    |
 |
លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម |
អ្នកយកព័ត៌មាន៖ សូមគោរពលោករដ្ឋមន្ត្រី សូមលោកឱ្យដឹងអំពីអត្ថន័យនិងចំណុចសំខាន់ៗនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនរបស់លោក Vo Van Thuong ប្រធានរដ្ឋ និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទេ? តើអ្វីជាអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ?
លោករដ្ឋមន្ត្រី Bui Thanh Son៖ ទទួលការអញ្ជើញរបស់រដ្ឋជប៉ុន លោក Vo Van Thuong ប្រធានរដ្ឋ និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា។ នេះគឺជាដំណើរទស្សនកិច្ចដ៏មានអត្ថន័យ និងជាសញ្ញាសម្គាល់ដ៏សំខាន់ដែលបង្ហាញពីទំនាក់ទំនងអភិវឌ្ឍយ៉ាងល្អក្នុងកម្រិតខ្ពស់រវាងវៀតណាមនិងជប៉ុន។ វាអាចត្រូវបានសង្ខេបថាជា "អត្ថន័យសំខាន់ លទ្ធផលទូលំទូលាយ ខ្លឹមសារសំខាន់ៗ កម្មវិធីសម្បូរបែប"។
ជាបឋម នេះជាដំណើរទស្សនកិច្ចលើកដំបូងនៅប្រទេសជប៉ុនរបស់លោក Vo Van Thuong ក្នុងនាមជាប្រមុខរដ្ឋ។ ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅស្របពេលដែលវៀតណាម និងជប៉ុនកំពុងប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត ហេតុដូច្នេះដំណើរទស្សនកិច្ចគឺជាចំណុចលេចធ្លោ និងសំខាន់បំផុតក្នុងចំណោមព្រឹត្តិការណ៍រំលឹកចំនួន ៥០០ រវាងប្រទេសទាំងពីរក្នុងរយៈពេលមួយឆ្នាំកន្លងមក។
ទីពីរ ដំណើរទស្សនកិច្ចសម្រេចបានលទ្ធផលសំខាន់ៗ និងគ្រប់ជ្រុងជ្រោយដែលចំណុចលេចធ្លោជាងគេ គឺភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើនទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងជុំវិញពិភពលោក។
ទីបីតាមរយៈសេចក្តីថ្លែងការណ៍រួម និងរាល់ការពិភាក្សា ភាគីទាំងពីរឈានដល់ការឯកភាពគ្នាខ្ពស់លើទិសដៅសំខាន់ៗក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ។ នៅក្នុងជំនួបពិភាក្សារវាងលោក Vo Van Thuong ប្រធានរដ្ឋ និងលោក Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅ និងបានឯកភាពលើវិធានការជាក់លាក់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ រួមទាំងការពង្រឹងការផ្លាស់ប្តូរ និងទំនាក់ទំនងនៅកម្រិតខ្ពស់ និងគ្រប់លំដាប់ថ្នាក់។ បន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ODA ពលកម្ម...។
ជប៉ុនបានអះអាងជាថ្មីម្តងទៀតនូវការគាំទ្ររបស់ខ្លួនចំពោះវៀតណាមធ្វើជាម្ចាស់ផ្ទះ APEC ឆ្នាំ ២០២៧ ហើយត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួល និងគាំទ្រវៀតណាមរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះប្រកបដោយជោគជ័យ។ ក្នុងឱកាសនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការលើវិស័យផ្លាស់ប្តូរថាមពល សុខាភិបាល ការបង្កើនសមត្ថភាពអនុវត្តច្បាប់នៅសមុទ្រ ផ្កាយរណបអវកាស និងបេតិកភណ្ឌវប្បធម៌។
ទីបួន កម្មវិធីនៃដំណើរទស្សនកិច្ចមានភាពសម្បូរបែប និងទូលំទូលាយជាមួយនឹងសកម្មភាពសំខាន់ៗជិត ៤០ ដែលបង្ហាញពីការជឿទុកចិត្ត និងចំណងមិត្តភាពខ្ពស់រវាងថ្នាក់ដឹកនាំ ប្រជាជន និងមូលដ្ឋាននៃប្រទេសទាំងពីរ។ ភាគីជប៉ុនបានទទួលស្វាគមន៍ចំពោះលោក Vo Van Thuong និងភរិយា ព្រមទាំងគណៈប្រតិភូវៀតណាមយ៉ាងអធិកអធម ។ ព្រះមហាក្សត្រ និងម្ចាស់ក្សត្រីជប៉ុនបានទទួលជួបលោក Vo Van Thuong និងភរិយា យ៉ាងស្និទ្ធស្នាលរាក់ទាក់។
