អ្នកយកព័ត៌មាន៖ ឯកអគ្គរដ្ឋទូតជាទីគោរព តើលោកវាយតម្លៃយ៉ាងដូមម្ដេចចំពោះការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរវាង​វៀត​ណាម និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នាពេលថ្មីៗនេះ ជាពិសេសចាប់តាំងពីដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់លោក Olaf Scholz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ កាលពីខែវិច្ឆិកា ឆ្នាំ២០២២?

លោកឯកអគ្គរដ្ឋទូត Vu Quang Minh៖ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ កាន់តែស៊ីជម្រៅលើវិស័យជាច្រើន ជាពិសេសចាប់តាំងពីដំណើរទស្សនកិច្ចផ្លូវការរបស់លោក Olaf Scholz នាយករដ្ឋមន្ត្រីសហព័ន្ធអាល្លឺម៉ង់ កាលពីខែវិច្ឆិកា ឆ្នាំ ២០២២។

ការទុកចិត្តខាងនយោបាយបន្តត្រូវបានពង្រឹងតាមរយៈកិច្ចប្រជុំថ្នាក់ខ្ពស់ជាច្រើន និងគ្រប់លំដាប់ថ្នាក់។ អាល្លឺម៉ង់នៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមនៅសហភាពអឺរ៉ុប (EU) ហើយវៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាល្លឺម៉ង់ នៅអាស៊ីអាគ្នេយ៍។

leftcenterrightdel
លោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (រូបថត៖ vnanet.vn)

ជាពិសេសគឺភាគីទាំងពីរបានមានវិវឌ្ឍនភាពថ្មីៗជាច្រើន ដើម្បីបន្តពង្រឹងទំនុកចិត្តក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ រួមទាំងការអនុវត្តប្រកបដោយជោគជ័យនូវផែនការសកម្មភាពដើម្បីដាក់ពង្រាយភាពជាដៃគូយុទ្ធសាស្ត្រក្នុងដំណាក់កាលនីមួយៗ ហើយថ្មីៗនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីផែនការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រដំណាក់កាល ២០២៣ ដល់ឆ្នាំ២០២៥ និងចុះហត្ថលេខានិងអនុវត្តក្របខណ្ឌកិច្ចសហប្រតិបត្តិការថ្មីមួយចំនួនដូចជាអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ... ព្រមទាំងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់។ 

យើងក៏មានសេចក្តីសោមនស្សរីករាយដោយឃើញថា លទ្ធផលសំខាន់ៗជាច្រើនក្នុងវិស័យការទូត វប្បធម៌ កិច្ចការបរទេស និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជនដោយមានសកម្មភាពជាច្រើនដែលបានរៀបចំនៅក្នុងប្រទេសទាំងពីរ។

អ្នកយកព័ត៌មាន៖ ជាមួយនឹងការវិវឌ្ឍនភាពគួរឱ្យកត់សម្គាល់បែបនេះ តើឯកអគ្គរដ្ឋទូតវាយតម្លៃយ៉ាងដូចម្ដេចនូវអត្ថន័យ និងសារសំខាន់នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Frank-Walter Steinmeier ប្រធានាធិបតីសហព័ន្ធអាល្លឺម៉ង់ ទៅកាន់ប្រទេសវៀតណាម?

លោកឯកអគ្គរដ្ឋទូត Vu Quang Minh៖ ដំណើរទស្សនកិច្ចដ៏សំខាន់នេះរបស់លោក Frank-Walter Steinmeier ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោកជំទាវ ធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងទ្វេភាគីកំពុងបន្តកាន់តែស៊ីជម្រៅ និងមានការអភិវឌ្ឍន៍ជាច្រើនលើវិស័យ។ ហើយកាន់តែមានន័យថែមទៀតនៅពេលដែលដំណើរទស្សនកិច្ចនៅក្រៅប្រទេសលើកដំបូងរបស់ប្រធានាធិបតី Frank-Walter Steinmeier ក្នុងឆ្នាំ ២០២៤ ហើយក៏ជាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់លើកដំបូងរវាងប្រទេសទាំងពីរក្នុងឆ្នាំថ្មី  ២០២៤ ដែលជាឆ្នាំមូលដ្ឋានឆ្ពោះទៅរកខួប ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត​ឆ្នាំ ២០២៥។ នេះក៏ជាដំណើរទស្សនកិច្ចលើកទី ២ របស់ប្រធានាធិបតីអាល្លឺម៉ង់ទៅកាន់ប្រទេសវៀតណាមក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងរវាងប្រទេសទាំងពីរចាប់តាំងពីអាល្លឺម៉ង់បង្រួបបង្រួមជាតិ។ សូមបញ្ជាក់ថា កាលពី ១៧ ឆ្នាំមុន លោក Horst Kohler ប្រធានាធិបតីសហព័ន្ធអាល្លឺម៉ង់ បានទៅបំពេញទស្សនកិច្ចនៅវៀតណាមនៅខែឧសភា ឆ្នាំ ២០០៧។

