នៅក្នុងសុន្ទរកថា លោក Do Hung Viet បានចែករំលែកពីការវាយតម្លៃអំពីស្ថានភាពនៅតំបន់មហាសមុទ្រឥណ្ឌា និងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសបញ្ហាប្រឈមធំៗដែលតំបន់កំពុងប្រឈមមុខដោយសារឥទ្ធិពលនៃជម្លោះ វិវាទ និងការប្រកួតប្រជែងជាយុទ្ធសាស្ត្រក្នុងចំណោមមហាអំណាចធំៗ ក៏ដូចជារាល់បញ្ហាសន្តិសុខមិនប្រពៃណី។ លោកអនុរដ្ឋមន្ត្រីបានថ្លែងសារ ៣ ចំណុច ដើម្បីសន្តិភាព វិបុលភាព និងអនាគតដ៏រឹងមាំរបស់តំបន់។ តាមនោះ ជាដំបូង បណ្តាប្រទេសនានាចាំបាច់ត្រូវកសាងនូវស្ថាបត្យកម្មតំបន់មួយប្រកបដោយភាពបើកចំហ បរិយាប័ន្ន ដោយឈរលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ដែលអាស៊ានដើរតួនាទីស្នូល។

leftcenterrightdel
លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំមហាសមុទ្រឥណ្ឌា (IOC) លើកទី ៦

ទីពីរ ចាំបាច់ត្រូវបង្កើនការយល់ដឹង ការគោរពគ្នាទៅវិញទៅមក និងការកសាងទំនុកចិត្ត និងការអនុវត្តគោលនយោបាយការបរទេសឯករាជ្យ និងពឹងផ្អែកលើខ្លួនឯងក្នុងបរិបទនៃការប្រកួតប្រជែងក្នុងចំណោមមហាអំណាចធំៗ។ ទីបីចាំបាច់ត្រូវតែជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងភាពជាដៃគូ ជាពិសេសកិច្ចសហប្រតិបត្តិការដែនសមុទ្រ គឺចាំបាច់គប្បីតែពង្រឹងតាមរយៈយន្តការទ្វេភាគី ពហុភាគី និងវិធីសាស្រ្តទូលំទូលាយ។

លោក Do Hung Viet អនុរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរព និងអនុវត្តតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) ភាពចាំបាច់នៃការគោរពអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព យុត្តាធិការ និងផលប្រយោជន៍ដែនសមុទ្រស្របច្បាប់នៃប្រទេសនីមួយៗឱ្យស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយវិវាទ និងការខ្វែងគំនិតគ្នា តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនោះ ចែករំលែកការខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការអនុវត្តសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងការកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ដែលមានខ្លឹមសារ ប្រសិទ្ធភាព និងសមស្របតាមច្បាប់អន្តរជាតិ។

លោក Do Hung Viet បានលើកឡើងគំនិតផ្តួចផ្តើមថា ចាំបាច់ពង្រឹងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់រវាងបណ្តាប្រទេសនៅតំបន់មហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក ជាពិសេសជាមួយបណ្តាប្រទេសអាស៊ានលើវិស័យនានាដូចជា ការជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព ការសម្របសម្រួលដើម្បីធ្វើឱ្យសេដ្ឋកិច្ចសមុទ្រខៀវបៃតងក្លាយទៅជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន និងការដោះស្រាយបញ្ហាប្រឈមដែលមិនមែនជាប្រពៃណី ដូចជាការប្រែប្រួលអាកាសធាតុ ការកើនឡើងនៃកម្ពស់ទឹកសមុទ្រ ការកាត់បន្ថយគ្រោះមហន្តរាយ ការសង្គ្រោះគ្រោះមហន្តរាយ...៕

បកប្រែដោយ Minh Trung