លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រី Sébastien Lecornu មានសារៈសំខាន់រួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-បារាំង។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សង្ឃឹមថា ភាគីទាំងពីរនឹងបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេស​ថ្នាក់ជាន់ខ្ពស់ ដើម្បីត្រៀមលក្ខណៈឱ្យបានល្អសម្រាប់ដំណើរទស្សនកិច្ចនៅវៀតណាម នាពេលខាងមុខរបស់លោក Emmanuel Macron ប្រធានាធិបតីបារាំង ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្តាក្រសួង និងមូលដ្ឋាន។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Sébastien Lecornu រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង (រូបថត៖ chinhphu.vn)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យភាគីបារាំងគាំទ្រ និងជំរុញបណ្តាប្រទេស EU ឱ្យធ្វើសច្ចាប័នលើកិច្ចព្រមព្រៀងគាំពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) និងគណៈកម្មការអឺរ៉ុប (EC) ឱ្យឆាប់ដកកាតលឿងលើការនាំចេញជលផលរបស់វៀតណាម ដោយឈរលើការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ ការនេសាទមិនរាយការណ៍ មិនអនុវត្តតាមសេចក្តីកំណត់ (IUU)។

រីឯលោករដ្ឋមន្ត្រី Sébastien Lecornu បានសង្កត់ធ្ងន់ថា ភាគីបារាំងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយ​វៀតណាម។ លោកបានអះអាងថា ភាគីទាំងពីរអាចសម្រេចបាននូវអនាគតដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្តិការដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក និងច្បាប់អន្តរជាតិ។ លោករដ្ឋមន្ត្រី Sébastien Lecornu បានមានប្រសាសន៍ថា គោលដៅមួយក្នុងចំណោមគោលដៅនៃដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះគឺដើម្បីរួមចំណែកក្នុងការត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខរបស់ប្រធានាធិបតីបារាំង។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោករដ្ឋមន្ត្រី Sébastien Lecornu ក៏បានពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ។ ទាក់ទងនឹងបញ្ហានៅលើសមុទ្រ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសន្តិភាព សន្តិសុខ ស្ថិរភាព សេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២  និងអនុវត្តយ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)៕

បកប្រែដោយ Huyen Trang