លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន និងការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងជប៉ុន កាន់តែមានភាពរស់រវើក និងជិតស្និទ្ធ។ លោកបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត Tochigi ដែលតែងតែគាំទ្រ និងជម្រុញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយវៀតណាម ជាពិសេសកិច្ចសហប្រតិបត្តិការរវាងខេត្ត Tochigi និងខេត្ត Phu Tho លើវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ធនធានមនុស្ស និងវប្បធម៌ ក៏ដូចជាការយកចិត្តទុកដាក់ និងការគាំទ្រចំពោះសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅក្នុងខេត្ត។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទទួលជួបលោក Fukuda Tomikazu (រូបថត៖ vnanet.vn)

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឲ្យខេត្ត Tochigi បន្តជម្រុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននានារបស់វៀតណាម តាមរយៈគម្រោងសហប្រតិបត្តិការជាក់ស្តែង ដោយទាញយកអត្ថប្រយោជន៍ពីសក្តានុពល និងប្រៀបខ្លាំងរបស់មូលដ្ឋាននីមួយៗ នាំមកនូវអត្ថប្រយោជន៍សុខដុមរមនាដល់ភាគីទាំងពីរ និងសិក្សាស្រាវជ្រាវពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានថ្មីៗ។ ខេត្ត Tochigi បន្តយកចិត្តទុកដាក់ លើកទឹកចិត្ត និងជម្រុញធុរកិច្ចរបស់ខេត្តពង្រីកការវិនិយោគនៅវៀតណាមក្នុងវិស័យដែលខេត្តមានប្រៀបខ្លាំង និងជម្រុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល និងជ្រើសរើសធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការរបស់ធុរកិច្ចខេត្ត Tochigi និងវៀតណាម។

លោក Fukuda Tomikazu បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍគួរឲ្យកត់សម្គាល់របស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះបរិយាកាសវិនិយោគ និងអាជីវកម្មរបស់វៀតណាម។ លោកបានឲ្យដឹងថា ខេត្ត Tochigi និងធុរកិច្ចខេត្ត ក៏ដូចជាប្រទេសជប៉ុន នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅវៀតណាម។ លោកសង្ឃឹមថា លោក Pham Minh Chinh នាយករដ្ឋមន្ត្រី នឹងបន្តយកចិត្តទុកដាក់ ដឹកនាំ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ខេត្ត Tochigi ស្ថាប័ន និងមូលដ្ឋាននានារបស់វៀតណាម អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធី និងគម្រោងសហប្រតិបត្តិការ ដោយនាំមកនូវអត្ថប្រយោជន៍ដល់ភាគីទាំងពីរ៕

បកប្រែដោយ Thuy Anh