ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានសង្កត់ធ្ងន់លើសារៈសំខាន់នៃដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ីរបស់លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម
កប.អនឡាញ - បទវិចារណកថារបស់ទីភ្នាក់ងារសារព័ត៌មាន Antara របស់ឥណ្ឌូនេស៊ី បានអះអាងថា ដំណើរទស្សនៈកិច្ចមានអត្ថន័យយ៉ាងសំខាន់ ដែលបង្ហាញពីការយកចិត្តទុកដាក់ជាពិសេសរបស់វៀតណាមចំពោះទំនាក់ទំនងទ្វេភាគីជាមួយឥណ្ឌូនេស៊ី។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានចុះផ្សាយអត្ថបទជាច្រើនដែលសង្កត់ធ្ងន់ពីសារៈសំខាន់នៃដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌូនេស៊ី និងការចូលរួមក្នុងមហាសន្និបាតអន្តរសភានៃប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី៤៤ (AIPA-44) របស់លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម។
    |
 |
លោក Vuong Dinh Hue ថ្លែងមតិនៅវេទិកាស្តីពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ឥណ្ឌូនេស៊ី (រូបថត៖ vnanet.vn) |
បទវិចារណកថារបស់ទីភ្នាក់ងារសារព័ត៌មាន Antara បានអះអាងថា ដំណើរទស្សនៈកិច្ចមានអត្ថន័យយ៉ាងសំខាន់ដែលបង្ហាញ ពីការយកចិត្តទុកដាក់ជាពិសេសរបស់វៀតណាមចំពោះទំនាក់ទំនងទ្វេភាគីជាមួយឥណ្ឌូនេស៊ី និងមានបំណងចង់រួមចំណែកកសាងបរិយាកាសសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។
ទាក់ទិននឹងទំនាក់ទំនងវៀតណាម - ឥណ្ឌូណេស៊ី ទីភ្នាក់ងារសារព័ត៌មាន Antara សង្កត់ធ្ងន់ថា ប្រជាជននៃប្រទេសទាំងពីរបានរួមគ្នាប្រយុទ្ធដើម្បីឯករាជ្យជាតិ បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជានយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។ ពាណិជ្ជកម្មទ្វេភាគីត្រូវបានព្យាករណ៍ថានឹងបន្តកើនឡើងនាពេលខាងមុខ ស្របតាមអត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ។
ទាក់ទិននឹងកិច្ចសហប្រតិបត្តិការសភា រដ្ឋសភាវៀតណាមមានបំណងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ តាមរយៈការជំរុញសកម្មភាពសហប្រតិបត្តិការសភាដូចជា បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការជំនាញ និងក្រុមសមាជិកសភាមិត្តភាពរបស់រដ្ឋសភា។
ក្នុងបទអត្ថាធិប្បាយដែលបានចុះផ្សាយក្នុងកាសែត Asia Review កាសែត Kompasiana និង Republik Merdeka លោក Veeramalla Anjaiah អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍ (CSEAS) បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Vuong Dinh Hue បង្ហាញយ៉ាងច្បាស់ពីការយកចិត្ដទុកដាក់របស់ថ្នាក់ដឹកនាំវៀតណាមចំពោះទំនាក់ទំនងជាមួយប្រទេស ឥណ្ឌូនេស៊ី។ ដំណើរទស្សនកិច្ចនេះក៏បង្ហាញពីសាមគ្គីភាព និងការទុកចិត្ដគ្នារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍ប្រជាជន ក៏ដូចជាសន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍។ លើសពីនេះ ដំណើរទស្សនកិច្ចនេះក៏នឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិវៀតណាម និងឥណ្ឌូនេស៊ីផងដែរ។
អ្នកស្រាវជ្រាវអន្តរជាតិរូបនេះបានបន្ថែមថា ប្រទេសទាំងពីរក៏ចែករំលែកទស្សនៈរួមអំពីបញ្ហាសមុទ្រខាងកើត ដោយហេតុនេះ រាល់ជម្លោះនានានៅសមុទ្រត្រូវតែដោះស្រាយដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ៕
បកប្រែដោយ Pham Diep