ខួបលើកទី ៣០ ដែលវៀតណាមចូលជាសមាជិកអាស៊ាន៖ គំរូនៃសមាហរណកម្ម និងកម្លាំងចលករសម្រាប់ការផ្លាស់ប្ដូរថ្មី
កប.អនឡាញ - កិច្ចសន្យារបស់វៀតណាមចំពោះពហុភាគីនិយម ទីផ្សារបើកចំហ និងសន្តិភាពក្នុងតំបន់បានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងរបៀបវារៈរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
នោះគឺជាការវាយតម្លៃរបស់លោក Kavi Chongkittavorn អ្នកប្រាជ្ញថៃ ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវៀតណាមប្រចាំនៅទីក្រុងបាងកក ក្នុងឱកាសខួបលើកទី៣០ ដែលវៀតណាមចូលជាសមាជិកអាស៊ាន (ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៥ - ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥)។
យោងតាមលោក Kavi ចាប់តាំងពីចូលជាសមាជិកអាស៊ាន វៀតណាមបានកំណត់យ៉ាងច្បាស់នូវគោលដៅសំខាន់ពីរគឺ ការអភិវឌ្ឍសេដ្ឋកិច្ច និងធានាសន្តិសុខជាតិ។ គោលដៅទាំងពីរនេះបានជំរុញដំណើរការសមាហរណកម្មរបស់វៀតណាមក្នុងតំបន់ និងពិភពលោក។
បន្ទាប់ពីបីទស្សវត្សរ៍ វៀតណាមបានក្លាយជាប្រទេសសមាជិកសកម្ម ដោយមានគំនិតផ្តួចផ្តើមជាច្រើនដែលត្រូវបានវាយតម្លៃខ្ពស់នៅក្នុងអាស៊ាន។ វៀតណាមមិនត្រឹមតែទាញយកប្រកបដោយប្រសិទ្ធភាពនូវក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ានសម្រាប់កំណែទម្រង់ក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងពង្រីកលំហអភិវឌ្ឍន៍ដល់តំបន់ និងសកលលោក ជាពិសេសក្នុងការទាក់ទាញការវិនិយោគ ជំរុញពាណិជ្ជកម្ម និងកំណើនប្រកបដោយចីរភាពទៀតផង។
    |
 |
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៣០ ដែលវៀតណាមចូលជាសមាជិកអាស៊ាន (រូបថត៖ vnanet.vn) |
អ្នកប្រាជ្ញថៃរូបនេះបានបញ្ជាក់ថា វៀតណាមកំពុងមានលក្ខណៈអំណោយផលដើម្បីទទួលតួនាទីដឹកនាំអាស៊ានក្នុងទិដ្ឋភាពបី។ ទីមួយ ក្លាយជា "កម្លាំងស្ថិរភាព" ដើម្បីជួយលើកកម្ពស់តួនាទីជាមជ្ឈភាពរបស់អាស៊ាន ក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលកាន់តែស្មុគស្មាញ។ ទីពីរ ជាគំរូនៃការផ្លាស់ប្តូរសេដ្ឋកិច្ចសង្គមយ៉ាងស្វាហាប់ ជួយបង្រួមគម្លាតអភិវឌ្ឍន៍ក្នុងអាស៊ាន ដែលជាតំបន់មានប្រជាជនចំនួន ៦៧៥ លាននាក់។
ទីបី ដោយមានបណ្តាញទូលំទូលាយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងចូលរួមយន្តការសេដ្ឋកិច្ចក្នុងតំបន់ដូចជា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងក្របខ័ណ្ឌនៃសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) វៀតណាមអាចជំរុញបន្ថែមទៀតនូវលក្ខណៈបរិយាប័ន្នរបស់អាស៊ាន ឆ្ពោះទៅសហគមន៍មួយដែលផ្តោតលើប្រជាជន ចូលរួមចំណែកអនុវត្តចក្ខុវិស័យសហគមន៍អាស៊ាន២០៤៥។
លោក Kavi បានសង្កត់ធ្ងន់ថា ក្នុងបរិបទនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលជួបអស្ថិរភាព អាស៊ានគប្បីបន្តរក្សាតុល្យភាពក្នុងការរៀបចំយុទ្ធសាស្ត្រជាមួយមហាអំណាចតាមរយៈការសន្ទនាក្នុងន័យស្ថាបនា។ ក្នុងដំណើរការនេះ វៀតណាមអាចដើរតួនាទីជា “ស្ពាន” ដោយសារមានទំនាក់ទំនងយ៉ាងជាក់ស្ដែង និងបត់បែន ជាមួយទាំងសហរដ្ឋអាមេរិក និងចិន ដោយឈរលើមូលដ្ឋានផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
លោករំពឹងថា នៅឆ្នាំ២០៤៥ វៀតណាមនឹងក្លាយជាប្រទេសនាំមុខគេក្នុងសមាហរណកម្មសេដ្ឋកិច្ច និងនវានុវត្តន៍ក្នុងអាស៊ាន។ ជាមួយនឹងកម្លាំងពលកម្មវ័យក្មេង មានផ្នែកបច្ចេកវិទ្យាដែលអភិវឌ្ឍយ៉ាងឆាប់រហ័ស និងមានគោលនយោបាយធ្វើបរិវត្តកម្មឌីជីថលដែលកំពុងត្រូវបានជម្រុញ វៀតណាមអាចជាកម្លាំងចលករសម្រាប់ជម្រុញគំនិតផ្តួចផ្តើមរួមរបស់អាស៊ានក្នុងកំណើនប្រកបដោយចីរភាព និងការកសាងសហគមន៍អាស៊ានដែលមានភាពធន់ សម្របខ្លួន និងបរិយាប័ន្នស្របតាមចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥។
អ្នកប្រាជ្ញថៃបានសន្និដ្ឋានថា វៀតណាមបានបញ្ជាក់ពីតួនាទីរបស់ខ្លួនជាសេដ្ឋកិច្ចទីផ្សារឈានមុខគេក្នុងតំបន់។ ប្រសិនបើរក្សាបាននូវសន្ទុះនៃការអភិវឌ្ឍ វៀតណាមមិនត្រឹមតែនឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីកាន់តែសំខាន់ក្នុងការតម្រង់ទិសអនាគតរបស់អាស៊ានទៀតផង៕
បកប្រែដោយ Thuy Anh