ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាម និងប៊ូតាន

នៅក្នុងជំនួប លោក To Lam អគ្គលេខាបក្ស បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះព្រះមហាក្សត្រ និងព្រះមហាក្សត្រីនៃប្រទេសប៊ូតាន ដែលមកបំពេញទស្សនកិច្ច ដោយវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងរវាងប្រទេសទាំងពីរចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក។ លោក To Lam អគ្គលេខាបក្ស ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រ អមដោយមន្ត្រីជាន់ខ្ពស់ជាច្រើនរូបរបស់ប៊ូតាន គឺជាព្រឹត្តិការណ៍ដ៏សំខាន់ បង្កើតឱកាសដើម្បីជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាម និងប៊ូតាន ឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព បំពេញផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកប្រកបដោយការទទួលខុសត្រូវចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងនៅលើពិភពលោក។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងព្រះមហាក្សត្រប៊ូតាន Jigme Khesar Namgyel Wangchuck

លោក To Lam អគ្គលេខាបក្ស បានស្វាគមន៍ទម្រង់នៃការអភិវឌ្ឍរបស់ប៊ូតានជាមួយនឹងលក្ខណៈពិសេសរបស់ខ្លួន ដែលពិភពលោកកោតសរសើរចំពោះការការពារបរិស្ថាន ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងសុភមង្គលសម្រាប់ប្រជាជន ដោយក្លាយជាប្រទេសមួយក្នុងចំណោម "ប្រទេសដែលមានសុភមង្គលបំផុតក្នុងពិភពលោក"។ លោក To Lam អគ្គលេខាបក្ស បានមានប្រសាសន៍ថា ប្រទេសទាំងពីរចែករំលែកភាពស្រដៀងគ្នាជាច្រើនក្នុងទិសដៅ និងគោលដៅអភិវឌ្ឍន៍ ហើយប្រការនេះបង្កើតលក្ខខណ្ឌសម្រាប់ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ។ លោក To Lam អគ្គលេខាបក្ស បានអះអាងថា វៀតណាមជានិច្ចកាលគាំទ្រចំពោះទិសដៅ និងគោលដៅអភិវឌ្ឍន៍របស់ប៊ូតាន។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ទទួលជួបព្រះមហាក្សត្រប៊ូតាន Jigme Khesar Namgyel Wangchuck

ព្រះមហាក្សត្រ Jigme Khesar Namgyel Wangchuck បានសម្តែងនូវសេចក្តីសោមនស្សរីករាយនៅពេលដែលបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងនៅវៀតណាម។ ព្រះមហាក្សត្របានសម្តែងការលើកសរសើរចំពោះចក្ខុវិស័យ យុទ្ធសាស្ត្រ និងទិសដៅអភិវឌ្ឍន៍ដែលកំណត់ដោយលោក To Lam អគ្គលេខាបក្ស និងថ្នាក់ដឹកនាំវៀតណាម ហើយមានជំនឿយ៉ាងមុតមាំថា វៀតណាមនឹងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ខ្លួន។ ព្រះមហាក្សត្របានសង្កត់ធ្ងន់ថា ប៊ូតានចាត់ទុកវៀតណាមជាដៃគូអាទិភាពកំពូលនៅអាស៊ីអាគ្នេយ៍ ហើយមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ចែករំលែក និងរៀនសូត្រពីបទពិសោធន៍របស់វៀតណាម។

ថ្នាក់ដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងប៊ូតានក្នុងរយៈពេលជាងមួយទសវត្សរ៍នៃការបង្កើតទំនាក់ទំនងការទូត។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ចំណងមិត្តភាព ភាពស្រដៀងគ្នានៃវប្បធម៌ និងទស្សនវិជ្ជាអភិវឌ្ឍន៍ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ភាគីទាំងពីរបន្តទាញយកប្រកបដោយប្រសិទ្ធភាពនូវសក្តានុពល និងប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ និងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយនាពេលខាងមុខ នាំមកនូវផលប្រយោជន៍រួម និងរួមចំណែកដល់ការអភិវឌ្ឍ សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងនៅលើពិភពលោក។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពសហប្រតិបត្តិការគ្នាកាន់តែជិតស្និទ្ធ និងបង្កើនការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ។ លោក To Lam អគ្គលេខាបក្ស បានស្វាគមន៍ប្រទេសប៊ូតាន ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការជាមួយអាស៊ានបន្ថែមទៀត។

