សម្ពោធបង្កើតគណៈកម្មាធិការដឹកនាំថ្នាក់ជាតិស្ដីពីសមាហរណកម្មអន្តរជាតិ
កប.អនឡាញ - នាថ្ងៃទី ២៦ សីហា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ប្រធានគណៈកម្មាធិការដឹកនាំថ្នាក់ជាតិស្តីពីសមាហរណកម្មអន្តរជាតិ (គណៈកម្មាធិការដឹកនាំជាតិ) និងសេចក្តីសម្រេចចិត្តលេខ ៥៩-NQ/TW របស់ការិយាល័យនយោបាយបានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំសម្ពោធបង្កើតគណៈកម្មាធិការដឹកនាំ និងវាយតម្លៃការអនុវត្តសមាហរណកម្មអន្តរជាតិនាពេលកន្លងមក ទិសដៅនិងភារកិច្ចនៃការធ្វើសមាហរណកម្មអន្តរជាតិនាពេលខាងមុខ។
នៅក្នុងកិច្ចប្រជុំ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានឲ្យដឹងថា កាលពីមុនបានមានគណៈកម្មាធិការដឹកនាំថ្នាក់ជាតិស្តីពីសមាហរណកម្មអន្តរជាតិ បន្ទាប់ពីការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្តលេខ ៥៩-NQ/TW ស្តីពីការធ្វើសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី ហើយអនុវត្តតាមការដឹកនាំរបស់លោក To Lam អគ្គលេខាបក្ស រដ្ឋាភិបាលបានសម្រេចចិត្ដរៀបចំសុក្រិត្យគណៈកម្មាធិការដឹកនាំដើម្បីបំពេញការងារដូចមុន ព្រមទាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៩-NQ/TW ។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឲ្យសមាជិកគណៈកម្មាធិការដឹកនាំលើកកម្ពស់ស្មារតីនិងការទទួលខុសត្រូវខ្ពស់បំផុតក្នុងតួនាទីរបស់ខ្លួន រួមចំណែកដល់គណៈកម្មាធិការដឹកនាំសម្រេចបាននូវគោលដៅរបស់សេចក្ដីសម្រេចចិត្ដនៃបក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋស្តីពីសមាហរណកម្មអន្តរជាតិ។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីនៃកិច្ចប្រជុំគណៈកម្មាធិការដឹកនាំជាតិស្តីពីសមាហរណកម្មអន្តរជាតិ |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សមាហរណកម្មអន្តរជាតិបានបង្កើតកម្លាំងចលករសម្រាប់ពន្លឿនការកែលំអច្បាប់ក្នុងប្រទេសឲ្យសមស្រប និងអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវការព្រមព្រៀងអន្តរជាតិដែលបានចុះហត្ថលេខា ជួយលើកកំពស់កិត្យានុភាព តួនាទីនិងសំឡេងរបស់វៀតណាមលើឆាកអន្តរជាតិ។
ដោយផ្អែកលើលទ្ធផលដែលសម្រេចបាន និងវាយតម្លៃលើការលំបាក បញ្ហាប្រឈម ចំណុចខ្វះខាត និងដែនកំណត់នោះ លោកនាយករដ្ឋមន្ត្រី បានលើកយកមេរៀនបទពិសោធន៍ចំនួន ៣ សម្រាប់ការធ្វើសមាហរណកម្មអន្តរជាតិនាពេលខាងមុខគឺ ការរួមផ្សំកម្លាំងរបស់ប្រទេសជាតិជាមួយកម្លាំងសម័យកាល "ការសម្របសម្រួល" រវាងសសរស្តម្ភនៃកិច្ចការបរទេស និងសសរស្តម្ភនៃការធ្វើសមាហរណកម្មអន្តរជាតិ ការអភិវឌ្ឍន៍មនុស្សគឺជាកត្តាសំខាន់ដើម្បីធានាឱ្យមានការធ្វើសមាហរណកម្មអន្តរជាតិប្រកបដោយជោគជ័យ។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើថា នាពេលខាងមុខ គួរតែបន្តជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តលេខ ៥៩ ជាពិសេសខ្លឹមសារស្តីពីផ្នត់គិតថ្មី វិធីសាស្រ្តថ្មីនៃការធ្វើសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មីនិងកសាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីយន្តការ និងគោលនយោបាយពិសេសមួយចំនួនដើម្បីអនុវត្តការធ្វើសមាហរណកម្មអន្តរជាតិ ...
បកប្រែដោយ Pham Diep