អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានវៀតណាមប្រចាំប្រទេសអាល់ហ្សេរីបានពិនិត្យមើលចំណុចសំខាន់មួយចំនួននៃអត្ថបទ។ កាសែតប្រចាំថ្ងៃបានអះអាងថា វៀតណាមកំពុងក្លាយជា “ទិសដៅចំណេះដឹង” ក្នុងការអភិវឌ្ឍន៍កសិកម្ម និងជនបទ ដោយឈរលើតម្លៃដើមកំណើត ខ្សែសង្វាក់តម្លៃសហគមន៍ និងសមាហរណកម្មពាណិជ្ជកម្មអន្តរជាតិ។
ក្នុងនាមជាប្រទេសកសិកម្មដែលមានប្រជាជនជាង ៦០% រស់នៅជនបទ វៀតណាមទទួលបានសមិទ្ធិផលគួរឱ្យចាប់អារម្មណ៍ជាច្រើនក្នុងរយៈពេលជិត ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី។ ក្នុងឆ្នាំ ២០២៤ ចំណូលនាំចេញកសិផលសម្រេចបាន ៦២.៥ ពាន់លានដុល្លារអាមេរិក។ ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៥ វាបានឈានដល់ ២២.៨៤ ពាន់លានដុល្លារអាមេរិក ដែលកើនឡើងជិត ១៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានេះ។ បច្ចុប្បន្ន វៀតណាមកំពុងជំរុញការរៀបចំរចនាសម្ព័ន្ធកសិកម្ម ដើម្បីបង្កើនតម្លៃបន្ថែម សង្កត់ធ្ងន់លើនិរន្តរភាព សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងអភិវឌ្ឍន៍កសិកម្មឆ្លាតវៃ។ គោលដៅគឺដើម្បីសម្រេចបាននូវអត្រាកំណើនកសិកម្មប្រចាំឆ្នាំលើសពី ៤% ។
កម្មវិធី “ឃុំមួយ ផលិផលមួយ” (OCOP) នៅវៀតណាមមិនត្រឹមតែជាម៉ាកយីហោប៉ុណ្ណោះទេ ថែមទាំងជាគំរូរួមបញ្ចូលគ្នារវាងរដ្ឋ សហគ្រាស សហករណ៍ និងសហគមន៍ ក្នុងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ លើកកំពស់សមត្ថភាព ត្រួតពិនិត្យគុណភាព អភិវឌ្ឍន៍ម៉ាកសញ្ញា និងស្វែងរកទីផ្សារ។
    |
 |
អត្ថបទនេះត្រូវបានបោះពុម្ភផ្សាយនៅក្នុងកាសែតប្រចាំថ្ងៃអាល់ហ្សេរី Cresus |
អ្នកនិពន្ធវាយតំលៃខ្ពស់ចំពោះសំណើរបស់វៀតណាមសម្រាប់កិច្ចសហប្រតិបត្តិការភាគខាងត្បូង - ខាងត្បូងដោយផ្អែកលើសសរស្តម្ភទាំង ៤ ដែលស្នើឡើងដោយ FAO គឺ “ការកែលម្អផលិតកម្ម អាហារូបត្ថម្ភ បរិស្ថាន និងជីវភាពរស់នៅ ដោយមិនទុកនរណាម្នាក់ចោល”។ ឬការយកចិត្តទុកដាក់របស់វៀតណាមអំពីការបង្កើតបណ្តាញចែករំលែកគោលនយោបាយ បច្ចេកវិទ្យា និងទីផ្សារ ការកែលម្អសមត្ថភាពគ្រប់គ្រង សហករណ៍ និងអាជីវកម្មខ្នាតតូចនៅតំបន់ជនបទ និងគាំទ្រក្រុមងាយរងគ្រោះ។
អត្ថបទនេះបានរំលឹកឡើងវិញនូវការអំពាវនាវរបស់វៀតណាមចំពោះអង្គការអន្តរជាតិ ស្ថាប័នហិរញ្ញវត្ថុ ដៃគូទ្វេភាគី និងពហុភាគី បង្កើនការគាំទ្រសម្រាប់កិច្ចសហប្រតិបត្តិការភាគខាងត្បូង - ខាងត្បូង ដើម្បីអនុវត្តកម្មវិធី OCOP ប្រកបដោយប្រសិទ្ធភាព ឆ្ពោះទៅរកវិស័យកសិកម្មប្រកបដោយថាមវន្ត បរិយាប័ន្ន វប្បធម៌សម្បូរបែប និងនិរន្តរភាព។