អ្នកយកព័ត៌មាន៖ សូមលោកឯកអគ្គរដ្ឋទូតឲ្យដឹងថា តើខ្លឹមសារលេចធ្លោក្នុងដំណើរទស្សនកិច្ចនេះ?

លោកឯកអគ្គរដ្ឋទូត Vu Quang Minh៖ តាមកម្មវិធី លោកប្រធានាធិបតី Frank-Walter Steinmeier នឹងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាម ដើម្បីពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតលើវិស័យជាច្រើន ក៏ដូចជារាល់បញ្ហាដែលភាគីទាំងពីរយកចិត្ដទុកដាក់លើឆាកអន្តរជាតិ។

ខ្លឹមសារសំខាន់មួយចំនួននៃដំណើរទស្សនកិច្ចនេះគឺជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ តាមការគ្រោងទុកនឹងមានការពិភាក្សារវាងគណៈប្រតិភូធុរកិច្ចដែលអមដំណើរលោកប្រធានាធិបតីជាមួយអង្គភាពធុរកិច្ចអាល្លឺម៉ង់ដែលកំពុងធ្វើអាជីវកម្មនៅវៀតណាម។

បច្ចុប្បន្នវិស័យមួយដែលភាគីទាំងពីរចាប់អារម្មណ៍ខ្លាំងគឺកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលវិជ្ជាជីវៈ និងនាំកម្មករជំនាញវៀតណាមទៅធ្វើការនៅប្រទេសអាល្លឺម៉ង់ក្នុងបរិបទដែលប្រទេសអាល្លឺម៉ង់ខ្វះប្រភពពលកម្មយ៉ាងធ្ងន់ធ្ងរនេះ។ ដូច្នេះ រដ្ឋមន្ត្រីក្រសួងការងារ និងសង្គមអាល្លឺម៉ង់គឺជារដ្ឋមន្ត្រីតែមួយគត់ដែលបានអមដំណើរប្រធានាធិបតី រួមជាមួយនឹងសមាជិកសភាមួយចំនួនដែលជារដ្ឋលេខាធិការក្រសួង និងស្ថាប័នផងដែរ។ តាមការគ្រោងទុក រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម និងរដ្ឋមន្ត្រីក្រសួងការងារនិងសង្គមអាល្លឺម៉ង់ នឹងចុះហត្ថលេខាលើលិខិតចេតនាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងាររវាងប្រទេសទាំងពីរក្នុងដំណើរទស្សនកិច្ចនេះ។

លើសពីនេះ លោកប្រធានាធិបតី និងគណៈប្រតិភូនឹងទៅទស្សនា និងពិនិត្យគម្រោងមួយចំនួនរបស់អាល្លឺម៉ង់នៅទីក្រុង​ហូជីមិញ និងតំបន់ជុំវិញនាពេលថ្មីៗនេះ ដូចជាផ្ទះអាល្លឺម៉ង់ សាកលវិទ្យាល័យវៀតណាម-អាល្លឺម៉ង់ ឬ ផ្លូវរថភ្លើងក្រោមដីលេខ ២។ ទន្ទឹមនឹងនោះ ដំណើរទស្សនកិច្ចនេះនឹងមានសកម្មភាពការទូតវប្បធម៌ និងការទូតប្រជាជនមួយចំនួនទៀតផង៕

អ្នកយកព័ត៌មាន៖ សូមអរគុណលោកឯកអគ្គរដ្ឋទូត៕

បកប្រែដោយ Pham Diep