៣០ឆ្នាំនៃទំនាក់ទំនងវៀតណាម-ប៉ារ៉ាហ្គាយ៖ អគ្គលេខាបក្សកុម្មុយនិស្តប៉ារ៉ាហ្គាយចាត់ទុកវៀតណាមជាគំរូដ៏អស្ចារ្យ
កប.អនឡាញ - លោក Najeeb Amado អគ្គលេខាបក្សកុម្មុយនិស្តប៉ារ៉ាហ្គាយ បានអះអាងថា ការតស៊ូដើម្បីរំដោះ និងកសាងរបស់ប្រជាជាតិវៀតណាម គឺជាប្រភពនៃការបំផុសគំនិតសម្រាប់ចលនាឆ្វេងនិយម និងមហាជនជឿនលឿននៅអាមេរិកឡាទីន ព្រមទាំងសម្តែងនូវទំនុកចិត្តលើទស្សនវិស័យសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងរវាងបក្សកុម្មុយនិស្តទាំងពីរនាពេលខាងមុខ។
នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មាននៅអាមេរិកខាងត្បូង ក្នុងឱកាសរំលឹកខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-ប៉ារ៉ាហ្គាយ លោក Najeeb Amado បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលបីទសវត្សរ៍កន្លងមក ទំនាក់ទំនងរវាងវៀតណាម និងប៉ារ៉ាហ្គាយត្រូវបានបង្កើតឡើងដោយឈរលើមូលដ្ឋាននៃចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដែលមានអត្ថន័យខាងនយោបាយ។ បក្សកុម្មុយនិស្តប៉ារ៉ាហ្គាយតែងតែលើកសរសើរ និងគោរពយ៉ាងជ្រាលជ្រៅចំពោះបក្សកុម្មុយនិស្តវៀតណាម និងការតស៊ូដ៏អង់អាចរបស់ប្រជាជនវៀតណាម ដើម្បីឯករាជ្យភាព សេរីភាព និងអធិបតេយ្យភាពជាតិ។
    |
 |
|
លោក Najeeb Amado អគ្គលេខាបក្សកុម្មុយនិស្តប៉ារ៉ាហ្គាយ (រូបថត៖ vnanet.vn) |
លោក Najeeb Amado បានមានប្រសាសន៍ថា៖ "ដំណើរការបដិវត្តន៍វៀតណាម ចាប់ពីការតស៊ូរំដោះជាតិ រហូតដល់ការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ បានក្លាយជាគំរូដ៏មានតម្លៃ មិនត្រឹមតែសម្រាប់ប្រទេសប៉ារ៉ាហ្គាយប៉ុណ្ណោះទេ ថែមទាំងសម្រាប់ប្រទេសជាច្រើន និងចលនាជឿនលឿននៅអាមេរិកឡាទីន រួមទាំងប្រទេសគុយបា និងប្រទេសដទៃទៀតនៅក្នុងតំបន់ទៀតផង"។
លោកអគ្គលេខាបក្សកុម្មុយនិស្តប៉ារ៉ាហ្គាយជឿជាក់ថា សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនៅមានច្រើន ចាប់ពីការផ្លាស់ប្តូរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កិច្ចសហប្រតិបត្តិការលើការអប់រំ និងបណ្តុះបណ្តាលសាកលវិទ្យាល័យ រហូតដល់ពាណិជ្ជកម្ម ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍប្រកបដោយចីរភាព។ លើសពីនេះ ការតភ្ជាប់អំពីវប្បធម៌ ភាពចម្រុះនៃប្រពៃណី ម្ហូបអាហារ សិល្បៈ និងតន្ត្រីរបស់ប្រជាជាតិទាំងពីរនឹងពង្រឹងទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងប៉ារ៉ាហ្គាយបន្ថែមទៀត។
ដោយក្រឡេកមើលទៅប៉ុន្មានឆ្នាំដែលវៀតណាមបានប្រយុទ្ធប្រឆាំងនឹងការឈ្លានពានពីបរទេស លោក Najeeb Amado អគ្គលេខាបក្ស បានបញ្ជាក់ថា ចលនាសាមគ្គីភាពជាមួយប្រជាជនវៀតណាមធ្លាប់បានរីករាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសប៉ារ៉ាហ្គាយ ក៏ដូចជានៅទូទាំងទ្វីបអាមេរិក។ ចលនានិស្សិត និងអង្គការមហាជនជឿនលឿន និងការតស៊ូដ៏អង់អាចរបស់ប្រជាជនវៀតណាមដែលប្រឆាំងនឹងកងកម្លាំងឈ្លានពាន ជាពិសេសអាណានិគមបារាំង និងក្រោយមកគឺចក្រពត្តិអាមេរិក បានបង្កើតប្រភពនៃការបំផុសគំនិតដ៏អស្ចារ្យ ដោយលើកកម្ពស់ស្មារតីនៃការតស៊ូ និងសាមគ្គីភាពអន្តរជាតិ។ ជ័យជម្នះរបស់វៀតណាមមិនត្រឹមតែមានសារៈសំខាន់ខាងយោធា និងនយោបាយប៉ុណ្ណោះទេ ថែមទាំងបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវិតមនោគមវិជ្ជា និងវប្បធម៌របស់ចលនាឆ្វេងនិយមនៅអាមេរិកឡាទីន រួមទាំងប៉ារ៉ាហ្គាយផងដែរ។
ស្តីពីកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សកុម្មុយនិស្តប៉ារ៉ាហ្គាយ លោក Najeeb Amado បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពវិជ្ជមានក្នុងការផ្លាស់ប្តូរ និងការជួបជុំរវាងបក្សទាំងពីរក្នុងរយៈពេលកន្លងមក និងសម្តែងសុទិដ្ឋិនិយមអំពីលទ្ធភាពនៃការពង្រីកកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ បទពិសោធន៍ក្នុងការដឹកនាំប្រទេស ការគ្រប់គ្រងសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចដែលប្រមូលបានដោយបក្សកុម្មុយនិស្តវៀតណាមក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយ គឺដ៏មានអត្ថន័យសម្រាប់បក្សកុម្មុយនិស្តប៉ារ៉ាហ្គាយ។ ការសិក្សា ការផ្លាស់ប្តូរ និងការរៀនសូត្រពីបទពិសោធន៍ទាំងនោះ គឺមានសារៈសំខាន់សម្រាប់បក្សទាំងពីរ យល់កាន់តែច្បាស់អំពីមាគ៌ាអភិវឌ្ឍន៍សមស្របនៅក្នុងបរិបទពិភពលោកបច្ចុប្បន្ន៕
បកប្រែដោយ Huyen Trang