ដោយមានការមូលមតិ និងឯកភាពខ្ពស់ ក្រោមការដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជារដ្ឋមន្រ្តីក្រសួងការពារប្រទេស អង្គមហាសន្និបាតបានបន្តពិភាក្សា និងចូលរួមមតិយោបល់ប្រកបដោយគុណភាពជាច្រើនលើសេចក្តីព្រាងឯកសាររបស់គណៈកម្មាធិការបក្សយោធាមជ្ឈិមដែលដាក់ជូនមហាសន្និបាតបក្ខភាគកងទ័ពលើកទី១១។

មតិនានាបានសម្តែងនូវការឯកភាពគ្នាខ្ពស់ជាមួយខ្លឹមសារដែលបានបង្ហាញដោយគណៈកម្មាធិការបក្សយោធាមជ្ឈិមនៅក្នុងសេចក្តីព្រាងឯកសារនានា ជាពិសេសសេចក្តីព្រាងរបាយការណ៍នយោបាយ។ រាល់មតិយោបល់សុទ្ធតែបានបញ្ជាក់ជាឯកច្ឆន្ទថា៖ សេចក្តីព្រាងរបាយការណ៍នយោបាយត្រូវបានរៀបចំយ៉ាងល្អិតល្អន់ មានលក្ខណៈបូកសរុបយ៉ាងសង្ខេបដោយគណៈកម្មាធិការបក្សយោធាមជ្ឈិមស្របតាមស្មារតីនៃសារាចរលេខ ៣៥ នៃការិយាល័យនយោបាយ និងឯកសារណែនាំផ្សេងទៀតរបស់មជ្ឈិមបក្ស។ សេចក្តីព្រាងរបាយការណ៍នយោបាយបានឆ្លុះបញ្ចាំងដ៏គ្រប់ជ្រុងជ្រោយពីសមិទ្ធិផល និងលទ្ធផលលេចធ្លោជាច្រើន។ ទន្ទឹមនឹងនោះក៏បានកំណត់នូវចំណុចនៅមានកម្រិត មូលហេតុ និងការទាញយកមេរៀនជាបទពិសោធន៍ ហើយនិងបញ្ជ្រាបពីរាល់ទស្សនៈដែលបានចែងក្នុងឯកសាររបស់គណៈកម្មាធិការមជ្ឈិមបក្សជូនមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣ ។​ មតិទាំងអស់ក៏បានឯកភាពគ្នាខ្ពស់ជាមួយទិសដៅ បេសកកម្មយោធា ការការពារជាតិ និងការកសាងបក្ខភាគកងទ័ពអាណត្តិ ២០២០-២០២៥ ព្រមទាំងវិភាគឱ្យកាន់តែច្បាស់អំពីលក្ខណៈនៃស្ថានភាពដែលបានព្យាករណ៍អំពីពិភពលោក និងតំបន់ ហើយនិងកត្តានានាដែលជះឥទ្ធិពលដល់វិស័យការពារជាតិ និងសន្តិសុខ ក៏ដូចជាបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណីដើម្បីផ្តល់ប្រឹក្សាយ៉ាងសកម្ម និងដោះស្រាយស្ថានការណ៍ប្រកបដោយជោគជ័យ រួមចំណែករក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការកសាង និងការអភិវឌ្ឍប្រទេសជាតិ...

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជារដ្ឋមន្រ្តីក្រសួងការពារប្រទេស ដឹកនាំអង្គមហាសន្និបាតបន្តពិភាក្សា និងចូលរួមមតិយោបល់ប្រកបដោយគុណភាពជាច្រើនលើសេចក្តីព្រាងឯកសាររបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ដែលដាក់ជូនមហាសន្និបាតបក្ខភាគកងទ័ពលើកទី១១

