លោក To Lam អគ្គលេខាបក្ស និងជាលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម ធ្វើការជាមួយអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម
កប.អនឡាញ - នាព្រឹកថ្ងៃទី២៣ ខែកក្កដា នៅទីក្រុងហាណូយ លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម រួមនិងគណៈប្រតិភូការងារមជ្ឈិមបក្ស បានអញ្ជើញមកសួរសុខទុក្ខ និងធ្វើការជាមួយអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម។
ក្នុងកិច្ចប្រជុំការងារនេះ លោកនាយឧត្តមសេនីយ៍ Trinh Van Quyet ប្រធានអគ្គស្នងការនយោបាយ បានតាងនាមថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម រាយការណ៍ជូនលោកអគ្គលេខាបក្ស និងគណៈប្រតិភូមជ្ឈិមបក្ស អំពីលទ្ធផលលេចធ្លោក្នុងកិច្ចការបក្ស និងកិច្ចការនយោបាយរបស់កងទ័ពទាំងមូលក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២៥ និងភារកិច្ចសំខាន់ៗមួយចំនួននាពេលខាងមុខ។ របាយការណ៍បានអះអាងថា តាំងពីដើមឆ្នាំមកម៉្លេះ អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម បានដឹកនាំ និងណែនាំកងទ័ពទាំងមូលអនុវត្តបានល្អនូវរាល់វិធានការប្រកបដោយភាពស៊ីសង្វាក់គ្នាសំដៅលើកកំពស់គុណភាព និងប្រសិទ្ធភាពក្នុងការអប់រំខាងនយោបាយ មនោគមវិជ្ជា និងសតិអារម្មណ៍។
    |
 |
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម មានអនុសាសន៍ក្នុងកិច្ចប្រជុំការងារ |
អគ្គស្នងការដ្ឋាននយោបាយបានរៀបចំយ៉ាងតឹងរ៉ឹង និងហ្មត់ចត់ការផ្សព្វផ្សាយ ការសិក្សាស្រាវជ្រាវលើសេចក្តីណែនាំ សេចកក្តីសម្រេច និងសេចក្តីសន្និដ្ឋានសំខាន់ៗគ្រប់កម្រិតថ្នាក់ដល់ជួរកងទ័ពទាំងមូលបានយល់ជ្រាប និងជំរុញយ៉ាងខ្លាំងការងារសារព័ត៌មាន និងឃោសនាអំពីគោលនយោបាយ និងគោលការណ៍ណែនាំជាប្រវត្តិសាស្ត្រសម្រាប់អភិវឌ្ឍប្រទេសក្នុងយុគសម័យថ្មី លើកតម្កើងការងារឃោសនាផ្សព្វផ្សាយពីរូបភាពស្អាតនៃកងទ័ព ប្រទេសជាតិ និងប្រជាជនវៀតណាមទៅកាន់មិត្តអន្តរជាតិ ឱ្យបានយល់ច្បាស់ពីប្រទេសជាតិវៀតណាមស្រស់ស្អាត និងប្រជាជនវៀតណាមស្លូតត្រង់...។
មានអនុសាសន៍ក្នុងជំនួបនេះ លោក To Lam អគ្គលេខាបក្សបានសង្កត់ធ្ងន់ទៅលើគោលជំហរ និងតួនាទីដ៏សំខាន់របស់អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម ក្នុងរាល់សកម្មភាពនៃកិច្ចការបក្ស និងកិច្ចការនយោបាយក្នុងជួរកងទ័ពទាំងមូល។ ជាមួយគ្នានេះ លោកបានទទួលស្គាល់ វាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងខ្លាំងចំពោះលទ្ធផល និងសមិទ្ធផលនានា ដែលអគ្គស្នងការដ្ឋាននយោបាយសម្រេចបានពីដើមឆ្នាំ២០២៥ ដល់បច្ចុប្បន្ន។
