ពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាតំណាងប្រជាជនទូទាំងប្រទេសចិន
កប.អនឡាញ - ក្នុងដំណើរទស្សនកិច្ចការងារនៅប្រទេសចិន នាថ្ងៃទី ២០ សីហា នៅទីក្រុងប៉េកាំង លោក Tran Quang Phuong អនុប្រធានរដ្ឋសភាវៀតណាម ប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម - ចិន បានជួបសវនាការជាមួយលោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។
នៅក្នុងជំនួបនេះ លោក Tran Quang Phuong អនុប្រធានរដ្ឋសភាវៀតណាម បានស្នើឲ្យស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរបន្តលើកកម្ពស់សមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមក បង្កើនការផ្លាស់ប្តូរបទពិសោធន៍រវាងគ្រប់លំដាប់ថ្នាក់ គណៈកម្មាធិការជំនាញ ក្រុមសមាជិកសភាមិត្តភាព និងមូលដ្ឋាននានានៃប្រទេសទាំងពីរលើវិស័យជាច្រើនដូចជា នីតិបញ្ញត្តិ ត្រួតពិនិត្យ ប្រឆាំងអំពើពុករលួយ កសាងនីតិរដ្ឋសង្គមនិយម អភិបាលកិច្ចជាតិ និងគ្រប់គ្រងសង្គមដើម្បីសម្រួលបន្ថែមទៀតដល់ការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ និងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ។
    |
 |
ទីដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn) |
លោក Zhao Leji បានអះអាងថា បក្សនិងរដ្ឋចិនតែងតែចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយវៀតណាមជាអាទិភាពក្នុងគោលនយោបាយការបរទេសសម្រាប់ប្រទេសជិតខាងរបស់ខ្លួន ហើយត្រៀមខ្លួនជាស្រេចធ្វើការជាមួយវៀតណាមដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ និងទស្សនៈរួមដែលសម្រេចបាន។ សភាតំណាងប្រជាជនទូទាំងប្រទេសចិនត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាវៀតណាមឲ្យកាន់តែស៊ីជម្រៅថែមទៀត ព្រមទាំងបង្កើនការផ្លាស់ប្តូរបទពិសោធន៍រវាងគ្រប់លំដាប់ថ្នាក់ គណៈកម្មាធិការជំនាញ ក្រុមសមាជិកសភាមិត្តភាព និងមូលដ្ឋាននានានៃប្រទេសទាំងពីរ។
នៅក្នុងជំនួបនេះ លោក Tran Quang Phuong បានពាំនាំនូវការសួរសុខទុក្ខ និងការអញ្ជើញរបស់លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមជូនចំពោះលោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនមកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលឆាប់ៗខាងមុខ និងធ្វើជាសហអធិបតីនៃកិច្ចប្រជុំលើកទីមួយនៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាតំណាងប្រជាជនទូទាំងប្រទេសចិន។ លោក Zhao Leji បានថ្លែងអំណរគុណចំពោះការសួរសុខទុក្ខរបស់លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ព្រមទាំងលោកបានទទួលការអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលឆាប់ៗនេះ៕
បកប្រែដោយ Pham Diep