នៅក្នុងជំនួប លោក Bassirou Diomaye Faye ប្រធានាធិបតីបានសម្តែងនូវគោលបំណងចង់ឱ្យសហគ្រាសវៀតណាមចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់សេណេហ្គាល់ ជាពិសេសលើវិស័យបរិវត្តកម្មឌីជីថល។ លោក Bassirou Diomaye Faye ប្រធានាធិបតី បានស្នើឲ្យវៀតណាមឆាប់ពិចារណាបើកស្ថាប័នតំណាងការទូតនៅរដ្ឋធានី Dakar។
    |
 |
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ជួបសវនាការជាមួយលោក Bassirou Diomaye Faye ប្រធានាធិបតីសេណេហ្គាល់ |
រីឯលោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានស្នើឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរបន្តបំពេញបន្ថែមក្របខ័ណ្ឌច្បាប់ ដើម្បីគាំទ្រសកម្មភាពសហប្រតិបត្តិការ ជាពិសេសការពន្លឿនដំណើរការចរចាអំពីកិច្ចព្រមព្រៀងជាមូលដ្ឋាន ដូចជាកិច្ចព្រមព្រៀងគាំពារការវិនិយោគ និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា។ ទាក់ទិននឹងសំណើបើកស្ថាប័នតំណាងការទូតវៀតណាមប្រចាំនៅសេណេហ្គាល់ លោក Tran Thanh Man ប្រធានរដ្ឋសភាបានឲ្យដឹងថា លោកនឹងផ្ទេរសំណើនេះទៅរដ្ឋាភិបាលវៀតណាមដើម្បីធ្វើការស្រាវជ្រាវជាក់លាក់។ លោកប្រធានរដ្ឋសភាបានស្នើថា នាពេលខាងមុខ ភាគីទាំងពីរអាចចាត់បញ្ជូនអគ្គកុងស៊ុលកិត្តិយសទៅកាន់ប្រទេសនីមួយៗ ដើម្បីដើរតួជាស្ពានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ទន្ទឹមនឹងនោះ លោកបានសម្តែងនូវក្តីសង្ឃឹមថា មូលដ្ឋាននានានៃប្រទេសទាំងពីរនឹងបង្កើនសកម្មភាពតភ្ជាប់ ផ្លាស់ប្តូរ ដើម្បីពង្រឹងមនោសញ្ចេតនាស្មោះត្រង់ និងមិត្តភាពរវាងប្រទេសទាំងពីរ និងប្រជាជាតិទាំងពីរ។
    |
 |
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ជួបសវនាការជាមួយលោក Bassirou Diomaye Faye ប្រធានាធិបតីសេណេហ្គាល់ |
* នារសៀលថ្ងៃដដែល លោក Tran Thanh Man ប្រធានរដ្ឋសភាបានជួបសវនាការជាមួយលោក Ousmane Sonko នាយករដ្ឋមន្ត្រីសេណេហ្គាល់។ នៅក្នុងជំនួប លោក Ousmane Sonko នាយករដ្ឋមន្ត្រីបានឲ្យដឹងថា ទាំងប្រធានាធិបតី និងរដ្ឋាភិបាលសេណេហ្គាល់ បានប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ដែលជាអាទិភាពនៃគោលនយោបាយសហប្រតិបត្តិការខាងត្បូង-ខាងត្បូងរបស់សេណេហ្គាល់។
ស្តីពីកិច្ចសហប្រតិបត្តិការនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីសេណេហ្គាល់បានសម្តែងនូវចំណាប់អារម្មណ៍ពិសេសលើវិស័យកសិកម្ម ហើយអះអាងថា សេណេហ្គាល់មានបំណងចង់នាំចូលអង្ករពីវៀតណាម បន្ថែមទៀតដើម្បីពង្រឹងសន្តិសុខស្បៀង។ លោក Ousmane Sonko នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សេណេហ្គាល់ត្រៀមខ្លួនជាស្រេចបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសបច្ចេកវិជ្ជា និងសេវាកម្មរបស់វៀតណាមក្នុងការវិនិយោគ និងធ្វើអាជីវកម្មនៅសេណេហ្គាល់។ លោក Ousmane Sonko បានសង្កត់ធ្ងន់លើសក្ដានុពលសម្រាប់វៀតណាម និងសេណេហ្គាល់ ដើម្បីក្លាយជាស្ពានដ៏មានប្រសិទ្ធភាពសម្រាប់ទំនិញរបស់ប្រទេសនីមួយៗ អាចជ្រៀតចូលក្នុងទីផ្សារអាហ្វ្រិកខាងលិច និងអាស៊ីអាគ្នេយ៍។ លោក Ousmane Sonko បានឯកភាពជាមួយសំណើរបស់លោក Tran Thanh Man ប្រធានរដ្ឋសភាស្តីពីការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងស្ថាប័ននីតិប្បញ្ញត្តិវៀតណាម និងសេណេហ្គាល់ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
