ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងវៀតណាម និងសហរដ្ឋអាមេរិក
កប.អនឡាញ - នាព្រឹកថ្ងៃទី២១ ខែកក្កដា នៅទីស្នាក់ការរដ្ឋសភា លោក Tran Quang Phuong អនុប្រធានរដ្ឋសភាវៀតណាម បានទទួលជួប លោក Marc E. Knapper ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម ដើម្បីពិភាក្សាអំពីទិសដៅបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី។
នៅក្នុងជំនួបនេះ លោក Tran Quang Phuong អនុប្រធានរដ្ឋសភា បានអះអាងថា វៀតណាមយកចិត្តទុកដាក់ចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយអាមេរិក និងបានសម្តែងនូវសេចក្តីរីករាយចំពោះលទ្ធផលជាវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
    |
 |
លោក Tran Quang Phuong អនុប្រធានរដ្ឋសភាវៀតណាម ទទួលជួប លោក Marc E. Knapper ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម |
លោកអនុប្រធានរដ្ឋសភាបានស្នើឱ្យលោកឯកអគ្គរដ្ឋទូតជំរុញសហរដ្ឋអាមេរិកបន្តយកចិត្តទុកដាក់ផ្តល់ធនធានដើម្បីសម្រេចបាននូវការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បន្តពង្រឹងសកម្មភាពតភ្ជាប់ ជំរុញកិច្ចសហប្រតិបត្តិការ ផ្ទេរបច្ចេកវិទ្យា គាំទ្រវៀតណាមឱ្យក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់នៃតំបន់ និងជា "តំណភ្ជាប់" ដ៏សំខាន់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ semiconductor របស់ពិភពលោក ក៏ដូចជាបន្តជំរុញសហរដ្ឋអាមេរិកឱ្យទទួលស្គាល់បទប្បញ្ញត្តិសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមក្នុងពេលឆាប់ៗនេះ និងដកវៀតណាមចេញពីបញ្ជីត្រួតពិនិត្យការនាំចេញជាយុទ្ធសាស្ត្រ D1, D3។
លោកឯកអគ្គរដ្ឋទូត Marc E.Knapper បានអះអាងថា សហរដ្ឋអាមេរិកតែងតែមានបំណងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ជាពិសេសជំរុញទំនាក់ទំនងកម្រិតខ្ពស់ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដូចជា សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ អប់រំ-បណ្តុះបណ្តាល សន្តិសុខ ការពារជាតិ និងជំនះពុះពារលើផលវិបាកនៃសង្គ្រាម ទន្ទឹមនឹងនោះសង្កត់ធ្ងន់ថា អាមេរិកនឹងរួមដំណើរជាមួយវៀតណាមជានិច្ចក្នុងដំណើរការខិតខំសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៕
បកប្រែដោយ Duy Hoan