្រៅថែមទៀត នាំទំនាក់ទំនងនៃប្រទេសទាំងពីរឡើងដល់ដំណាក់កាលថ្មី ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

បកប្រែដោយ Huyen Trang