ពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អូស្ត្រាលី
កប.អនឡាញ - នារសៀលថ្ងៃទី២០ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម បានទទួលជួបលោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីក្នុងឱកាសបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសវៀតណាម-អូស្ត្រាលីលើកទី៧។
នៅក្នុងជំនួបនេះ លោក Pham Minh Chinh នាយករដ្ឋមន្រ្តី បានសម្តែងនូវការពេញចិត្តចំពោះការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់វិស័យវៀតណាម-អូស្ត្រាលី។ ទំហំពាណិជ្ជកម្មទ្វេភាគីមានកំណើនប្រកបដោយស្ថិរភាព ដោយសម្រេចបានជាង ១៤ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៤។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការដែលអូស្រ្តាលីបង្កើនទុន ODA សម្រាប់វៀតណាមឡើង ៩៦.៦ លាន AUD។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម ទទួលជួបលោកស្រី Penny Wong (រូបថត៖ vnanet.vn) |
លោក Pham Minh Chinh នាយករដ្ឋមន្រ្តី បានស្នើឲ្យភាគីទាំងពីរបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រៀបចំយន្តការសន្ទនា និងកិច្ចពិគ្រោះយោបល់ រួមចំណែកលើកកម្ពស់ការយល់ដឹង និងពង្រឹងទំនុកចិត្តនយោបាយ ស្វែងរកវិធានការដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី។ លោកនាយករដ្ឋមន្ត្រីបានស្នើថា ភាគីទាំងពីរជំរុញនិងពង្រីកថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខតាមអ៊ីនធឺណែត ការធ្វើបរិវត្តកម្មឌីជីថល និងការឧបត្ថម្ភឧបករណ៍ដើម្បីលើកកំពស់សមត្ថភាពរបស់វៀតណាម...
លោកស្រី Penny Wong បានអះអាងថា រដ្ឋាភិបាលអូស្ត្រាលីវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងតំបន់ ក៏ដូចជាទំនាក់ទំនងវៀតណាម - អូស្ត្រាលី ហើយមានបំណងពិភាក្សាអំពីវិធានការដើម្បីអភិវឌ្ឍទំនាក់ទំនងទ្វេភាគីថែមទៀត។ លោកស្រីរដ្ឋមន្ត្រី Penny Wong បានសន្យាខិតខំជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ រួមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខឲ្យកាន់តែស៊ីជម្រៅ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការធ្វើបរិវត្តកម្មឌីជីថល និងនវានុវត្តន៍ ការអប់រំនិងបណ្តុះបណ្តាល ការអភិវឌ្ឍធនធានមនុស្សតាមរយៈគម្រោង ODA និងមូលនិធិវិនិយោគ។ លោកស្រី Penny Wong ក៏បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមចំណែកពង្រឹងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការគោរពច្បាប់អន្តរជាតិក្នុងតំបន់ ព្រមទាំងលើកកំពស់សារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងគោរពច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។
* នាថ្ងៃដដែល នៅទីស្នាក់ការក្រសួងការបរទេស លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងលោកស្រី Penny Wong រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី បានធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសវៀតណាម-អូស្ត្រាលីលើកទី៧។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ដោយខិតខំជម្រុញឲ្យទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ២០ ពាន់លានដុល្លារអាមេរិក ហើយការវិនិយោគកើនឡើងទ្វេរដងដូចមានចែងក្នុងយុទ្ធសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (EEES)។ លោក Bui Thanh Son បានស្នើឱ្យភាគីទាំងពីរជំរុញ និងបង្កើតរបកគំហើញក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងការស្រាវជ្រាវរួមគ្នា។
    |
 |
លោក Bui Thanh Son និងលោកស្រី Penny Wong (រូបថត៖ vnanet.vn) |
លោកស្រី Penny Wong បានស្នើឲ្យពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យដែលអូស្ត្រាលីមានសក្តានុពល និងមានប្រៀបខ្លាំងដូចជាការប្រែប្រួលអាកាសធាតុ កំណើនបៃតង ការធ្វើបរិវត្តកម្មថាមពល ការធ្វើបរិវត្តកម្មឌីជីថល និងនវានុវត្តន៍។ លោកស្រីអះអាងថា នឹងបន្តជួយវៀតណាមក្នុងការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាថ្មី បច្ចេកវិទ្យាបៃតង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការធ្វើបរិវត្តកម្មថាមពល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការលើកកម្ពស់សមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សតាមរយៈគម្រោង ODA និងការវិនិយោគ។
រដ្ឋមន្ត្រីទាំងពីរក៏បានផ្លាស់ប្តូរព័ត៌មាន និងវាយតម្លៃអំពីស្ថានភាពក្នុងតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ ចំពោះបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានបញ្ជាក់ពីសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងការគោរពច្បាប់អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ១៩៨២។
ក្នុងឱកាសនេះ ភាគីទាំងពីរបានឯកភាពចេញសេចក្តីប្រកាសព័ត៌មានរួមស្តីពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសវៀតណាម-អូស្ត្រាលីលើកទី៧ និងផ្លាស់ប្តូរកំណត់ទូតស្ដីពីការបង្កើតយន្តការពិគ្រោះយោបល់គោលនយោបាយការបរទេសរវាងក្រសួងការបរទេសទាំងពីរ៕
បកប្រែដោយ Thuy Anh