ប៊ូតាន វាយតម្លៃខ្ពស់ចំពោះតួនាទី និងកិត្យានុភាពរបស់វៀតណាម

គួរបញ្ជាក់ថា នាព្រឹកថ្ងៃទី១៩ ខែសីហា នៅវិមានប្រធានរដ្ឋ លោក Luong Cuong ប្រធានរដ្ឋ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកចំពោះព្រះមហាក្សត្រ Jigme Khesar Namgyel Wangchuck និងព្រះមហាក្សត្រី រួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសប៊ូតាន។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោក Luong Cuong ប្រធានរដ្ឋ និងព្រះមហាក្សត្រ Jigme Khesar Namgyel Wangchuck បានជួបពិភាក្សាជាមួយគ្នា។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋ និងព្រះមហាក្សត្រប៊ូតាន Jigme Khesar Namgyel Wangchuck នៅក្នុងជំនួប

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា ទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងប៊ូតានត្រូវបានពូនជ្រំដោយមនោសញ្ចេតនាដ៏កក់ក្តៅ ភាពសុខដុមរមនាក្នុងតម្លៃខាងស្មារតី និងចក្ខុវិស័យ និងទស្សនវិជ្ជានៃការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងស្មារតីនោះ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមក ជំរុញដំណើរទស្សនកិច្ចថ្នាក់ខ្ពស់ និងដំណើរទស្សនកិច្ចគ្រប់លំដាប់ថ្នាក់ ជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដើម្បីបង្កើតក្របខ័ណ្ឌអំណោយផលសម្រាប់ការអនុវត្តគម្រោង និងសកម្មភាពជាក់ស្តែង។

ដោយសង្កត់ធ្ងន់ថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរនៅមានច្រើនណាស់ លោក Luong Cuong ប្រធានរដ្ឋ និងព្រះមហាក្សត្រ Jigme Khesar Namgyel Wangchuck បានឯកភាពជំរុញឱ្យស្ថាប័ន ក្រសួង វិស័យ និងធុរកិច្ចនៃប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញដែលជាប្រៀបខ្លាំងនៃប្រទេសមួយចូលទៅកាន់ទីផ្សារប្រទេសមួយទៀត សំដៅធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ខិតខំបង្កើនទំហំពាណិជ្ជកម្មច្រើនដងនាពេលខាងមុខ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ភាគីទាំងពីរបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា កសិកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការអប់រំ ការបណ្តុះបណ្តាល វប្បធម៌ និងសិល្បៈ លើកទឹកចិត្តឱ្យក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំងពីរពិចារណាឱ្យបានឆាប់ក្នុងការបើកជើងហោះហើរត្រង់ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ សាសនា ទេសចរណ៍ និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ។ល។ ទន្ទឹមនឹងនោះ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព ធ្វើឲ្យប្រសើរឡើងនូវជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន។

ក្នុងបរិបទពិភពលោក និងតំបន់ មានការវិវឌ្ឍដ៏ស្មុគ្រស្មាញ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះការដែលប្រទេសទាំងពីរចែករំលែកទស្សនៈស្រដៀងគ្នាជាច្រើននៅក្នុងវេទិកាអន្តរជាតិ ជាពិសេសលើបញ្ហានៃការអភិវឌ្ឍប្រកបដោយចីរភាព ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការអភិរក្សធម្មជាតិ និងការថែរក្សាសន្តិភាព ព្រមទាំងសង្កត់ធ្ងន់ថា នឹងបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិ និងតំបន់ ជាពិសេសនៅអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ ក៏ដូចជាលើបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ លោក Luong Cuong ប្រធានរដ្ឋបានស្វាគមន៍ចំពោះការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសំខាន់ៗរបស់ប៊ូតាន ហើយត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប៊ូតានក្នុងការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងអាស៊ាន។

បន្ទាប់ពីកិច្ចពិភាក្សា លោក Luong Cuong ប្រធានរដ្ឋ និងព្រះមហាក្សត្រ Jigme Khesar Namgyel Wangchuck បានធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួនពីរ៖ ឯកសារក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ និងឯកសារកិច្ចសហប្រតិបត្តិការក្នុងវិស័យអាកាសចរណ៍៕

បកប្រែដោយ Huyen Trang