លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ជួបជាមួយសហគមន៍ជនវៀតណាមនៅសេណេហ្គាល់
កប.អនឡាញ - ក្នុងក្រខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសេណេហ្គាល់ នារសៀលថ្ងៃទី២២ ខែកក្កដា (ម៉ោងក្នុងតំបន់) លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានជួបជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅសេណេហ្គាល់ និងសហគមន៍ជនវៀតណាមប្រចាំនៅសេណេហ្គាល់។
នៅក្នុងជំនួបនេះ លោក Tran Thanh Man ប្រធានរដ្ឋសភា បានស្តាប់របាយការណ៍របស់លោក Tran Quoc Khanh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល់ហ្សេរី និងសេណេហ្គាល់ អំពីស្ថានភាពសហគមន៍ជនវៀតណាមនៅសេណេហ្គាល់។
នៅក្នុងជំនួបនេះ តំណាងសហគមន៍ជនវៀតណាមនៅសេណេហ្គាល់បានសម្តែងមោទនភាពចំពោះមាតុភូមិវៀតណាម ជាពិសេសចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចនាពេលកន្លងមក។ តំណាងសហគមន៍ជនវៀតណាមបានសម្ដែងនូវបំណងថា ស្ថាប័នមានសមត្ថកិច្ចយកចិត្តទុកដាក់ថែមទៀតក្នុងការជំរុញសកម្មភាពបង្រៀនភាសាវៀតណាមនៅសេណេហ្គាល់ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល... រួមចំណែកជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។
    |
 |
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោកជំទាវ ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅសេណេហ្គាល់ |
តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋលោក Tran Thanh Man ប្រធានរដ្ឋសភា អះអាងថា សហគមន៍ជនវៀតណាមនៅសេណេហ្គាល់ ថ្វីត្បិតតែជាសហគមន៍តូចក្តី ប៉ុន្តែជាសហគមន៍សាមគ្គីគ្នា រឹងមាំនៅសេណេហ្គាល់ និងជាមោទនភាពរបស់ប្រទេសជាតិ និងជាស្ពានដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសេណេហ្គាល់។
លោកប្រធានរដ្ឋសភាបានឲ្យដឹងថា នៅប៉ុន្មានឆ្នាំកន្លងមកនេះ គោលនយោបាយជាច្រើនត្រូវបានអនុវត្តដើម្បីជួយគាំទ្រអាណិកជនវៀតណាមនៅឯបរទេស។ លោកប្រធានរដ្ឋសភាសង្ឃឹមថា អាណិកជននឹងបន្តលើកកម្ពស់តួនាទីជាស្ពាន រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍនៃប្រទេសទាំងពីរ ព្រមទាំង បង្រៀនឲ្យយុវជនជំនាន់ក្រោយអំពីប្រពៃណី វប្បធម៌ និងប្រភពដើមរបស់វៀតណាម។
លោកប្រធានរដ្ឋសភាអះអាងថា បក្ស និងរដ្ឋវៀតណាមជានិច្ចកាលចាត់ទុកសហគមន៍ជនវៀតណាមនៅបរទេសជាផ្នែកមិនអាចកាត់ផ្តាច់បាននៃប្រជាជាតិ។ លោកប្រធានរដ្ឋសភាបានស្នើឲ្យស្ថានទូតវៀតណាមប្រចាំនៅអាល់ហ្សេរី និងសេណេហ្គាល់ បន្តយកចិត្តទុកដាក់ និងជួយគាំទ្រសម្រាប់សហគមន៍ជនវៀតណាមនៅសេណេហ្គាល់ ផ្ដល់ព័ត៌មានដោយទាន់ពេលអំពីគោលការណ៍ គោលនយោបាយ និងមាគ៌ារបស់បក្សដល់សហគមន៍ជនវៀតណាមនៅបរទេស ជូនដំណឹងដល់សហគមន៍អំពីវៀតណាមឈានចូលយុគសម័យថ្មី យុគសម័យនៃការអភិវឌ្ឍរបស់ប្រជាជាតិ។ល។
លោកប្រធានរដ្ឋសភាចាត់ទុកថា វៀតណាម និងសេណេហ្គាល់អាចពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា៖ កសិកម្ម ទូរគមនាគមន៍ ការអប់រំ-បណ្តុះបណ្តាល ការធ្វើបរិវត្តកម្មឌីជីថល ការរុករករ៉ែ ជលផល ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ល។ លោកប្រធានរដ្ឋសភាក៏បានស្នើឲ្យលោកឯកអគ្គរដ្ឋទូតសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពនានាក្នុងប្រទេសជាពិសេសក្រសួងអប់រំនិងបណ្ដុះបណ្ដាល និងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ក្នុងការបង្រៀនភាសាវៀតណាមសម្រាប់សហគមន៍ជនវៀតណាមនៅសេណេហ្គាល់៕
បកប្រែដោយ Thuy Anh