ចំណងមិត្តភាពវៀតណាម-ចិន គឺជាទ្រព្យសម្បត្តិរួមដ៏មានតម្លៃបំផុត

នារសៀលថ្ងៃទី ១៧ ខែតុលា លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម មានជំនួបជាមួយលោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនទូទាំងប្រទេសចិន។

លោក Vo Van Thuong បានសម្តែងនូវសេចក្តីរីករាយក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសចិន ដោយសង្កត់ធ្ងន់លើគោលបំណងនៃដំណើរទស្សនកិច្ចនេះ បន្ថែមពីលើការអញ្ជើញចូលរួម BRF លើកទី៣ តាមការអញ្ជើញរបស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានចិន នឹងរួមចំណែកក្នុងការអនុវត្តការប្តេជ្ញារួមរបស់ថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់ប្រទេសចិនរបស់លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម កាលពីចុងខែតុលា ឆ្នាំ២០២២ តាមរយៈការរក្សាការផ្លាស់ប្តូរ និងជំនួបទំនាក់ទំនងកម្រិតខ្ពស់ រួមចំណែកពង្រឹងទំនុកចិត្តនយោបាយ និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម ជួបជាមួយលោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនទូទាំងប្រទេសចិន

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់ថា វៀតណាម និងចិន គឺជាអ្នកជិតខាងដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរលង់ មិត្តភាព “ទាំងជាសមមិត្តផង និងជាបងប្អូនផង” ដែលបង្កើតឡើងដោយលោកប្រធានហូជីមិញ និងលោកប្រធានម៉ៅ សេទុង ហើយត្រូវបានគ្រប់ជំនាន់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងប្រជាជននៃប្រទេសទាំងពីររក្សា ខិតខំពូនជ្រំ គឺជាទ្រព្យសម្បត្តិរួមដ៏មានតម្លៃបំផុតរបស់ប្រទេសទាំងពីរ។ លោក Vo Van Thuong បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាម ជានិច្ចកាលចាត់ទុកការកសាង និងអភិវឌ្ឍទំនាក់ទំនងល្អជាមួយបក្ស រដ្ឋាភិបាល និងប្រជាជនចិនជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលបំផុតក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ លោក Zhao Leji បានអះអាងថា ទំនាក់ទំនងមិត្តភាពជាមួយវៀតណាមជានិច្ចកាលត្រូវបានបក្ស រដ្ឋាភិបាល និងប្រជាជនចិន វាយតម្លៃខ្ពស់ ហើយតែងតែជាទិសដៅអាទិភាពក្នុងគោលនយោបាយការបរទេសជាមួយអ្នកជិតខាងរបស់ចិន។

ពិភាក្សាអំពីវិធានការជំរុញទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ លោក Vo Van Thuong បានស្នើថា ភាគីទាំងពីរគួរតែបង្កើនទំនាក់ទំនងនៅកម្រិតខ្ពស់ និងគ្រប់កម្រិត ពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ ពង្រឹងគុណភាព និងប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយផ្តោតសំខាន់លើការជំរុញកំណើនពាណិជ្ជកម្មប្រកបដោយតុល្យភាព និងនិរន្តរភាព។ វៀតណាមស្នើឱ្យចិនបង្កើនការនាំចូលទំនិញ ជាពិសេសផលិតផលកសិកម្មពីវៀតណាម  ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ និងការតភ្ជាប់ការដឹកជញ្ជូនតាមរយៈពហុទម្រង់។ លោក Vo Van Thuong ក៏បានស្នើថា ភាគីទាំងពីរគួរតែពង្រឹងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ដោយផ្តោតសំខាន់លើការផ្លាស់ប្តូរវប្បធម៌ កិច្ចសហប្រតិបត្តិការទេសចរណ៍ និងបំពេញតម្រូវការប្រាស្រ័យនូវជីវិតខាងវិញ្ញាណរបស់ប្រជាជន។

