leftcenterrightdel
លោក Nguyen Phu Trong អគ្គលេខាបក្សទទួលជួបជាមួយលោក Kim Jin Pyo ប្រធានរដ្ឋសភាកូរ៉េខាងត្បូង

ទំនាក់ទំនងទ្វេភាគីមានការរីកចម្រើនជាវិជ្ជមានលើច្រើនវិស័យ

នៅក្នុងជំនួបនេះ លោក Nguyen Phu Trong អគ្គលេខាបក្សបានស្វាគមន៍ប្រធានរដ្ឋសភាកូរ៉េខាងត្បូងមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងឱកាសដែលប្រទេសទាំងពីរបានលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ និងអបអរសាទរខួបលើកទី ៣០  នៃការបង្កើតទំនាក់ទំនងការបរទេស។ លោក Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍជាវិជ្ជមានលើទិដ្ឋភាពជាច្រើនក្នុងទំនាក់ទំនងទ្វេភាគីជាមួយនឹងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងយូរអង្វែង ចែករំលែកផលប្រយោជន៍រួមជាច្រើន មានសក្ដានុពល និងភាពខ្លាំងដែលបំពេញបន្ថែមជាមួយនឹងសមិទ្ធផលអភិវឌ្ឍល្អក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក។ ជាពិសេស ប្រទេសទាំងពីរមានទំនាក់ទំនងរវាងប្រជាជន និងប្រជាជនយ៉ាងជិតស្និទ្ធ។ លោក Nguyen Phu Trong បានអះអាងថា ដោយមានមូលដ្ឋានល្អនោះ ភាគីទាំងពីរមានសក្តានុពលពេញលេញ និងមានឱកាសអភិវឌ្ឍជាងនេះទៅទៀតនូវទំនាក់ទំនងនាពេលខាងមុខ។

លោក Nguyen Phu Trong អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា ភាគីទាំងពីរនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីអភិវឌ្ឍទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែអនុវត្តជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព ដោយផ្តោតលើការជំរុញដំណើរទស្សនកិច្ច កិច្ចប្រជុំ និងការផ្លាស់ប្តូរកម្រិតខ្ពស់ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងពិភាក្សាអំពីគោលនយោបាយសំខាន់ៗ និងទិសដៅអភិវឌ្ឍទំនាក់ទំនងនៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសទាំងពីរ។ នៅលើបណ្តាញការទូតសភា ភាគីទាំងពីរបានបន្តជំរុញសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ក្នុងការងារនីតិប្បញ្ញត្តិ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ច និងប្រជាជននៃប្រទេសទាំងពីរក្នុងការរស់នៅ និងធ្វើការនៅប្រទេសនីមួយៗ។

លោក Kim Jin Pyo ប្រធានរដ្ឋសភាកូរ៉េខាងត្បូង បានសម្តែងនូវសេចក្តីរីករាយដែលបានមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលវេលាដ៏មានអត្ថន័យក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលោក Nguyen Phu Trong អគ្គលេខាបក្ស និងថ្នាក់ដឹកនាំវៀតណាមដែលបានចំណាយពេលវេលាទទួលគណៈប្រតិភូ។ ប្រធានរដ្ឋសភាបានអបអរសាទរចំពោះសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដែលវៀតណាមសម្រេចបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសក្នុងបរិបទនៃការទប់ស្កាត់ ការរីករាលដាលនៃជំងឺ Covid-19​ ។ ប្រធានរដ្ឋសភាកូរ៉េខាងត្បូងមានបំណងថា ភាគីទាំងពីរនឹងបន្តជំរុញសមិទ្ធផលនានាក្នុងទំនាក់ទំនងទ្វេភាគីលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ការការពារជាតិ និងសន្តិសុខ ព្រមទាំងអះអាងថា កូរ៉េខាងត្បូងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិត្យានុភាពរបស់វៀតណាមក្នុងយុទ្ធសាស្ត្រ និងគំនិតផ្តួចផ្តើមថ្មីក្នុងតំបន់  រួមទាំងគំនិតផ្តួចផ្តើមសាមគ្គីភាពកូរ៉េខាងត្បូង-អាស៊ាន។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ជាផ្លូវការលោក Kim Jin Pyo ប្រធានរដ្ឋសភាកូរ៉េខាងត្បូង