លោក Tran Thanh Man ប្រធានរដ្ឋសភាបានចែករំលែកនូវគោលបំណងចង់ឲ្យប្រទេសទាំងពីរនឹងឈានចូលដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍នៃការអភិវឌ្ឍ និងវិបុលភាពរបស់ប្រជាជាតិទាំងពីរ។ លោក Tran Thanh Man បានសង្កត់ធ្ងន់ថា អាហ្រ្វិកកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ លោកប្រធានរដ្ឋសភាបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចសម្របសម្រួលជាមួយសេណេហ្គាល់ ដើម្បីកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មគ្រប់ជ្រុងជ្រោយជាមួយសេណេហ្គាល់។ វៀតណាមក៏មានបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានប្រៀបខ្លាំងផ្សេងទៀត ដូចជាទូរគមនាគមន៍ និងបរិវត្តកម្មឌីជីថល។ លោក Tran Thanh Man បានស្នើឱ្យសេណេហ្គាល់បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្ម និងប្រជាជននៃប្រទេសទាំងពីរបង្កើនសកម្មភាពផ្លាស់ប្តូរ។ លោក Tran Thanh Man ក៏បានស្នើឱ្យនាយករដ្ឋមន្ត្រីសេណេហ្គាល់ ដឹកនាំស្ថាប័នពាក់ព័ន្ធបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មវៀតណាមស្វែងរកឱកាសសហប្រតិបត្តិការនៅសេណេហ្គាល់។
* បន្ទាប់ពីជំនួបនេះ លោក Tran Thanh Man ប្រធានរដ្ឋសភា និងលោក Ousmane Sonko នាយករដ្ឋមន្ត្រីសេណេហ្គាល់ បានធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
* នារសៀលថ្ងៃទី២៣ ខែកក្កដា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក El Malick Ndiaye ប្រធានរដ្ឋសភាសេណេហ្គាល់ បានចូលរួមកិច្ចសន្ទនាគោលនយោបាយស្ដីពីការជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-សេណេហ្គាល់។ នៅក្នុងកិច្ចសន្ទនា លោកប្រធានរដ្ឋសភាសេណេហ្គាល់បានសង្កត់ធ្ងន់ថា សភាមានតួនាទីជាយុទ្ធសាស្ត្រក្នុងការកសាងស្ពានរឹងមាំរវាងខឿនសេដ្ឋកិច្ចទាំងពីរ តាមរយៈការប្រកាសគោលនយោបាយ និងច្បាប់ ការបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ ការឃ្លាំមើលសកម្មភាពរបស់រដ្ឋយ៉ាងជិតស្និទ្ធ និងគាំទ្រការកែទម្រង់ ដើម្បីជំរុញការធ្វើបរិវត្តកម្ម និងលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ប្រទេសជាតិ។
រីឯខ្លួនវិញ លោក Tran Thanh Man ប្រធានរដ្ឋសភាបានអះអាងថា រដ្ឋសភា និងរដ្ឋាភិបាលវៀតណាមត្រៀមខ្លួនជាស្រេចបង្កើតលក្ខខណ្ឌអំណោយផលលើមូលដ្ឋានច្បាប់សម្រាប់សកម្មភាពសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន មូលដ្ឋាន និងសហគ្រាសនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ លោក Tran Thanh Man ជឿជាក់ថា កិច្ចព្រមព្រៀង និងកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងរដ្ឋសភា ក្រសួង ស្ថាប័ន មូលដ្ឋាន និងសហគ្រាសនៃប្រទេសទាំងពីរក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ នឹងត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ ជំរុញទំនាក់ទំនងរវាងវៀតណាម និងសេណេហ្គាល់កាន់តែជិតស្និទ្ធ និងអភិវឌ្ឍថែមទៀត។
* នាថ្ងៃដដែល លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោកជំទាវ Nguyen Thi Thanh Nga រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅទស្សនាក្លឹបវ៉ូវីណាម និងទស្សនាការសម្តែងរបស់សិល្បករក្បាច់គុននៃសហព័ន្ធវ៉ូវីណាមសេណេហ្គាល់។
* នាព្រឹកថ្ងៃទី២៤ ខែកក្កដា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោកជំទាវ រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅទស្សនាសារមន្ទីរអរិយធម៌អាហ្វ្រិក។
* នារសៀលថ្ងៃទី២៤ ខែកក្កដា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីរដ្ឋធានី Dakar បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅសេណេហ្គាល់ និងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រម៉ារ៉ុក ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកក្កដា៕
បកប្រែដោយ Huyen Trang