អ្នកនិពន្ធបង្ហាញក្តីសង្ឃឹមថា វៀតណាមក្នុងនាមជាប្រទេសមួយដែលមានវិស័យកសិកម្មអភិវឌ្ឍន៍ និងបទពិសោធន៍ដ៏មានតម្លៃក្នុងការកាត់បន្ថយការបំភាយឧស្ម័នកសិកម្ម អាចសហការឈ្នះ-ឈ្នះជាមួយបងប្អូនអាហ្រ្វិក ដើម្បីរួមគ្នាជម្នះបញ្ហាប្រឈមអំពីសន្តិសុខស្បៀង និងការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាព ជីតស្និទ្ធនឹងបរិស្ថាន និងការបញ្ចេញឧស្ម័នទាប។
ក្នុងនាមជាតំបន់ដែលមានប្រជាជនម៉ូស្លីមច្រើន អ្នកនិពន្ធយកចិត្តទុកដាក់ជាពិសេសចំពោះផលិតផលហាឡាល់របស់វៀតណាម ជាពិសេសម៉ាកដែលបានបង្ហាញគុណភាពរបស់ខ្លួននៅលើទីផ្សារជាមួយនឹងស្តង់ដារអាហារហាឡាល់ខ្ពស់ដូចជា អេមីរ៉ាតអារ៉ាប់រួម ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។
អត្ថបទបង្ហាញពីក្តីសង្ឃឹមថាផលិតផលហាឡាល់ដែលមានរសជាតិត្រូពិចពិសេសនឹងយកឈ្នះលើបញ្ហាប្រឈមដែលមានស្រាប់ក្នុងពេលឆាប់ៗនេះ ដើម្បីបង្ហាញកាន់តែទូលំទូលាយនៅក្នុងទីផ្សារអាហ្វ្រិក។ ការបើកការហោះហើរត្រង់លើកដំបូងរវាងវៀតណាម និងអាហ្វ្រិកអាចត្រូវបានគេមើលឃើញថាជាការចាប់ផ្តើមថ្មីសម្រាប់ភាគីទាំងអស់ដើម្បីឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។
ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines ជើងហោះហើរលេខ ET0678 ចេញដំណើរពីទីក្រុង Addis Ababa បានចុះចតដោយសុវត្ថិភាពនៅម៉ោង ១:១៥ រសៀល នៅថ្ងៃទី ១១ ខែកក្កដា ជាការកត់សម្គាល់ការបើកជាផ្លូវការនៃការហោះហើរតភ្ជាប់រដ្ឋធានីទាំងពីរដោយហេតុនេះតភ្ជាប់ទៅរដ្ឋធានីអាហ្វ្រិកផ្សេងទៀត។ ផ្លូវថ្មីនេះផ្តល់នូវជម្រើសធ្វើដំណើរកាន់តែច្រើនសម្រាប់អ្នកដំណើររវាងទ្វីបអាហ្រ្វិក និងអាស៊ីអាគ្នេយ៍ រួមចំណែកលើកកម្ពស់ទេសចរណ៍ ពាណិជ្ជកម្ម និងសកម្មភាពផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងអាហ្វ្រិក។
កាសែតប្រចាំថ្ងៃបានសម្តែងនូវជំនឿថា ទំនាក់ទំនងប្រពៃណីល្អរវាងវៀតណាម និងមិត្តអាហ្រ្វិកនឹងជាទីបង្ហែកដើម្បីលើកកំពស់កិច្ចសហប្រតិបត្តិការវៀតណាម-អាហ្វ្រិកនាពេលខាងមុខ។