លោក Vo Van Thuong បានជួបពិភាក្សាការងារជាច្រើនជាមួយថ្នាក់ដឹកនាំរាជវង្ស រដ្ឋាភិបាល រដ្ឋសភា និងអង្គការសេដ្ឋកិច្ចសង្គម សមាគមមិត្តភាព និងអ្នកនយោបាយមួយចំនួនដែលមានការរួមវិភាគទានជាច្រើនក្នុងទំនាក់ទំនងជាមួយវៀតណាម... និងរួមជាមួយថ្នាក់ដឹកនាំជប៉ុនអញ្ជើញចូលរួមក្នុងពិធីរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត ដែលធ្វើឡើងយ៉ាងឱឡារិកនៅឯអគារទទួលភ្ញៀវនៃរាជវង្ស។ ជាពិសេសសុន្ទរកថាសំខាន់របស់លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម នៅរដ្ឋសភាជប៉ុន គឺជាចំណុចលេចធ្លោមួយក្នុងដំណើរទស្សនកិច្ចនេះ។
តាមរយៈសុន្ទរកថា លោកប្រធានរដ្ឋ បានពាំនាំសារជូនថ្នាក់ដឹកនាំទាំងអស់និងប្រជាជនជប៉ុន បានដឹងបន្ថែមអំពីវៀតណាមមួយដែលមានគំនិតច្នៃប្រឌិត បើកចំហ ស្រឡាញ់សន្តិភាព និងមានក្តីប្រាថ្នាអភិវឌ្ឍន៍ ជាប្រទេសមានគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព សន្តិភាព កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ ការធ្វើពិពិធកម្ម ពហុភាគីភាវូបនីយកម្ម ភាពជាមិត្ត ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកដែលមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ ក៏ដូចជាមានបំណងប្រាថ្នាចង់ពង្រឹងកិច្ចសហប្រតិបត្តិការ ចែករំលែកអត្ថប្រយោជន៍ និងឱកាសអភិវឌ្ឍន៍ជាមួយប្រទេសជប៉ុន។
ទាក់ទិននឹងអាទិភាពនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ប្រទេសទាំងពីរត្រូវផ្តោតជាពិសេសលើការអនុវត្តក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដោយ ផ្តោតសំខាន់លើបញ្ហាមួយចំនួនដូចខាងក្រោម៖
ទីមួយ បន្តពង្រឹងទំនុកចិត្តនយោបាយតាមរយៈការរក្សាការផ្លាស់ប្តូរ និងការទំនាក់ទំនងកម្រិតខ្ពស់ប្រចាំឆ្នាំក្នុងទម្រង់ដែលអាចបត់បែនបានជាច្រើននៅលើបណ្តាញបក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភា បង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។
ទីពីរ កំណត់ទិសដៅអនុវត្តទំនាក់ទំនងក្នុងវិស័យជាក់លាក់។ តាមនោះ ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ជំរុញកិច្ចសហប្រតិបត្តិការដើម្បីធានាបាននូវវិបុលភាព និងសន្តិសុខសេដ្ឋកិច្ច។ ជប៉ុនបន្តគាំទ្រវៀតណាមក្នុងវិស័យឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម និងការកសាងសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង បន្តផ្តល់ ODA ជំនាន់ថ្មីដល់វៀតណាម។
ជប៉ុនបង្កើតលក្ខខណ្ឌសម្រាប់ធុរកិច្ចវៀតណាមចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលនៃអាជីវកម្មជប៉ុន ជំរុញការអនុវត្តគម្រោងវិនិយោគខ្នាតធំ និងគុណភាពខ្ពស់នៅវៀតណាម រួមទាំងវិស័យកសិកម្មផងដែរ។ ទន្ទឹមនឹងនោះ ជំរុញការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា បន្ទះឈីប នវានុវត្តន៍ ការផ្ទេរបច្ចេកវិទ្យា បរិវត្តកម្មឌីជីថល និងការផ្លាស់ប្តូរបៃតង។ ជប៉ុនគាំទ្រវៀតណាមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដល់កម្រិតសូន្យត្រឹមឆ្នាំ ២០៥០។
ទីបី បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅបណ្តាអង្គការក្នុងតំបន់ និងអន្តរជាតិ និងវេទិកានានា ដូចជាអង្គការសហប្រជាជាតិ អាស៊ាន APEC...
ខ្ញុំជឿជាក់ថា ជាមួយនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទំនាក់ទំនងវៀតណាម-ជប៉ុន នឹងអភិវឌ្ឍយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ជាពិសេសលើវិស័យអាទិភាពចំនួនបីនៃកិច្ចសហប្រតិបត្តិការដែលបានរៀបរាប់ខាងលើ បំពេញផលប្រយោជន៍របស់ភាគីទាំងពីរ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
អ្នកយកព័ត៌មាន៖ សូមអរគុណលោករដ្ឋមន្ត្រី!
បកប្រែដោយ Minh Trung