វាយតំលៃខ្ពស់ចំពោះរាល់ការលើឡើងអំពីកិច្ចសហប្រតិបត្តិការរបស់លោក Vo Van Thuong លោក Zhao Leji បានអះអាងថា ចិនចង់ឱ្យភាគីទាំងពីររក្សាការផ្លាស់ប្តូរ និងទំនាក់ទំនងកម្រិតខ្ពស់ ហើយរួមគ្នាកំណត់ទិសដៅនៃកិច្ចសហប្រតិបត្តិការសំខាន់ៗក្នុងទំនាក់ទំនងរវាងភាគីទាំងពីរ និងប្រទេសទាំងពីរនាពេលខាងមុខ ដោយយកការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងក្របខ័ណ្ឌនៃ "ច្រករបៀងពីរ ខ្សែក្រវ៉ាត់មួយ" និង "ខ្សែក្រវាត់ និងផ្លូវ" ជាអាទិភាពសំខាន់ៗ។

ទាក់ទិននឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ លោក Vo Van Thuong បានស្នើថា រដ្ឋសភាវៀតណាម និងចិនគប្បីតែពង្រីកការផ្លាស់ប្តូរ  កិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ក្នុងវិស័យនីតិបញ្ញត្តិ ការត្រួតពិនិត្យ និងទប់ស្កាត់ប្រឆាំងអំពើពុករលួយ ការកសាង និងធ្វើឱ្យល្អឥតខ្ចោះនូវច្បាប់។ ដោយវាយតំលៃខ្ពស់ចំពោះសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសាធារណរដ្ឋប្រជាមានិតចិន លោក Zhao Leji បានស្នើថា ភាគីទាំងពីរពង្រឹងការផ្លាស់ប្តូរមិត្តភាព និងធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ សម្របសម្រួលយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពនៅវេទិកាសភាពហុភាគី។

ទាក់ទងនឹងបញ្ហានៅលើសមុទ្រ ភាគីទាំងពីរបានឯកភាពអនុវត្តឱ្យបានល្អនូវការប្តេជ្ញារួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ គ្រប់គ្រង និងដោះស្រាយរាល់ការខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវ រួមចំណែករក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ លោក Vo Van Thuong បានស្នើថា ភាគីទាំងពីរចាំបាច់គោរពផលប្រយោជន៍ស្របច្បាប់ និងត្រឹមត្រូវរបស់គ្នាទៅវិញទៅមក គោរពតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ និងមិនទុកឱ្យបញ្ហានៅសមុទ្រប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី និងមនោសញ្ចេតនារបស់ប្រជាជនទាំងពីរ។

leftcenterrightdel
លោក Vo Van Thuong ជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ី

អភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ីលើគ្រប់វិស័យ

ក្នុងឱកាសចូលរួម BRF លើកទី៣ នារសៀលថ្ងៃទី១៧ ខែតុលា នៅរដ្ឋធានីប៉េកាំង លោក Vo Van Thuong បានជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ី ។

ក្នុងជំនួបនេះ លោក Vo Van Thuong បានអះអាងថា វៀតណាមចងចាំជានិច្ចនូវការជួយឧបត្ថម្ភ និងជំនួយដែលប្រជាជនរុស្ស៊ីបានផ្តល់ឱ្យវៀតណាមក្នុងការងារកសាង និងការពារមាតុភូមិនាពេលកន្លងមក ក៏ដូចជាក្នុងការអភិវឌ្ឍប្រទេសនាពេលបច្ចុប្បន្ននេះ។ ក្នុងដំណើរការអនុវត្តគោលនយោបាយការបរទេសបច្ចុប្បន្នគឺឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម និងពិពិធកម្មនោះ វៀតណាមបានចាត់ទុករុស្ស៊ីជាដៃគូដ៏សំខាន់បំផុតរបស់ខ្លួន ហើយមានបំណងចង់អភិវឌ្ឍទំនាក់ទំនងភាពជាដៃគូជាមួយរុស្ស៊ីដើម្បីភាពរុងរឿងរបស់ប្រជាជនទាំងពីរ។