បង្កើតសញ្ញាសម្គាល់លេចធ្លោជាច្រើនដើម្បីនាំប្រទេសទៅកាន់ការអភិវឌ្ឍ

បន្ទាប់ពីអង្គមហាសន្និបាតបានបោះឆ្នោត ១០០ ភាគរយជាឯកច្ឆន្ទលើសេចក្តីសន្និដ្ឋាននៃការពិភាក្សាលើឯកសាររបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ដែលបានបង្ហាញដោយនាយឧត្តមសេនីយ៍ Ngo Xuan Lich នោះ អង្គមហាសន្និបាតបានបន្តពិភាក្សាអំពីឯកសាររបស់គណៈកម្មាធិការមជ្ឈិមបក្សដែលនឹងដាក់ជូនមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣ ។ តាងនាមគណៈអធិបតីអង្គមហាសន្និបាត លោកនាយឧត្តមសេនីយ៍ Luong Cuong លេខាមជ្ឈិមបក្ស សមាជិកប្រចាំការគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជាប្រធានអគ្គស្នងការនយោបាយបានដឹកនាំកិច្ចពិភាក្សា។ ដោយស្មារតីទទួលខុសត្រូវខ្ពស់ខាងនយោបាយ ស្មោះត្រង់ និងប្រជាធិបតេយ្យ ប្រតិភូបានចូលរួមមតិដោយផ្ទាល់ជាច្រើនក្នុងសេចក្តីព្រាងឯកសាររបស់គណៈកម្មាធិការមជ្ឈិមបក្សដែលដាក់ជូនមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ ។ បទអន្តរាគមន៍នានាបានផ្តោតសំខាន់លើខ្លឹមសារ និងបញ្ហាសំខាន់ៗថ្មី និងបញ្ហាជាក់ស្តែងដែលមានការយកចិត្តទុកដាក់ពីសំណាក់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល។

បូកសរុបយោបល់លើសេចក្តីព្រាងឯកសាររបស់គណកម្មាធិការមជ្ឈិមបក្សដែលគ្រោងនឹងដាក់ជូនមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣ នោះ ក្នុងនាមជាគណៈអធិបតី លោកនាយឧត្តមសេនីយ៍ Luong Cuong បានសង្កត់ធ្ងន់ថា៖ មតិនយោបាលទាំងអស់សុទ្ធតែបានឯកភាពជាមូលដ្ឋានជាមួយសេចក្តីព្រាងឯកសាររបស់គណៈកម្មាធិការមជ្ឈិមបក្សដើម្បីដាក់ជូនមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣  និងបានវាយតម្លៃជាឯកច្ឆ័ន្ទៈថា៖ សេចក្តីព្រាងរបាយការណ៍នានាត្រូវបានកសាងឡើងយ៉ាងល្អិតល្អន់ និងទទួលបាននូវមតិយោបល់សមហេតុផល ឆ្លុះបញ្ចាំងពីប្រាជ្ញា ឆន្ទៈ សេចក្តីប្រាថ្នារបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល។ មតិទាំងឡាយក៏បានវាយតម្លៃបង្ហាញអំពីការខិតខំប្រឹងប្រែងរបស់បក្សទាំងមូល ប្រជាជន និងកងទ័ពទាំងមូលក្នុងការជំនះការលំបាក និងបញ្ហាប្រឈម អនុវត្តគោលដៅ និងភារកិច្ចសំខាន់ៗបានជោគជ័យជាច្រើន។

អង្គមហាសន្និបាតបានបោះឆ្នោតជាឯកច្ឆ័ន្ទ ១០០% លើសេចក្តីសន្និដ្ឋានពិភាក្សា និងការចូលរួមវិភាគទានមតិក្នុងឯកសាររបស់គណៈកម្មាធិការមជ្ឈិមបក្សដែលដាក់ជូនមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣។

នៅក្នុងថ្ងៃធ្វើការដដែល កាលពីម្សិលមិញ (ថ្ងៃទី ២៩ ខែកញ្ញា) មហាសន្និបាតបានបោះឆ្នោតជ្រើសរើសគណៈប្រតិភូបក្ខភាគកងទ័ពដើម្បីចូលរួមមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣ ដែលក្នុងនោះមានប្រតិភូផ្លូវការចំនួន ៤៣ រូប និងប្រតិភូបម្រុង ៣ រូប។

ថ្ងៃនេះ (៣០ ខែកញ្ញា) អង្គមហាសន្និបាតបន្តកម្មវិធីការងាររបស់ខ្លួន៕

បកប្រែដោយ Minh Trung