ការគណនាខុស ការមើលស្រាលគូប្រកួតរបស់កងកម្លាំងបារាំង និងពួកអន្តរាគមន៍អាមេរិក

តាមការវាយតម្លៃរបស់អ្នកជំនាញយោធាបារាំង និងអាមេរិក កងទ័ពប្រជាជនវៀតណាមទំនងជាមិនអាចវាយប្រហារឈ្នះបានមូលដ្ឋានយោធារឹងមាំដូច Dien Bien Phu នោះទេ។ ម៉្យាងវិញទៀត ដោយសារតែកងទ័ពវៀតណាម នៅពេលនោះមិនមានមធ្យោបាយវាយប្រហារស្មើគ្នាដូចជាយន្តហោះ រថក្រោះ រថពាសដែក និងកងកម្លាំងការពារដែនអាកាសខ្លាំងគ្រប់គ្រាន់ដើម្បីការពារក្បួនប្រយុទ្ធទេ។ ថែមទាំង យុទ្ធនាការ Dien Bien Phu បានធ្វើឡើងក្នុងរយៈពេលដ៏យូរមួយ នៅលើតំបន់ភ្នំដ៏គ្រោះថ្នាក់មួយ ដែលឆ្ងាយពីសមរភូមិខាងក្រោយ។ ការធានាការដឹកជញ្ជូន និងការផ្គត់ផ្គង់ស្បៀងអាហារ សព្វាវុធ និងបរិក្ខារគឺពិបាកខ្លាំងណាស់... មន្ត្រីជាន់ខ្ពស់ជាច្រើននាក់នៃកងទ័ពបារាំង និងអាមេរិក នៅពេលនោះបានជំទាស់ថា៖ Dien Bien Phu គឺពិតជាមូលដ្ឋានយោធាដែលមិនអាចរំលោភបាន"... សូម្បីតែក្នុងសម័យសង្គ្រាមលោកលើកទីពីរក៏ដោយ កងទ័ពបារាំងក៏មិនដែលសាងសង់បាននូវប្រព័ន្ធការពារធំ និងខ្លាំងដូចនៅ Dien Bien Phu ទេ។

ដោយពឹងផ្អែកលើប្រព័ន្ធការពារដ៏រឹងមាំនៅក្នុងក្រុមមូលដ្ឋានយោធាដ៏រឹងមាំ Dien Bien Phu មេទ័ពបារាំង និងអាមេរិកបានមានការមើលស្រាល និងមើលងាយគូប្រជែងរបស់ពួកគេ។ ពួកគេបានគណនាយ៉ាងសាមញ្ញថា កម្លាំងកងជីវពល ធ្វើផ្លូវលំ ស្ពានរបស់វៀតណាម គឺមិនអាចប្រៀបធៀបបាននឹងស្ពានអាកាសទំនើបៗរបស់បារាំងទេ ឬថា "កងជីវពលម្នាក់ៗសែងទំនិញបានត្រឹម ៣០ គីឡូក្រាម និងកង់ដឹកបានទំនិញទម្ងន់ ១៥០ គីឡូក្រាម ពោលគឺត្រូវធ្វើដំណើរក្នុងមួយខែទើបទៅដល់ Dien Bien Phu… ឬឧបមាថាវាប្រើប្រាស់ឡានដឹកទំនិញ គឺត្រូវតែចំណាយពេល ៧ យប់ដើម្បីដឹកជញ្ជូនទំនិញ វាមិនអាចប្រៀបបានយន្តហោះប្រភេទ Dakota ទម្ងន់ ៥ តោនដែលហោះហើរពីទីក្រុងហាណូយទៅ Dien Bien Phu ក្នុងរយៈពេលត្រឹមតែមួយម៉ោងកន្លះ?

បារាំងមិនអាចនឹកស្មានដល់ថា ត្រឹមតែប្រើកម្លាំងមនុស្សទេ កងទ័ព និងប្រជាជនវៀតណាមក៏ដឹកជញ្ជូនស្បៀងអាហារបានរាប់ពាន់តោន និងមធ្យោបាយចាំបាច់ដើម្បីបំពេញតម្រូវការនៃយុទ្ធនាការនេះ។ ជាមួយនឹងចបកាប់ និងប៉ែលប៉ុណ្ណោះ "កងទ័ពវៀតណាមបានបង្កើតបានប្រព័ន្ធលេណដ្ឋាន និងផ្លូវរូងក្រោមដីដ៏ធំដែលឡោមព័ទ្ធ និងរឹតបន្តឹងមូលដ្ឋានយោធា Dien Bien Phu" រួមចំណែកយ៉ាងសំខាន់ដល់ជ័យជំនះដែលមេទ័ពបារាំងម្នាក់ក្រោយមកត្រូវទទួលស្គាល់ថាៈ "ប៉ែល និងចបនេះ ហើយគឺជាអាវុធដែលមានកម្លាំងដូចយន្តហោះ និងរថក្រោះ”។

leftcenterrightdel
គម្របសៀវភៅ “Vietnam: The ten thousand day war” (សង្រ្គាមមួយម៉ឺនថ្ងៃ) អ្នកនិពន្ធ Michael Maclear

