វាយតំលៃលើគោលបំណង និងសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់ លោក Vo Van Thuong  លោក Pham Sao Mai បានបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Vo Van Thuong ទៅកាន់ប្រទេសចិនក្នុងឋានៈជាប្រធានរដ្ឋ និងជាលើកទីបីហើយដែលថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមបានអញ្ជើញចូលរួមវេទិកាជាន់ខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ BRI ដែលរៀបចំដោយប្រទេសចិន ដែលជាការបន្តនៃការផ្លាស់ប្តូរ និងការជួបជុំជាប្រចាំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក។

ក្នុងបរិបទដែលឆ្នាំ ២០២៣ គឺជាឆ្នាំរំលឹកខួបលើកទី ១៥ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន និងខួបលើកទី ១០ នៃការបង្កើតនិងអភិវឌ្ឍន៍ BRI នោះ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរបស់លោក Vo Van Thuong មានសារៈសំខាន់យ៉ាងខ្លាំងណាស់ បង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំង និងអាទិភាពឈានមុខគេរបស់បក្ស និងរដ្ឋវៀតណាមក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិន ក៏ដូចជាសម្តែងការស្វាគមន៍ និងការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមនៃការតភ្ជាប់ រួមទាំង BRI ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងនៅលើពិភពលោក។ នេះជាឱកាសសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបន្តពិភាក្សាអំពីវិធានការនានា ដើម្បីអនុវត្តទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ជាពិសេសដំណើរទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រទៅកាន់ប្រទេសចិនរបស់លោក Nguyen Phu Trong  អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម (ចាប់ពីថ្ងៃទី ៣០ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២) សំដៅជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន បន្តអភិវឌ្ឍប្រកបដោយស្ថិរភាព កាន់តែស៊ីជម្រៅ និងជាក់ស្តែង ដោយមានទំនុកចិត្តខាងនយោបាយខ្ពស់ កិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែស៊ីជម្រៅ មូលដ្ឋានគ្រឹះសង្គមរឹងមាំ ការគ្រប់គ្រងការខ្វែងគំនិតគ្នាកាន់តែប្រសើរឡើង។

leftcenterrightdel
លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម (រូបថត៖ vnanet.vn)

ក្នុងបរិបទនៃស្ថានភាពអន្តរជាតិដែលមានការវិវឌ្ឍដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន និងសេដ្ឋកិច្ចពិភពលោកកំពុងមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនោះ ការចូលរួមក្នុងវេទិកាជាន់ខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ BRI លើកទី៣ របស់លោក Vo Van Thuong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមគឺជាសកម្មភាពជាក់ស្តែងដើម្បីអនុវត្តដោយឥតងាករេនូវគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ការធ្វើពហុភាគីនីយកម្ម និងការធ្វើពិពិធកម្ម  ធ្វើការសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម និងជាសមាជិកសកម្ម មានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងនៅលើពិភពលោក។

ស្តីពីខ្លឹមសារសំខាន់ៗនៃវេទិកាជាន់ខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ BRI និងការរួមចំណែករំពឹងទុករបស់គណៈប្រតិភូជាន់ខ្ពស់វៀតណាមក្នុងវេទិកានោះ លោក Pham Sao Mai បានឲ្យដឹងថា៖ ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការគុណភាពខ្ពស់លើខ្សែក្រវាត់ និងផ្លូវ ពួតដៃដើម្បីការអភិវឌ្ឍ និងវិបុលភាព” វេទិកាជាន់ខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ BRI លើកទី៣ នឹងផ្តោតលើការពិភាក្សា និងបូកសរុបសមិទ្ធិផលដែល BRI សម្រេចបានក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ផ្លាស់ប្តូរទស្សនវិស័យ និងទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ វេទិកានេះរួមមានវគ្គប្រជុំជាន់ខ្ពស់ចំនួន ៣ ដែលមានខ្លឹមសារផ្តោតលើ "សេដ្ឋកិច្ចឌីជីថលជាកម្លាំងចលករថ្មីនៃកំណើន" "ការតភ្ជាប់ក្នុងខឿនសេដ្ឋកិច្ចសកលបើកចំហ", "ផ្លូវសូត្របៃតងដើម្បីភាពសុខដុមជាមួយធម្មជាតិ" និងវេទិកាចំនួន ៦ ផ្សេងទៀត ស្តីពីការតភ្ជាប់ពាណិជ្ជកម្ម ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ផ្លូវសូត្រស្អាត កិច្ចសហប្រតិបត្តិការក្នុងតំបន់ កិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារស្រាវជ្រាវ និងកិច្ចសហប្រតិបត្តិការលើសមុទ្រ។

ការដែលលោក Vo Van Thuong បានចូលរួម និងថ្លែងសុន្ទរកថាសំខាន់ៗនៅវេទិកាជាន់ខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ BRI លើកទី៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសជាច្រើន ប្រតិភូ និងសហគមន៍ធុរកិច្ចមកពីប្រទេស អង្គការអន្តរជាតិប្រហែល ១៤០ នោះ នឹងជាសម្លេងរបស់វៀតណាមក្នុងការលើកកម្ពស់សន្តិភាព កិច្ចសហប្រតិបត្តិការ ការតភ្ជាប់សេដ្ឋកិច្ច និងការតភ្ជាប់ក្នុងតំបន់ ជំរុញទំនាក់ទំនងជាមួយបណ្តាប្រទេសជុំវិញពិភពលោក រួមចំណែកលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់ និងនៅលើពិភពលោក និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនោះ នេះក៏ជាឱកាសដើម្បីជំរុញសមិទ្ធិផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ចែករំលែកអំពីគោលដៅ ទស្សនវិស័យ និងទិសដៅអភិវឌ្ឍន៍របស់វៀតណាម ព្រមទាំងទាក់ទាញធនធានអន្តរជាតិប្រកបដោយប្រសិទ្ធភាព ដើម្បីបម្រើគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជាពិសេសបរិវត្តកម្មបៃតង បរិវត្តកម្មឌីជីថល រួមចំណែកលើកកម្ពស់តួនាទី និងឋានៈរបស់វៀតណាមនៅលើឆាកអន្តរជាតិ៕

បកប្រែដោយ Huyen Trang