ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់លោកឯកអគ្គរដ្ឋទូត Denny Abdi ក្នុងការជំរុញទំនាក់ទំនងភាពដៃគូយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌូណេស៊ី ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការសភារវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋសភា បានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋវៀតណាម ទៅកាន់ប្រទេសឥណ្ឌូណេស៊ីក្នុងឆ្នាំ២០២២ ប្រទេសទាំងពីរបានបញ្ចប់ការចរចាស្តីពីការកំណត់តំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ)។ លោក Vuong Dinh Hue បានសម្តែងនូវក្តីសង្ឃឹមថា ភាគីទាំងពីរនឹង ជំរុញ​ឱ្យស្ថាប័ននីតិប្បញ្ញត្តិរបស់ប្រទេសនីមួយៗពិចារណា និងផ្តល់សច្ចាប័នដើម្បីអនុវត្តកិច្ចព្រមព្រៀងដ៏សំខាន់នេះក្នុងពេលឆាប់ៗនេះ​។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម និងលោកឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីនៅក្នុងជំនួប

ចំណែកខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Denny Abdi បានសម្តែងការចាប់អារម្មណ៍ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 និងស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា ឥណ្ឌូណេស៊ីមានបំណងចង់សហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម មិនត្រឹមតែដើម្បីផលប្រយោជន៍របស់ប្រទេសនីមួយៗប៉ុណ្ណោះទេ ថែមទាំងដើម្បីផលប្រយោជន៍រួមនៃតំបន់ និងពិភពលោកផងដែរ។ លទ្ធផលនៃការចរចាដើម្បីកំណត់តំបន់ EEZ វៀតណាម-ឥណ្ឌូណេស៊ី គឺជាភ័ស្តុតាងជាក់ស្ដែងដែលបង្ហាញឲ្យឃើញថា ប្រទេសនានាអាចដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។

លោកប្រធានរដ្ឋសភាវៀតណាម បានអះអាងថា វៀតណាមនឹងធ្វើឱ្យអស់ពីសមត្ថភាពដើម្បីគាំទ្រឥណ្ឌូណេស៊ីរៀបចំមហា សន្និបាតអន្តរសភាអាស៊ាន (AIPA) ប្រកបដោយជោគជ័យ និងមានបំណងចង់ឥណ្ឌូណេស៊ីគាំទ្រវៀតណាមរៀបចំសន្និសីទសមាជិកសភាវ័យក្មេងសកលលើកទី ៩ ដោយជោគជ័យ។

* ក្នុងជំនួបជាមួយលោក Ali Akbar Nazari ឯកអគ្គរដ្ឋទូតអុីរ៉ង់ប្រចាំវៀតណាម លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអុីរ៉ង់។ លោកប្រធានរដ្ឋសភា បានអះអាងថា វៀតណាមនិងអុីរ៉ង់នៅតែមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង។ ទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាអុីរ៉ង់បានអភិវឌ្ឍយ៉ាងល្អប្រសើរក្នុងរយៈពេលកន្លងមក ជាមួយនឹងការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ជាច្រើន។ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣ រដ្ឋសភាវៀតណាម និងសហភាពអន្តរសភាពិភពលោក (IPU) នឹងរៀបចំសន្និសីទសមាជិកសភាវ័យក្មេងជាសាកលលើកទី ៩។  IPU បានផ្ញើលិខិតអញ្ជើញរដ្ឋសភាអុីរ៉ង់ចូលរួម។ លោក Vuong Dinh Hue បានស្នើឱ្យឯកអគ្គរដ្ឋទូតបន្តសម្របសម្រួល និងជំរុញរដ្ឋសភាអុីរ៉ង់ចូលរួមសន្និសីទនេះ។

ដោយសម្តែងក្តីរីករាយចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរីកចម្រើន លោកឯកអគ្គរដ្ឋទូត Ali Akbar Nazari បានអះអាងថា អុីរ៉ង់យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម ហើយតែងតែចាត់ទុក វៀតណាមជាមិត្តជិតស្និទ្ធ និងគួរឱ្យទុកចិត្ត។ លោកឯកអគ្គរដ្ឋទូត Ali Akbar Nazari បានឲ្យដឹងថា ឆ្នាំ២០២៣ ភាគីទាំងពីរនឹងរៀបចំព្រឹត្តិការណ៍ជាច្រើនដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត រួមទាំងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងការជួបប្រាស្រ័យមិត្តភាព។ល។ នេះជាឱកាសសម្រាប់ភាគីទាំងពីរចែករំលែកទស្សនៈនិងវិធីសាស្ដ្រដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត៕

បកប្រែដោយ Thanh Cong