នៅក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានរីករាយចំពោះការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងសិង្ហបុរីនាពេលថ្មីៗនេះ និងព្រឹត្តិការណ៍សំខាន់ៗគឺការដំឡើងទំនាក់ទំនងភាពទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ភាគីទាំងពីរបានឯកភាពបង្កើនការយល់ដឹង និងពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ តាមរយៈកិច្ចប្រជុំ និងការផ្លាស់ប្តូរជាប្រចាំ ជាពិសេសរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សទាំងពីរ និងប្រទេសទាំងពីរ។ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព និងឆ្ពោះទៅរកក្របខ័ណ្ឌទំនាក់ទំនងកាន់តែសំខាន់ និងស៊ីជម្រៅ រួមទាំងយន្តការផ្លាស់ប្តូរជាប្រចាំរវាងគណបក្សកាន់អំណាចទាំងពីរ ដើម្បីចែករំលែកបទពិសោធន៍ក្នុងការកសាងបក្ស ការគ្រប់គ្រងរដ្ឋ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

leftcenterrightdel
លោក Phan Dinh Trac ជួបពិភាក្សាការងារជាមួយលោក Chan Chun Sing (រូបថត៖ VNA)

ទាក់ទិននឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរបានឯកភាពអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលទើបបង្កើតថ្មី ហើយអនុម័ត និងបញ្ចប់កម្មវិធីសកម្មភាពសម្រាប់ដំណាក់កាលឆ្នាំ ២០២៥-២០៣០ នាពេលឆាប់ៗនេះ។

លោក Phan Dinh Trac បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសសិង្ហបុរីមកបណ្តាក់ទុននិងធ្វើអាជីវកម្មនៅវៀតណាម។ លោកបានស្នើថា សិង្ហបុរីបន្តចែករំលែកបទពិសោធន៍ និងគាំទ្រវៀតណាមលើវិស័យដែលសិង្ហបុរីមានឧត្តមភាព ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល ដូចជាការនាំចេញថាមពលខ្យល់ ការផ្លាស់ប្តូរឥណទានកាបូន ការច្នៃប្រឌិតហិរញ្ញវត្ថុ និងការអភិវឌ្ឍកំពង់ផែសមុទ្រ។

លោក Chan Chun Sing សង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលកកើតឡើងវិញ ជំរុញកិច្ចសហប្រតិបត្តិការថាមពលតាមរយៈបណ្តាញថាមពលអាស៊ាន (APG) ការតភ្ជាប់ហិរញ្ញវត្ថុ ទិន្នន័យ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាពិសេសប្រព័ន្ធកំពង់ផែសមុទ្រ។

ភាគីទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល ពង្រីកការតភ្ជាប់ផ្លូវអាកាស ការផ្លាស់ប្តូរវប្បធម៌ និងការផ្លាស់ប្តូរប្រជាជន ដើម្បីបង្កើនការយល់ដឹង និងជំរុញទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ សិង្ហបុរីបានអះអាងថា នឹងបន្តជួយបណ្តុះបណ្តាលដល់កម្មាភិបាលរបស់វៀតណាម ក៏ដូចជាផ្តល់អាហារូបករណ៍ដល់និស្សិតវៀតណាមទៅសិក្សានៅសិង្ហបុរី។

លើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ភាគីទាំងពីរបានឯកភាពគ្នានឹងរៀបចំការពិគ្រោះយោបល់ សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកក្នុងយន្តការពហុភាគីក្នុងតំបន់ និងអន្តរជាតិ ជាពិសេសអាស៊ាន ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។

បកប្រែដោយ Thanh Cong