វៀតណាមគឺជាដៃគូអាទិភាពរបស់សហភាពអឺរ៉ុបនៅអាស៊ីអាគ្នេយ៍
កប.អនឡាញ - នារសៀលថ្ងៃទី១៦ ខែធ្នូ នៅទីក្រុងហាណូយ លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រី បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃសហភាពអឺរ៉ុបប្រចាំនៅវៀតណាម។
នៅក្នុងជំនួប លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប ត្រូវបានចុះហត្ថលេខានៅឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីបានរក្សាកំណើនវិជ្ជមាន ដោយមានអត្រាកំណើនជាមធ្យម ១០-១៥% ក្នុងមួយឆ្នាំ ដោយការវិនិយោគផ្ទាល់ពីបរទេសសរុបរបស់សហភាពអឺរ៉ុបសម្រេចបានជាង ៣០ ពាន់លានដុល្លារអាមេរិក ដែលធ្វើឱ្យសហភាពអឺរ៉ុបក្លាយជាដៃគូពាណិជ្ជកម្មធំទី៤ ទីផ្សារនាំចេញធំទី៣ និងជាអ្នកវិនិយោគធំទី៦ របស់វៀតណាម។
    |
 |
|
លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រី ជាមួយឯកអគ្គរដ្ឋទូត និងភារធារីនៃសហភាពអឺរ៉ុបប្រចាំនៅវៀតណាម (រូបថត៖ baochinhphu.vn) |
លោកឧបនាយករដ្ឋមន្ត្រីបានចាត់ទុកថា វៀតណាម និងសហភាពអឺរ៉ុបអាចសហប្រតិបត្តិការ និងបំពេញបន្ថែមគ្នាទៅវិញទៅមកក្នុងវិស័យជាច្រើន ចាប់ពីសេដ្ឋកិច្ច និងពាណិជ្ជកម្ម រហូតដល់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ វប្បធម៌ ការអប់រំ និងការបណ្តុះបណ្តាល និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។
ស្តីពីកិច្ចសហប្រតិបត្តិការលើសមុទ្រ វៀតណាមមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានា រួមទាំងសហភាពអឺរ៉ុបផងដែរ។ ក្នុងនោះ ផ្តល់អាទិភាពដល់ការការពារបរិស្ថានសមុទ្រ សេដ្ឋកិច្ចសមុទ្រ និងការនេសាទប្រកបដោយការទទួលខុសត្រូវ រួមទាំងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ដែលមិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU)។
រីឯលោក Rafael De Bustamante ភារធារីស្តីទីនៃសហភាពអឺរ៉ុបប្រចាំនៅវៀតណាម បានបញ្ជាក់ថា វៀតណាមគឺជាដៃគូអាទិភាពរបស់សហភាពអឺរ៉ុបនៅអាស៊ីអាគ្នេយ៍។ លោកក៏បានមានបំណងថាទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប ត្រូវបានលើកតម្កើងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងពេលឆាប់ៗនេះ ហើយសហភាពអឺរ៉ុបនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យជាច្រើន រួមទាំងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង EVFTA គម្រោងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ការធ្វើបរិវត្តកម្មបៃតង ការធ្វើបរិវត្តកម្មឌីជីថល ការអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីភាពជាដៃគូធ្វើបរិវត្តកម្មថាមពលយុត្តិធម៌ (JETP) និងអភិវឌ្ឍប្រកបដោយចីរភាព។ល៕
បកប្រែដោយ Huyen Trang