    |
 |
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកនាយឧត្តមសេនីយ៍ Trinh Van Quyet ជូនផ្កាលោក To Lam អគ្គលេខាបក្ស ក្នុងឱកាសលោកអញ្ជើញមកបំពេញទស្សនកិច្ច និងធ្វើការជាមួយអគ្គស្នងការដ្ឋាននយោបាយ |
សម្តែងការឯកភាពជាមួយខ្លឹមសារនៃរបាយការណ៍ អនុសាសន៍ និងសំណើរបស់អគ្គស្នងការដ្ឋាននយោបាយ និងមតិរបស់គណៈប្រតិភូក្នុងកិច្ចប្រជុំការងារនោះ លោក To Lam អគ្គលេខាបក្សបានមានប្រសាសន៍ថា នាពេលខាងមុខ ស្ថានភាពពិភពលោក និងតំបន់ត្រូវបានព្យាករណ៍ថា នឹងបន្តមានការវិវឌ្ឍយ៉ាងឆាប់រហ័ស និងស្មុគស្មាញ បញ្ហាប្រឈមសកលនៅតែបន្តមានផលប៉ះពាល់អវិជ្ជមានលើគ្រប់ប្រទេស ក្នុងនោះមានរួមទាំងវៀតណាមផងដែរ ហេតុដូច្នេះតម្រូវឱ្យយើងត្រូវតែមានទំនួលខុសត្រូវខ្ពស់ថ្មីសម្រាប់បុព្វហេតុកសាងកងទ័ព ពង្រឹងខឿនការពារជាតិ ការពារមាតុភូមិ។
ដើម្បីសម្រេចបានភារកិច្ចដោយជោគជ័យ លោកអគ្គលេខាបក្សបានស្នើឱ្យអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម ត្រូវតែអនុវត្តឱ្យបានល្អនូវភារកិច្ច និងរាល់វិធានការសំខាន់ៗដែលបានដាក់ចេញ។ ក្នុងនោះត្រូវតែសិក្សាយ៉ាងសកម្ម និងផ្តល់យោបល់លើការបន្តធ្វើឱ្យល្អឥតខ្ចោះនូវយន្តការដឹកនាំរបស់បក្ស ធានាការថែរក្សា និងបន្តពង្រឹងការដឹកនាំដាច់ខាត និងផ្ទាល់របស់បក្សលើគ្រប់វិស័យចំពោះកងទ័ព និងបុព្វហេតុការពារជាតិ និងការពារមាតុភូមិ។ បន្តអនុវត្តយ៉ាងហ្មត់ចត់ និងមានប្រសិទ្ធភាពនូវគោលការណ៍ណែនាំយោធា និងការពារជាតិរបស់បក្ស ជាពិសេសសេចក្តីសម្រេច សេចក្តីណែនាំ សេចក្តីសន្និដ្ឋាន និងបទប្បញ្ញត្តិរបស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ លេខាធិការដ្ឋាន និងគណៈកម្មាធិការបក្សយោធាមជ្ឈិម ស្តីពីភារកិច្ចយោធា និងការពារជាតិ និងភារកិច្ចក្នុងការកសាងកងទ័ពប្រជាជនវៀតណាម និងការការពារមាតុភូមិ។ ទន្ទឹមនឹងនោះ ត្រូវតែដឹកនាំការក្តាប់ឱ្យបានហ្មត់ចត់ និងអនុវត្តយ៉ាងម៉ឺងម៉ាត់ លើកកម្ពស់តួនាទីភាពជាអ្នកដឹកនាំរបស់រាល់អង្គការបក្សក្នុងជួរកងទ័ព និងតួនាទីជាភ្នាក់ងារនយោបាយគ្រប់លំដាប់ថ្នាក់ក្នុងជួរកងទ័ពទាំងមូល។
ទន្ទឹមនឹងនោះ អគ្គស្នងការដ្ឋាននយោបាយក៏ត្រូវតែដឹកនាំកងទ័ពទាំងមូលឱ្យបង្កើនរាល់វិធានការកសាងកងទ័ពរឹងមាំខាងនយោបាយ ជិតស្និទ្ធិជាមួយប្រជាពលរដ្ឋ ជាពិសេសការកសាងស្មារតីខាងនយោបាយជាមូលដ្ឋាន ដើម្បីបង្កើនគុណភាព និងកម្លាំងប្រយុទ្ធរបស់កងទ័ពទាំងមូល៕
បកប្រែដោយ Minh Trung