វៀតណាមមានមាគ៌ានយោបាយ និងយោធា ត្រឹមត្រូវ មានអគ្គមគ្គុទ្ទេសក៍ដ៏មហិមាដឹកនាំ និងមានមេទ័ពដ៏ឆ្នើម

នៅក្នុងសៀវភៅ "Le temps des verites" (ពេលវេលានៃការពិត) លោកឧត្តមសេនីយ៍ Henri Navarre អគ្គមេបញ្ជាការនៃកងកម្លាំងបារាំងនៅឥណ្ឌូចិន បានទទួលស្គាល់ថា ការបរាជ័យរបស់បារាំងនៅ Dien Bien Phu គឺជាការដួលរលំនៃគំនិតអាណានិគម ដែលគឺបណ្តាលមកពីភាពផ្ទុយគ្នារវាងមាគ៌ានយោបាយ និងមាគ៌ាយោធា របស់រដ្ឋាភិបាលបារាំងកាលនោះ ជាមួយនិងមហាអំណាចអាណានិគម និងចក្រពត្តិនិយមនៅឥណ្ឌូចិន។ ទន្ទឹមនឹងនោះ គូប្រជែងរបស់គាត់មានមាគ៌ាតស៊ូរំដោះជាតិដែលរួបរួម ស៊ីសង្វាក់គ្នា និងហ្មត់ចត់រហូតក្នុងការតស៊ូ។ លោក Navarre បានអត្ថាធិប្បាយថា៖ “នៅវៀតមិញ មិនត្រឹមតែមានគោលការណ៍នយោបាយ និងយោធា ដាច់ដោយឡែកពីគ្នាទេ ប៉ុន្តែមានមាគ៌ានយោបាយ-មាគ៌ាយោធាឯកភាព។ គោលនយោបាយទាំងនោះត្រូវបានកំណត់ដោយគណៈកម្មាធិការកណ្តាល ដែលអគ្គមេបញ្ជាការ គឺជារដ្ឋមន្ត្រីក្រសួងការពារប្រទេសតែម្តងជាសមាជិក។

នៅក្នុងសៀវភៅ “Agonie de l'Indochine” លោក Navarre បានសារភាពថា “សង្រ្គាមឥណ្ឌូចិនមិនមែនជាសង្រ្គាមជាតិទេ។ ប៉ុន្តែវាគឺជាការបញ្ជូនកម្លាំងមកត្រួតត្រាពីចម្ងាយដាច់ស្រយាល ដែលអនុវត្តដោយកងទ័ពអាជីពមួយតែយើងមិនបានយល់ពីអត្ថន័យរបស់វា…”។

ក្រឡេកមើលទិដ្ឋភាពនៃសង្រ្គាមនៅឥណ្ឌូចិនឆ្នាំ ១៩៥៣-១៩៥៤ កាសែត Rivarol ចុះថ្ងៃទី ៨ ខែកក្កដា ឆ្នាំ១៩៥៤ បានសរសេរថា៖ “ស្មារតីរបស់កងទ័ពពួកគេឡើងខ្ពស់។ នោះហើយជាស្មារតីរបស់ភាគីឈ្នះ... ម្យ៉ាងវិញទៀតត្រូវតែអះអាងថា ប្រជាជនពិតជាស្រឡាញ់លោកប្រធានហូជីមិញ ប្រជាជនសុខចិត្តចាកចេញពីទីលំនៅដើម្បីទៅតាមហូជីមិញ និងវៀតមិញ។ ផ្ទុយទៅវិញ ស្មារតីរបស់កងទ័ពបារាំងប្រែប្រួលយ៉ាងខ្លាំង ពីព្រោះពួកគេគិតថា វៀតមិញប្រាកដជាឈ្នះ។

នៅក្នុងសៀវភៅ “Vietnam: The ten thousand day war” (វៀតណាម៖ សង្រ្គាមមួយម៉ឺនថ្ងៃ) អ្នកនិពន្ធ Michael Maclear បានវិភាគយ៉ាងស៊ីជម្រៅ និងគួរឱ្យជឿជាក់ ដោយបានផ្តល់នូវទិដ្ឋភាពជាក់ស្តែងយ៉ាងពិតប្រាកដ ដែលក្នុងនោះលើកឡើងហេតុផលមួយក្នុងចំណោមហេតុផលសម្រាប់ជ័យជំនះរបស់វៀតណាមប្រឆាំងនឹងអាណានិគមនិយមបារាំង គឺថាវៀតណាមមានមេទ័ពដ៏ឆ្នើម។ លោក Michael Maclear សរសេរថា៖ “សម្រាប់លោក Giap អារម្មណ៍នៅពេលយើងជួបគាត់ហាក់ដូចជាស្រដៀងនឹងណាប៉ូឡេអុង ទាំងរូបកាយ និងចំណេះដឹង។ គាត់ជាអ្នកយុទ្ធសាស្ត្រដ៏ប៉ិនប្រសប់... គាត់ចាញ់ការប្រយុទ្ធជាច្រើន ប៉ុន្តែគាត់មិនដែលចាញ់សង្គ្រាមណាមួយទេ”។

បកប្រែដោយ Minh Trung