ពង្រឹងទំនុកចិត្ត និងសាមគ្គីភាពរវាងវៀតណាម និងសិង្ហបុរី
កប.អនឡាញ - នាថ្ងៃទី២២ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបានទទួលជួបលោក Chan Chun Sing អគ្គលេខាធិការរងនៃគណបក្សសកម្មភាពប្រជាជន (PAP) រដ្ឋមន្ត្រីសម្របសម្រួលសេវាសាធារណៈ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី ក្នុងឱកាសដែលលោកមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ PAP ដឹកនាំដោយលោក Chan Chun Sing។ លោកបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសិង្ហបុរី និងបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះបានបង្ហាញពីស្មារតីសកម្មរបស់ភាគីទាំងពីរ និងប្រទេសទាំងពីរក្នុងការអនុវត្តក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយដែលបានបង្កើតឡើងក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរីរបស់លោក To Lam អគ្គលេខាបក្ស ក្នុងខែមីនា ឆ្នាំ២០២៥ កន្លងមក ហើយនេះជាឱកាសដ៏ល្អប្រសើរសម្រាប់ភាគីទាំងពីរពិភាក្សាអំពីទិសដៅជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Chan Chun Sing អគ្គលេខាធិការរងនៃគណបក្សសកម្មភាពប្រជាជន (PAP) រដ្ឋមន្ត្រីសម្របសម្រួលសេវាសាធារណៈ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី ក្នុងឱកាសដែលលោកមកបំពេញទស្សនកិច្ចការងារនៅវៀតណាម (រូបថត៖ vnanet.vn) |
លោក Chan Chun Sing បានសម្តែងការកោតសរសើរចំពោះរាល់សមិទ្ធផលដែលវៀតណាមសម្រេចបាននាពេលថ្មីៗនេះ ជាពិសេសក្នុងការថែរក្សាស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសង្កត់ធ្ងន់ថា ប្រទេសទាំងពីរមានភាពស្រដៀងគ្នាជាច្រើនក្នុងផលប្រយោជន៍យុទ្ធសាស្ត្រ និងការផ្តល់អាទិភាពគោលនយោបាយ ទំនុកចិត្ត ភាពស្និទ្ធស្នាល និងងាយស្រួលចែករំលែកគ្នាទៅវិញទៅមកលើបញ្ហាទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។
លោកនាយករដ្ឋមន្ត្រីវៀតណាម បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃជំនួបរវាងភាគីទាំងពីរ ដោយសង្កត់ធ្ងន់ថា ក្នុងបរិបទនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងស្មុគ្រស្មាញក្នុងពិភពលោក និងតំបន់ ប្រទេសទាំងពីរគប្បីតែពង្រឹងទំនុកចិត្តខាងនយោបាយតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងជាប្រចាំគ្រប់កម្រិត ជាពិសេសរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សទាំងពីរ និងប្រទេសទាំងពីរ តាមយន្តការដែលអាចបត់បែនបាន ឆាប់បញ្ចប់កម្មវិធីសកម្មភាពដំណាក់កាល ២០២៥-២០៣០ និងបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងវិស័យដែលភាគីទាំងពីរមានសក្តានុពល។
លោក Chan Chun Sing បានសម្តែងការយល់ស្របខ្ពស់ជាមួយនឹងការលើកឡើងរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ក្នុងនោះមានការលើកឡើងថា បក្សកុម្មុយនិស្តវៀតណាម និង PAP គួរតែពង្រឹងការសន្ទនាឱ្យបានទៀងទាត់ដើម្បីចែករំលែកបទពិសោធន៍ក្នុងការដឹកនាំ និងវាយតម្លៃលើរាល់បញ្ហាដែលកំពុងកើតមានឡើង និងពិភាក្សាលើរាល់វិធានការដើម្បីជំនះបញ្ហាប្រឈមនានាជាដើម។ លោកបានស្នើថា ភាគីទាំងពីរគួរតែរក្សាការផ្លាស់ប្តូររវាងយុវជនជំនាន់ក្រោយ ជាពិសេសថ្នាក់ដឹកនាំដ៏មានសក្តានុពលនៃបក្សទាំងពីរ និងប្រទេសទាំងពីរ ដើម្បីបង្កើនការតភ្ជាប់ ភាពស្អិតរមួត និងការយោគយល់គ្នាទៅវិញទៅមក ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាលតាមរយៈការផ្លាស់ប្តូរនិស្សិត ការបណ្តុះបណ្តាលធនធានមនុស្សរួមគ្នា និងការផ្តល់កម្មវិធីអាហារូបករណ៍។ លោក Chan Chun Sing អះអាងថា ឈរលើមូលដ្ឋានចែករំលែកជំហររួមលើបញ្ហាតំបន់ និងអន្តរជាតិជាច្រើន សិង្ហបុរី នឹងបន្តពិភាក្សាយ៉ាងជិតស្និទ្ធ សម្របសម្រួលលើជំហរ និងគាំទ្រវៀតណាមនៅវេទិកាពហុភាគីក្នុងតំបន់ និងអន្តរជាតិ ជាពិសេសអាស៊ាន វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) និងអង្គការសហប្រជាជាតិ។
    |
 |
លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍លោក Chan Chun Sing |
* នាព្រឹកថ្ងៃដដែល នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍លោក Chan Chun Sing ដែលមកបំពេញទស្សនកិច្ចនៅក្រសួងការពារប្រទេសវៀតណាម។ ភ្លាមៗបន្ទាប់ពីពិធីស្វាគមន៍ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានជួបពិភាក្សាការងារជាមួយលោក Chan Chun Sing។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានវាយតម្លៃថា នាពេលថ្មីៗនេះ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីសម្រេចបានលទ្ធផលល្អ គ្រប់ជ្រុងជ្រោយ និងសំខាន់ៗ រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរ និងអរគុណក្រសួងការពារជាតិសិង្ហបុរី ដែលបានផ្តល់អាហារូបករណ៍ដល់ក្រសួងការពារប្រទេសវៀតណាម សម្រាប់វគ្គបណ្តុះបណ្តាលជំនាញ និងភាសាបរទេស ទទួលនាយទាហាននៃកងទ័ពប្រជាជនវៀតណាម (VPA) ទៅបម្រើការងារនៅមជ្ឈមណ្ឌលចែករំលែកព័ត៌មានសន្តិសុខសមុទ្រ (IFC) គាំទ្រ និងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាមក្នុងឆ្នាំ២០២៤...។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើថា នាពេលខាងមុខភាគីទាំងពីរបន្តពង្រឹងទំនុកចិត្តលើគ្រប់ជ្រុងជ្រោយ និងផ្តោតសំខាន់លើវិស័យដូចខាងក្រោម៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់, ការរក្សាប្រកបដោយប្រសិទ្ធភាពនូវយន្តការពិគ្រោះយោបល់ និងកិច្ចសន្ទនាដែលមានស្រាប់, ការបណ្តុះបណ្តាលធនធានមនុស្ស, កិច្ចសហប្រតិបត្តិការរវាងផ្នែកយោធា និងសេវាកម្ម, វេជ្ជសាស្ត្រយោធា, បង្កើនការចែករំលែកបទពិសោធន៍វិជ្ជាជីវៈ ការផ្លាស់ប្តូរមន្ត្រីវ័យក្មេង, បន្តពិគ្រោះយោបល់ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាការពារជាតិ និងសន្តិសុខពហុភាគីក្នុងអាស៊ាន និងប្រទេសដទៃទៀត។
លោក Chan Chun Sing បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីយ៉ាងជិតស្និទ្ធរវាងសិង្ហបុរី និងវៀតណាម។ លោកបាននិយាយថា ភាគីទាំងពីរចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីបន្ថែមទៀត សមស្របនឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ព្រមទាំងលោកបានសម្តែងការយល់ស្របជាមួយខ្លឹមសារដែលបានលើកឡើងដោយលោកនាយឧត្តមសេនីយ៍ Phan Van Giang។ លោក Chan Chun Sing អះអាងថា សិង្ហបុរីត្រៀមខ្លួនស្វាគមន៍កម្មាភិបាលកងទ័ពប្រជាជនវៀតណាមទៅសិក្សានៅសិង្ហបុរី។ ទន្ទឹមនោះ លោកបានឯកភាពថា ភាគីទាំងពីរបន្តរក្សាប្រកបដោយប្រសិទ្ធភាពនូវយន្តការពិគ្រោះយោបល់ និងកិច្ចសន្ទនា ជាពិសេសឆ្ពោះទៅរកជោគជ័យនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិដែលនឹងប្រព្រឹត្តទៅនៅវៀតណាមនាពេលខាងមុខ៕
បកប្រែដោយ Minh Trung