ថ្លែងមតិក្នុងសម័យប្រជុំ ថ្នាក់ដឹកនាំសភា នៃប្រទេសសមាជិក AIPA សុទ្ធតែបានឯកភាពថា ក្នុងបរិបទបច្ចុប្បន្ន សភាអាស៊ានគួរតែដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន រក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ ដោយចាត់ទុកថា នេះជាតម្រូវការចម្បងបង្អស់សម្រាប់បរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការងើបឡើងវិញនៃកំណើនយ៉ាងឆាប់រហ័សដូចប្រធានបទអាស៊ាននៅឆ្នាំ ២០២៣៖ “អាស៊ាន អភិវឌ្ឍ ជាស្នូលនៃកំណើន”។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាសំខាន់ក្នុងសម័យប្រជុំពេញអង្គដំបូង AIPA

លោក Vuong Dinh Hue បានវាយតំលៃខ្ពស់ចំពោះការងាររៀបចំដ៏ហ្មត់ចត់ និងល្អប្រសើររបស់ប្រទេសម្ចាស់ផ្ទះឥណ្ឌូនេស៊ី ហើយបានឯកភាពជាមួយរបៀបវារៈនៃមហាសន្និបាត AIPA-44 ក្រោមប្រធានបទ “សភាសម្របខ្លួនយ៉ាងសកម្ម ដើម្បីអាស៊ានមួយប្រកបដោយស្ថិរភាព និងវិបុលភាព”។

ក្នុងឱកាសនេះ ប្រធានរដ្ឋសភាវៀតណាម បានអះអាងថា វៀតណាមនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពជាមួយបណ្តាប្រទេសអាស៊ាន និងសភាសមាជិក AIPA ដើម្បីខិតខំកសាងអាស៊ាន និង AIPA ឱ្យរឹងមាំ សម្របខ្លួនយ៉ាងសកម្ម “ប្រែក្លាយហានិភ័យទៅជាកាលានុវត្តភាព” ឆ្ពោះទៅរកស្ថិរភាព វិបុលភាព និងនិរន្តរភាព សហគមន៍អាស៊ាន។

ឈរលើមូលដ្ឋាននោះ ប្រធានរដ្ឋសភាបានស្នើ AIPA ពង្រឹងសាមគ្គីភាព លើកកម្ពស់មជ្ឈភាព និងតម្លៃយុទ្ធសាស្ត្ររបស់អាស៊ាន ហើយឆ្លៀតនូវការគាំទ្រពីដៃគូ និងសហគមន៍អន្តរជាតិ ក្នុងការធានាឱ្យមានបរិយាកាសសន្តិភាព សុវត្ថិភាព និងស្ថិរភាពក្នុងតំបន់។ ធានានូវគោលការណ៍ឯករាជ្យភាព និងម្ចាស់ការ និងរក្សាការឯកភាពជាមួយគោលជំហរ និងទស្សនៈរួមរបស់អាស៊ាន ស្របតាម “វិធីអាស៊ាន” ប្រកាន់ខ្ជាប់នូវសន្តិភាពជាគោលដៅ ការសន្ទនាជាឧបករណ៍ កិច្ចសហប្រតិបត្តិការជាគោលការណ៍ណែនាំក្នុងការដោះស្រាយវិវាទដោយស្មារតីគោរពនីតិរដ្ឋ ស្របតាមវិធាន និងស្តង់ដារទូទៅនៃក្រមសីលធម៌ និងច្បាប់អន្តរជាតិ។

ប្រធានរដ្ឋសភាក៏បានស្នើឱ្យពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន និងការផ្ទេរបច្ចេកវិទ្យា កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងរូបិយវត្ថុ កិច្ចសហប្រតិបត្តិការលើវិស័យការផ្លាស់ប្តូរឌីជីថលប្រកបដោយសុវត្ថិភាព និរន្តរភាព និងការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌។ ទន្ទឹមនឹងនោះ ពង្រឹងទំនាក់ទំនងអាស៊ានជាមួយដៃគូ ដើម្បីបង្រួមគម្លាតអភិវឌ្ឍន៍ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមសន្តិសុខមិនប្រពៃណី ដូចជាជំងឺរាតត្បាត គ្រោះធម្មជាតិ ឧក្រិដ្ឋកម្មតាមអ៉ីនធឺណិត និងឧក្រិដ្ឋកម្មឆ្លងដែន សេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ សន្តិសុខថាមពល សន្តិសុខទឹកជាដើម។ ពង្រឹងកិច្ចសហប្រតិបត្តិការអនុតំបន់ រួមចំណែកធានាឱ្យមានកំណើនប្រកបដោយបរិយាប័ន្ន ការអភិវឌ្ឍប្រកបដោយសមធម៌ និងនិរន្តរភាព  បង្កើនភាពធន់នឹងបញ្ហាប្រឈមក្នុងតំបន់ និងសកល។

leftcenterrightdel
ប្រតិភូអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៤ (AIPA-44)

ទន្ទឹមនឹងនោះ សភានៃប្រទេសអាស៊ានគប្បីតែបន្តពង្រឹងតួនាទីរបស់ខ្លួនក្នុងការតាក់តែងច្បាប់ បង្កើតច្រករបៀងផ្លូវច្បាប់អំណោយផល និងពង្រឹងតួនាទីរបស់ខ្លួនក្នុងការត្រួតពិនិត្យរដ្ឋាភិបាលអាស៊ាន ដើម្បីអនុវត្តផែនការមេក្នុងការកសាង សហគមន៍អាស៊ានប្រកបដោយជោគជ័យ និងឆ្ពោះទៅរកចក្ខុវិស័យក្រោយឆ្នាំ ២០២៥។