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវសេចក្តីរីករាយចំពោះលទ្ធផលសំខាន់ៗក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងមក ដូចជាការរក្សាបាននូវការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ និងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា អប់រំជាដើម។

លោកប្រធានរដ្ឋវៀតណាម បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះលោកប្រធានាធិបតី Putin រួមនិងស្ថាប័ននានារបស់រុស្ស៊ីដែលបានជួយឧបត្ថម្ភសាងសង់វិមានប្រធាន ហូ ជីមិញ នៅទីក្រុង Saint Petersburg ដោយចាត់ទុកថា នេះគឺជានិមិត្តសញ្ញាដ៏មានអត្ថន័យពិសេសក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងឱកាសរំលឹកខួបលើកទី ១០០ នៃការទៅកាន់រុស្ស៊ី របស់លោកប្រធាន ហូ ជីមិញ។ លោក Vo Van Thuong សង្ឃឹមថា រុស្ស៊ីនឹងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតវៀតណាមទៅសិក្សានៅរុស្ស៊ី ក៏ដូចជាលើកកំពស់ការផ្លាស់ប្តូរប្រាស្រ័យវប្បធម៌ និងប្រជាជន។

លោកប្រធានាធិបតី Putin បានសម្តែងនូវសេចក្តីរីករាយ ដែលបានជួបលោក Vo Van Thuong ហើយបានផ្តាំផ្ញើការសួរសុខទុក្ខជូនចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម។ លោកប្រធានាធិបតី Putin បានអះអាងថា វៀតណាមគឺជាដៃគូមួយដ៏សំខាន់បំផុតរបស់រុស្ស៊ី នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក  និងសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍទំនាក់ទំនងល្អ និងភាពស្និទ្ធស្នាល ការភ្ជាប់ទំនាក់ទំនងរវាងប្រជាជនទាំងពីរ ព្រមទាំងបានសង្កត់ធ្ងន់ថា ឆ្នាំ ២០២៤ នឹងប្រារព្ធខួបលើកទី ៣០ នៃការដែលភាគីទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីគោលការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពវៀតណាម និងរុស្ស៊ី (១៩៩៤-២០២៤)។ លោក Putin បានអញ្ជើញលោក Vo Van Thuong មកបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី តាមពេលវេលាសមស្របមួយ។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា ភាគីទាំងពីរបានជំនះការលំបាក និងបញ្ហាប្រឈមជាច្រើន ដើម្បីឲ្យទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម បន្តរក្សាបាននូវសន្ទុះនៃការអភិវឌ្ឍជាវិជ្ជមាន។ ទោះជាយ៉ាងណាក៏ដោយវានៅតែមានសក្តានុពលជាច្រើនសម្រាប់ការអភិវឌ្ឍឱ្យសក្តិសមនឹងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ លោក Putin បានឯកភាពជាមួយរាល់ការលើកឡើង និងការវាយតម្លៃរបស់លោក Vo Van Thuong  ជាពិសេសលើទិសដៅ និងវិធានការសំខាន់ៗ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ ដូចជា៖ ការបន្តពង្រឹងការយល់ដឹងគ្នា និងការជឿទុកចិត្តគ្នាខាងនយោបាយ តាមរយៈរាល់ដំណើរទស្សនកិច្ច និងការពិភាក្សានៅកម្រិតខ្ពស់ និងគ្រប់កម្រិត  បង្កើនប្រសិទ្ធភាព និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា វប្បធម៌-អប់រំ ថាមពល និងវិស័យផ្សេងៗទៀតតាមរយៈកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ។

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សា និងចែករំលែកការវាយតម្លៃលើបញ្ហាអន្តរជាតិ និងតំបន់មួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ក្នុងឱកាសនេះ លោក Vo Van Thuong បានគោរពអញ្ជើញលោក Putin មកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលឆាប់ៗខាងមុខ។ លោកប្រធានាធិបតី Putin បានទទួលយកការអញ្ជើញដោយក្តីរីករាយ៕

បកប្រែដោយ Minh Trung