បន្តពង្រឹងទំនុកចិត្តនយោបាយ

គួរឱ្យរំលឹកដែរថា នាព្រឹកថ្ងៃទី១៧ ខែមករា នៅវិមានរដ្ឋសភា លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមបានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ជាផ្លូវការលោក Kim Jin Pyo ប្រធានរដ្ឋសភាកូរ៉េខាងត្បូង។ ភ្លាមៗបន្ទាប់ពីពិធីស្វាគមន៍ជាផ្លូវការ ភាគីទាំងពីរបានជួបពិភាក្សាគ្នា។

លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា លោក Kim Jin Pyo និងភរិយា ព្រមទាំងគណៈប្រតិភូជាភ្ញៀវអន្តរជាតិដំបូងគេរបស់រដ្ឋសភាវៀតណាមក្នុងឆ្នាំ២០២៣។ លោក Kim Jin Pyo ក៏ជាមេដឹកនាំកំពូលកូរ៉េខាងខាងត្បូងដំបូងដែលមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម បន្ទាប់ពីប្រទេសទាំងពីរបានលើកដំឡើងកម្រិតទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពវាយតម្លៃថា ទំនាក់ទំនងរវាងភាគីទាំងពីរកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ហើយបានចាត់ទុកថាដើម្បីភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ភាគីទាំងពីរគប្បីតែបន្តពង្រឹងទំនុកចិត្តនយោបាយព្រោះវាជាមូលដ្ឋានគ្រឹះសម្រាប់ការដោះស្រាយបញ្ហាទ្វេភាគី ក៏ដូចជាបញ្ហាអន្តរជាតិ និងតំបន់ ហើយទន្ទឹមនឹងនោះបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ និងវិស័យផ្សេងៗទៀត។

លោក Vuong Dinh Hue និងលោក Kim Jin Pyo បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដោយវាយតំលៃខ្ពស់ចំពោះយន្តការសន្ទនាការពារជាតិ និងសន្តិសុខដែលមានស្រាប់របស់ភាគីទាំងពីរ ដែលរក្សាបានល្អ។ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានស្នើទៅរដ្ឋសភាកូរ៉េខាងត្បូង គាំទ្រ និងជំរុញឱ្យភាគីទាំងពីរអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែងនាពេលឆាប់ៗខាងមុខក្នុងវិស័យឧស្សាហកម្មការពារជាតិ ការផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស។

ភាគីទាំងពីរបានឯកភាពសម្រេចឱ្យបានឆាប់នូវគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១០០ ពាន់លានដុល្លារនៅឆ្នាំ ២០២៣ និង ១៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ក្នុងទិសដៅប្រកបដោយនិរន្តរភាព និងមានតុល្យភាពជាង។ ក្នុងស្ថានភាពដែលខ្សែសង្វាក់ផ្គត់ផ្គង់សកល ការវិនិយោគ និងពាណិជ្ជកម្មត្រូវបានរំខាន បែកបាក់ ប្រទេសទាំងពីរត្រូវបន្តពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានស្រាប់ និងស្រាវជ្រាវ និងពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ថ្មី។

