ថ្លែងមតិក្នុងពិធីបើក និងបង្ហាញរបាយការណ៍ជាតិរបស់វៀតណាម លោក Do Hung Viet អនុរដ្ឋមន្ត្រី បានអះអាងនូវគោលនយោបាយឥតងាករេរបស់វៀតណាមលើការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស។ ដោយមានគោលការណ៍ប្រកាន់យកប្រជាជនជាស្នូល ជាគោលដៅ និងកម្លាំងចលករនៃដំណើរការនវានុវត្តន៍ និងអភិវឌ្ឍប្រទេសជាតិ វៀតណាមបានងើបចេញពីប្រទេសក្រីក្រក្លាយជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សនៅលើពិភពលោក ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ។ សិទ្ធិក្នុងការថែទាំសុខភាព ការអប់រំ សុខុមាលភាពសង្គម សេរីភាពខាងសាសនា និងជំនឿ សេរីភាពសារព័ត៌មាន អ៊ីនធឺណិត និងសមភាពយេនឌ័រ សុទ្ធតែកត់ត្រាការរីកចម្រើនយ៉ាងច្បាស់លាស់។ល។

leftcenterrightdel
លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេស ថ្លែងមតិក្នុងសម័យសន្ទនា (រូបថត៖ ក្រសួងការបរទេស)

ប្រទេសទាំងឡាយបានទទួលស្គាល់នូវគោលនយោបាយ កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់វៀតណាម ក្នុងការធានាសិទ្ធិមនុស្ស ហើយការដែលវៀតណាមតែងតែអនុវត្តយ៉ាងម៉ត់ចត់នូវអនុសាសន៍ដែល UPR បានអនុម័ត។ ប្រទេសជាច្រើនស្វាគមន៍ចំពោះសមិទ្ធផលដែលវៀតណាមសម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ធានាយុត្តិធម៌សង្គម ជំរុញការអប់រំដើម្បីលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិមនុស្ស លើកកម្ពស់សិទ្ធិស្ត្រី និងសិទ្ធិនៃក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្តូរភេទ សិទ្ធិជនជាតិភាគតិច។

គណៈប្រតិភូវៀតណាម បានអះអាងនូវអាទិភាពរបស់វៀតណាមក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនាពេលខាងមុខ រួមទាំងការកសាងនីតិរដ្ឋសង្គមនិយម កំណែទម្រង់រដ្ឋបាល និងជំរុញកិច្ចសន្ទនាយ៉ាងសកម្ម និងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្ស ពង្រឹងការអប់រំអំពីសិទ្ធិមនុស្ស។ល។ សម្រាប់មតិមួយចំនួន ដោយផ្អែកលើប្រភពដែលមិនបានផ្ទៀងផ្ទាត់នោះ គណៈប្រតិភូវៀតណាមបានឆ្លើយតប ផ្តល់ព័ត៌មានពិតប្រាកដ និងសង្កត់ធ្ងន់លើគោលការណ៍នៃការសន្ទនា កិច្ចសហប្រតិបត្តិការ និងការគោរពចំពោះភាពខុសគ្នា៕

បកប្រែដោយ Huyen Trang