ជំរុញកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០២៥ ពី ៨.៣ ទៅ ៨.៥%
កប.អនឡាញ - លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានមានប្រសាសន៍ថា៖ “សេណារីយ៉ូកំណើនគឺពី ៨.៣ ទៅ ៨.៥% នៅឆ្នាំនេះ ហើយឆ្នាំ ២០២៦ វាជាពីរខ្ទង់។
ក្នុងសប្តាហ៍នេះ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសន្និសីទអនឡាញរវាងរដ្ឋាភិបាលនិងមូលដ្ឋាន លើសេណារីយ៉ូកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៥ និងភារកិច្ចនិងដំណោះស្រាយដើម្បីសម្រេចបាននូវគោលដៅកំណើននៅឆ្នាំ ២០២៥។ ក្នុងសន្និសីទ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើស្មារតីឯកភាព ការប្តេជ្ញាចិត្ត និងឯកភាពគ្នាក្នុងការជំរុញកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៥ ពី ៨.៣% ទៅ ៨.៥%។
ក្នុងសន្និសីទ លោក Nguyen Van Thang រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានឲ្យដឹងថា ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ កំណើនសេដ្ឋកិច្ចវៀតណាមសម្រេចបាន ៧.៥២%។ ទោះយ៉ាងណាក៏ដោយ នៅតែមានការលំបាក និងបញ្ហាប្រឈមជាច្រើន។ ក្រៅពីមូលដ្ឋានដែលមានកំណើនខ្ពស់ នៅតែមាន ១៧/៣៤ មូលដ្ឋានដែលមានកំណើនរយៈពេល ៦ ខែក្រោម ៨% ដូចជាទីក្រុងហាណូយ ហូជីមិញ និងកានថូ។
ដើម្បីសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ចពី ៨.៣ ទៅ ៨.៥% នៅឆ្នាំ ២០២៥ និង ១០% ឬច្រើនជាងនេះក្នុងឆ្នាំ ២០២៦ ក្រសួងហិរញ្ញវត្ថុបានស្នើឱ្យអនុវត្តជាបន្ទាន់នូវដំណោះស្រាយមួយចំនួនដូចជា៖ ក្រសួង ស្ថាប័ន និងមូលដ្ឋានបញ្ចេញឱ្យអស់ ១០០% នៃផែនការដើមទុនវិនិយោគសាធារណៈរយៈពេលមធ្យមដែលបានកំណត់។ បន្តអនុវត្តសេចក្តីសម្រេចចិត្តលេខ ៦៨ របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន គ្រប់គ្រងគោលនយោបាយរូបិយវត្ថុយ៉ាងសកម្ម មានភាពបត់បែន ទាន់ពេល និងប្រកបដោយប្រសិទ្ធភាព កែសម្រួលគោលដៅកំណើនឥណទាននៅពេលចាំបាច់។អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកញ្ចប់ឥណទានសម្រាប់វិស័យអាទិភាព។ លុបបំបាត់ឧបសគ្គសម្រាប់គម្រោងដែលជាប់គាំងជាង ២៩០០គម្រោង ខិតខំដល់ចុងឆ្នាំ ២០២៥ បញ្ចប់កសាងសង់លំនៅដ្ឋានសង្គមជាង ១០០០០០ និងចំណាយសង្គមរបស់មូលដ្ឋាន ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានឲ្យដឹងថា៖ “សេណារីយ៉ូកំណើនសេដ្ឋកិច្ចមានពី ៨.៣ ទៅ ៨.៥% ក្នុងឆ្នាំនេះ ហើយនៅឆ្នាំ ២០២៦ វាជាពីរខ្ទង់។ យើងត្រូវធានាតុល្យភាពសេដ្ឋកិច្ចសំខាន់ៗ និងប្រមូលទុនវិនិយោគសង្គមសរុបប្រមាណ ២ លាន ៨ ពាន់លានដុង។ គ្រប់គ្រងបំណុលសាធារណៈ បំណុលរដ្ឋាភិបាល ឱនភាពថវិកា និងជីវភាពរស់នៅរបស់ប្រជាជន”។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រព័ន្ធនយោបាយទាំងមូលចូលរួមដោយមានការប្តេជ្ញាចិត្តខ្ពស់ ការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ធ្វើសកម្មភាពដ៏ខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាព
លោកនាយករដ្ឋមន្ត្រីស្នើឱ្យបញ្ចប់គោលដៅលើផ្លូវល្បឿនលឿន ផ្លូវឆ្នេរសមុទ្រ និងចាប់ផ្តើមគម្រោងផ្លូវដែក។ មូលដ្ឋានទាំងឡាយដែលត្រូវបានចាត់តាំងឱ្យអនុវត្តគម្រោង ត្រូវលើកកម្ពស់ស្មារតីនៃការពឹងផ្អែកលើខ្លួនឯង ស្វ័យភាព និងការទទួលខុសត្រូវលើខ្លួនឯង។ មូលដ្ឋានទាំងឡាយគួរតែលើកកម្ពស់បន្ថែមទៀតនូវស្មារតីផ្តួចផ្តើម និងការច្នៃប្រឌិតក្នុងស្មារតីលើកកម្ពស់វិមជ្ឈការ និងស្របតាមមុខងារ ភារកិច្ច និងសិទ្ធអំណាចដែលបានកំណត់។
បកប្រែដោយ Duy Hoan