ដំណើរទស្សនកិច្ចថ្នាក់ខ្ពស់របស់ម លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ទៅកាន់បណ្តាប្រទេសនៅទ្វីបអាហ្រ្វិកនៅចុងខែកក្កដាឆ្នាំ ២០២៥ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមឡើងវិញនូវទំនាក់ទំនងប្រវត្តិសាស្ត្រ និងរួមគ្ននាបើកនូវទស្សនវិស័យសម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយនាពេលខាងមុខ។ ក្រៅពីជំរុញកិច្ចសហប្រតិបត្តិការសភា ដំណើរទស្សនកិច្ចនេះក៏រួមចំណែកជំរុញការផ្លាស់ប្តូរប្រជាជន ជាការតំណាងឱ្យភាពស្មោះត្រង់របស់ប្រជាជនវៀតណាមក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយមិត្តអាហ្វ្រិក។
ដំណើរទស្សនកិច្ចធ្វើឡើងក្នុងបរិបទដែលវៀតណាមបន្តទទួលបានសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ នាពេលថ្មីៗនេះ វៀតណាមបានខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ក្បាលម៉ាស៊ីនដឹកនាំរដ្ឋ ដាក់ពង្រាយរដ្ឋបាលមូលដ្ឋានពីរកម្រិត និងលើកកម្ពស់សសរស្តម្ភយុទ្ធសាស្ត្រចំនួនបួន៖ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល សមាហរណកម្មអន្តរជាតិ ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន និងកំណែទម្រង់គោលនយោបាយ នីតិប្បញ្ញត្តិ និងការអនុវត្តច្បាប់។ ក្នុងនាមជាប្រទេសត្រួសត្រាយផ្លូវក្នុងបដិវត្តន៍ប្រយុទ្ធប្រឆាំងនឹងអាណានិគមនិយម និងចក្រពត្តិនិយម វៀតណាមបានត្រួសត្រាយម្តងទៀតក្នុងដំណើរការនវានុវត្តន៍ លុបបំបាត់ការិយាធិបតេយ្យ បង្ក្រាបអំពើពុករលួយ ដែលជាបញ្ហារារាំងដល់ការងើបឡើងរបស់ប្រទេសជាតិ និងប្រជាជន។
អ្នកនិពន្ធជឿជាក់ថា ប្រជាជនវៀតណាមមានចិត្តទូលាយ យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះងសាមគ្គីភាពអន្តរជាតិ និងមានឆន្ទៈចែករំលែកបទពិសោធន៍ ជាពិសេសក្នុងការកាត់បន្ថយភាពក្រីក្រ ទាក់ទាញការវិនិយោគ និងការអភិវឌ្ឍន៍ប្រទេស។
អត្ថបទបានសង្កត់ធ្ងន់ថា ក្នុងបរិបទនោះ វៀតណាម និងអាហ្រ្វិកត្រូវបន្តពង្រឹងទំនុកចិត្តនយោបាយ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ជាទៀងទាត់ ជំរុញការចរចាលើកិច្ចព្រមព្រៀងជាមូលដ្ឋានដូចជា កិច្ចព្រមព្រៀងលើកទឹកចិត្ត និងគាររពារការវិនិយោគ ជៀសវាងការយកពន្ធទត្រួតគ្នា និងកសាងក្របខ័ណ្ឌច្បាប់រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងធនាគារ ដើម្បីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ។
នៅចុងបញ្ចប់នៃអត្ថបទនេះ អ្នកនិពន្ធសន្និដ្ឋានថា បណ្តាប្រជាជាតិបានរួមគ្នាផ្តួលរំលំអាណានិគមនិយម និងចក្រពត្តិនិយមនោះ នឹងបន្តប្រកៀកស្មានឹងគ្នាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចឆ្ពោះទៅរកភាពរុងរឿង និងការអភិវឌ្ឍន៍។
បកប្រែដោយ Duy Hoan