បន្ថែមលើនេះ លោកប្រធានរដ្ឋសភាបានមានប្រសាសន៍ថា AIPA ចាំបាច់គប្បីតែបន្តការច្នៃប្រឌិត ក្លាយជាបណ្តាញកិច្ចសហប្រតិបត្តិការសភាប្រកបដោយប្រសិទ្ធភាព សម្របសម្រួលល្អរវាងសភា និងរដ្ឋាភិបាលនៃប្រទេសផ្សេងៗ បន្តផ្តោតលើការពង្រឹងទំនាក់ទំនងជាមួយប្រទេសជាដៃគូ ជាអ្នកសង្កេតការណ៍របស់ AIPA ដើម្បីបង្កើត “កម្លាំងសមូហភាព” ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមក្នុងតំបន់។

ប្រធានរដ្ឋសភាសង្ឃឹមថានឹងទទួលបានមតិឯកភាព និងការគាំទ្រពីសភានៃប្រទេសអាស៊ានចំពោះសេចក្តីព្រាងនៃសេចក្តីសម្រេចចំនួនបី ដើម្បីជួយអាស៊ានទាញយកអត្ថប្រយោជន៍របស់ខ្លួនក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការច្នៃប្រឌិត ដើម្បីបម្រើការងើបឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ច ទាញយកសក្តានុពលពេញលេញក្នុងការអភិវឌ្ឍវិស័យកសិកម្ម ស្បៀងអាហារ និងព្រៃឈើ។

*នារសៀលថ្ងៃទី៨ សីហា លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានជួបពិភាក្សាជាមួយលោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី។ ក្នុងជំនួបលោកប្រធានាធិបតី Widodo បានស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ីរបស់ប្រធានរដ្ឋសភាវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌូនេស៊ី (២០១៣-២០២៣) ដែលបានជួយបង្កើតកម្លាំងជំរុញដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែង។

ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌូនេស៊ីលើគ្រប់វិស័យសំខាន់ៗ។ ជាពិសេស កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មមានការរីកចម្រើនយ៉ាងខ្លាំង ទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ ២០២២ សម្រេចបានជាង ១៤ ពាន់លានដុល្លារអាមេរិក ដែលលើសពីឆ្នាំ ២០២១ និងឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន។

ភាគីទាំងពីរបានឯកភាពគ្នាខិតខំធ្វើឱ្យពាណិជ្ជកម្មទ្វេភាគីឡើងដល់ជាង ១៥ ពាន់លានដុល្លារនៅមុនឆ្នាំ ២០២៨ និងក្នុងទិសដៅមានតុល្យភាពជាងមុន។ ភាគីទាំងពីរឯកភាពគ្នានឹងពង្រឹងការថែរក្សាសង្វាក់ផ្គត់ផ្គង់ដែលមានស្រាប់ ធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ថ្មីដែលជាយុទ្ធសាស្ត្រ ហើយភាគីទាំងពីរមានឧត្តមភាព។

*នារសៀលថ្ងៃទី ៧ សីហា លោក Vuong Dinh Hue បានជួបពិភាក្សាទ្វេភាគីជាមួយលោក Saysomphone Phomvihane ប្រធានរដ្ឋសភាឡាវ។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជំរុញយន្តការសហប្រតិបត្តិការទ្វេភាគី ពង្រឹងការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ អនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគ  អនុវត្តយ៉ាងសកម្មនូវគម្រោងសហប្រតិបត្តិការយុទ្ធសាស្ត្រសំខាន់ៗ។

* នារសៀលថ្ងៃទី៧ សីហា លោក Vuong Dinh Hue បានជួបទ្វេភាគីជាមួយលោក ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា។

លោក Vuong Dinh Hue បានអបអរសាទរចំពោះប្រទេសកម្ពុជា ដោយបានប្រព្រឹត្តទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ប្រកបដោយជោគជ័យ គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះដ៏ធំធេង និងបន្តធ្វើជាគណបក្សកាន់អំណាចដឹកនាំប្រទេសកម្ពុជា។ លោកប្រធានរដ្ឋសភាជឿជាក់ថា ក្រោមការដឹកនាំឯកភាពនៃថ្នាក់ដឹកនាំថ្មី ប្រជាជនកម្ពុជានឹងបន្តទទួលបានសមិទ្ធផលកាន់តែច្រើនថែមទៀតក្នុងដំណើរការកសាងប្រទេសសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ និងវិបុលភាព។

លោកប្រធានរដ្ឋសភាវៀតណាម ក៏បានអបអរសាទរដល់ប្រទេសកម្ពុជា នៅពេលដែលព្រះមហាក្សត្រ នរោត្តម សីហមុនី បានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យ កាលពីថ្ងៃទី៧ ខែសីហា តែងតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិថ្មី។

ភាគីទាំងពីរមានសេចក្តីសោមនស្សរីករាយដែលឃើញទំនាក់ទំនងវៀតណាម-កម្ពុជាមានការអភិវឌ្ឍ ប្រកបដោយស្ថិរភាពក្នុងរយៈពេលកន្លងមក  ហើយសង្ឃឹមថាកិច្ចសហប្រតិបត្តិការទ្វេភាគីបន្តមានប្រសិទ្ធភាពយ៉ាងខ្លាំងជាងនេះទៅទៀត។

បកប្រែដោយ Minh Trung