លោក Vuong Dinh Hue បានអះអាងថា វៀតណាមជានិច្ចកាលចាប់អារម្មណ៍ និងត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែកយ៉ាងសកម្មក្នុងដំណើរការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ គាំទ្រការខិតខំប្រឹងប្រែងដើម្បីរក្សាសន្តិភាពនៅអាស៊ីឦសាន តាមរយៈកិច្ចសន្ទនាដោយសន្តិវិធី។ ប្រធានរដ្ឋសភាកូរ៉េខាងត្បូងបានអះអាងថា ជានិច្ចកាលគាំទ្រគោលជំហររបស់វៀតណាមលើការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរលើសមុទ្រខាងកើតស្របតាមច្បាប់អន្តរជាតិ។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក; ឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់។ ពិចារណាលើការធ្វើបច្ចុប្បន្នភាព និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីៗស្របតាមខ្លឹមសារនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងស្របតាមបរិបទថ្មីនៃស្ថានភាពពិភពលោក ក៏ដូចជាស្ថានភាពជាក់ស្តែងនៃប្រទេសនីមួយៗ។ ភាគីទាំងពីរបានឯកភាពបន្តជំរុញការផ្លាស់ប្តូរបទពិសោធន៍លើសកម្មភាពនីតិបញ្ញត្តិ ការត្រួតពិនិត្យ និងការសម្រេចចិត្តលើបញ្ហាសំខាន់ៗ; សម្របសម្រួលក្នុងការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលទាំងពីរ។ បន្តលើកកម្ពស់តួនាទីជាស្ពានរវាងក្រុមសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈយន្តការសមាជិកសភាស្ត្រី សមាជិកសភាវ័យក្មេង និងយន្តការអគ្គលេខាធិការរដ្ឋសភា ...

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបសន្ទនាជាមួយ លោក Kim Jin Pyo ប្រធានរដ្ឋសភាកូរ៉េខាងត្បូង 

សេដ្ឋកិច្ចគឺជាសសរស្តម្ភដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការ

នារសៀលថ្ងៃទី ១៧ មករា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបសន្ទនាជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូង Kim Jin Pyo។

លោក Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកកូរ៉េខាងត្បូង ជាដៃគូយុទ្ធសាស្ត្រសំខាន់ និងយូរអង្វែង ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ប្រជាជនទាំងពីរ និងដើម្បីស្ថិរភាព និងសន្តិភាពក្នុងតំបន់ និងពិភពលោក។

លោក Kim Jin Pyo ប្រធានរដ្ឋសភា បានអបអរសាទរវៀតណាមដែលបន្តមានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងស្ថានភាពលំបាក។ អរគុណរដ្ឋាភិបាលវៀតណាមដែលតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍសហគមន៍ធុរកិច្ចកូរ៉េខាងត្បូងនៅវៀតណាម។ លោករំពឹងថា រដ្ឋាភិបាលវៀតណាមជួយឧបត្ថម្ភកូរ៉េខាងត្បូងក្នុងការធ្វើជាម្ចាស់ផ្ទះពិព័រណ៍ពិភពលោកឆ្នាំ ២០៣០ (World Expo 2030) នៅទីក្រុង Busan; បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចកូរ៉េខាងត្បូងដើម្បីធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៅវៀតណាម និងជួយធនាគារកូរ៉េខាងត្បូងបើកសាខានៅវៀតណាមជាដើម។

លោក Pham Minh Chinh និងលោក Kim Jin Pyo បានព្រមព្រៀងរួមគ្នាពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។ លោក Pham Minh Chinh បានអះអាងថា វៀតណាមតែងតែចាប់អារម្មណ៍ និងត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែកយ៉ាងសកម្មក្នុងដំណើរការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េខាងត្បូង ព្រមទាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសន្តិភាពនៅអាស៊ីឦសានតាមរយៈការសន្ទនាដោយសន្តិវិធី។ ប្រធានរដ្ឋសភាកូរ៉េខាងត្បូង​បានអះអាងបន្តគាំទ្រនិងចែករំលែកទស្សនៈវិស័យរួមក្នុងការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរលើសមុទ្រខាងកើត; រក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងផ្លូវច្បាប់ និងការដោះស្រាយជម្លោះនៅសមុទ្រដោយសន្តិវិធី ធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសនានាស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS 1982)៕

បកប្រែដោយ Minh Trung