គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ត្រូវបានវាយតម្លៃខ្ពស់ដោយប្រទេសចិន ហើយជាគំនិតផ្តួចផ្តើមការបរទេសឈានមុខគេមួយ ដែលស្នើឡើងដោយផ្ទាល់ និងដឹកនាំដោយលោក Xi Jinping ដើម្បីដាក់ពង្រាយដោយព្រមៗគ្នា ទូលំទូលាយ និងក្នុងទ្រង់ទ្រាយធំ។ មកទល់បច្ចុប្បន្ននេះ ក្រោយរយៈពេល១០ ឆ្នាំនៃការបង្កើត និងអនុវត្ត BRI ចិនទទួលបានលទ្ធផលសំខាន់ៗ និងទទួលបានការគាំទ្រពីអន្តរជាតិ។ យោងតាមក្រសួងការបរទេសចិន គិតត្រឹមដំណាច់ឆ្នាំ ២០២២ ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ២០៦ ស្តីពី BRI ជាមួយប្រទេសចំនួន ១៥១ និងអង្គការអន្តរជាតិចំនួន ៣២ ដោយបានអនុវត្តគម្រោងប្រហែល ៣ ពាន់ លើវិស័យជាច្រើនដែលមានទុនវិនិយោគសរុបជិត ១,០០០ ពាន់លានដុល្លារអាមេរិក។

វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រោមមូលបទ "កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាពខ្ពស់៖ រួមគ្នាដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម" គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការការទូតពហុភាគីដ៏ធំ និងសំខាន់បំផុតរបស់ប្រទេសចិនក្នុងឆ្នាំ២០២៣។ ក្រៅពីសម័យបើកដែលដឹកនាំដោយលោក Xi Jinping BRF លើកទី ៣ រួមមានវគ្គប្រជុំជាន់ខ្ពស់ចំនួន ៣ ដែលមានខ្លឹមសារផ្តោតលើ "ការតភ្ជាប់ក្នុងខឿនសេដ្ឋកិច្ចសកលបើកចំហ" "ផ្លូវសូត្របៃតងដើម្បីភាពសុខដុមជាមួយធម្មជាតិ" "សេដ្ឋកិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មី" និងវេទិកាចំនួន ៦ ផ្សេងទៀតដែលដឹកនាំដោយរដ្ឋមន្ត្រីចិន ពិភាក្សាអំពីការតភ្ជាប់ពាណិជ្ជកម្ម ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ការផ្លាស់ប្តូរអ្នកប្រាជ្ញ ផ្លូវសូត្រស្អាត កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការលើសមុទ្រ។

leftcenterrightdel
លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម (រូបថត៖ vnanet.vn)

ថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាមបានចូលរួម BRF ដែលរៀបចំឡើងដោយប្រទេសចិន ទាំងពីរលើកក្នុងឆ្នាំ ២០១៧ និង ២០១៩។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ BRF ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ថ្នាក់រដ្ឋាភិបាលស្តីពីការជំរុញការតភ្ជាប់រវាងក្របខ័ណ្ឌ “ច្រករបៀងពីរ ខ្សែក្រវ៉ាត់មួយ” និង BRI (វិច្ឆិកា ឆ្នាំ២០១៧) ហើយកំពុងសម្របសម្រួលដើម្បីបញ្ចប់ផែនការកិច្ចសហប្រតិបត្តិការដើម្បីជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់នេះ។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ចិន បានរក្សានូវនិន្នាការអភិវឌ្ឍប្រកបដោយស្ថិរភាព សម្រេចបាននូវវឌ្ឍនភាពជាវិជ្ជមាន ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិនរបស់លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាមក្នុងឆ្នាំ ២០២២។ នៅឆ្នាំ ២០២៣ នេះ ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់របស់ប្រទេសទាំងពីរត្រូវបានអនុវត្តយ៉ាងសកម្មបន្ទាប់ពីការរីករាលដាលនៃជំងឺរាតត្បាត Covid-19។ ភាគីទាំងពីរក៏រក្សាការផ្លាស់ប្តូរដែលមានភាពបត់បែន និងទំនាក់ទំនងទាំងតាមរយៈបណ្តាញបក្ស និងរដ្ឋ ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន និងរវាងស្ថាប័ន និងមូលដ្ឋាននៃភាគីទាំងពីរ។

ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងវៀតណាម និងចិន បន្តមានការអភិវឌ្ឍជាក់ស្តែងយ៉ាងខ្លាំង។ នៅឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១៧៥.៥៦ ពាន់លានដុល្លារអាមេរិក ហើយក្នុងរយៈពេល ៧ ខែនៃឆ្នាំ ២០២៣ សម្រេចបាន ៨៩.១ ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្ន ប្រទេសចិនគឺជាអ្នកវិនិយោគ FDI ធំជាងគេទី ៦ នៅវៀតណាម ជាមួយនឹងគម្រោងដែលមានសុពលភាពចំនួន ៣៩៤៩ និងដើមទុនចុះបញ្ជីសរុបជាង ២៥.៨ ពាន់លានដុល្លារអាមេរិក។ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៣ មានភ្ញៀវទេសចរចិនចំនួន ៩៤៩ ពាន់នាក់ទៅកាន់ប្រទេសវៀតណាម ដែលជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមទីផ្សារទេសចរណ៍ដែលចូលមកក្នុងប្រទេសវៀតណាម។

ការចូលរួមរបស់លោក Vo Van Thuong ក្នុង BRF លើកនេះ មានគោលបំណងបន្តអនុវត្តគោលនយោបាយនៃមហាសន្និបាតលើកទី ១៣ របស់បក្ស ស្តីពីការធ្វើសមាហរណកម្មយ៉ាងសកម្ម និងទូលំទូលាយលើគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ និងលើកកំពស់ទំនាក់ទំនងការបរទេសពហុភាគី រួមចំណែកជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការ ការតភ្ជាប់សេដ្ឋកិច្ច និងការតភ្ជាប់ក្នុងតំបន់។ នេះក៏ជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសចិនរបស់លោក Vo Van Thuong ក្នុងឋានៈជាប្រធានរដ្ឋវៀតណាម ដែលធ្វើឡើងចំពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ១៥ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (២០០៨-២០២៣)។

វត្តមានរបស់លោក Vo Van Thuong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅ BRF លើកទី៣ បានបញ្ជាក់ថា វៀតណាមវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានជាវិជ្ជមានរបស់ BRI ក្នុងកិច្ចខិតខំប្រឹងប្រែងសកលរួម ដើម្បីស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជំរុញការតភ្ជាប់ និងអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ ទន្ទឹមនឹងនោះ វៀតណាមវាយតម្លៃខ្ពស់ចំពោះវិធីសាស្រ្តរបស់ចិនក្នុងការកសាងក្របខ័ណ្ឌសហប្រតិបត្តិការបើកចំហ បរិយាប័ន្ន ភាពស្មើគ្នា និងផលប្រយោជន៍ទៅវិញទៅមកសម្រាប់ភាគីដែលចូលរួមទាំងអស់ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ BRI ប្រកបដោយគុណភាពខ្ពស់និរន្តរភាព និងប្រកាន់យកប្រជាជនជាមជ្ឈភាព។ តាមរយៈនោះ ក៏បញ្ជាក់ឡើងវិញនូវការយកចិត្តទុកដាក់យ៉ាងខ្លាំង និងការខិតខំប្រឹងប្រែងរបស់ទាំងវៀតណាម និងចិន ក្នុងការពង្រឹង និងពង្រីកទំនុកចិត្តខាងនយោបាយ ជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែង រួមចំណែកក្នុងការពង្រឹងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។

យើងជឿជាក់ថា ការចូលរួមរបស់លោក Vo Van Thuong ក្នុង BRF លើកទី៣ នៅទីក្រុងប៉េកាំង គឺជាឱកាសដ៏ល្អសម្រាប់វៀតណាម ជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែងថែមទៀតជាមួយចិន ក៏ដូចជាបណ្តាប្រទេសនានាដែលចូលរួមក្នុងវេទិកានេះ៕

បកប្រែដោយ Huyen Trang