សូម្បីតែមុនពេលធ្វើប្រក្រតីភាពទំនាក់ទំនងនៅឆ្នាំ១៩៩៥ ក្រុមហ៊ុន និងអ្នកវិនិយោគអាមេរិកមួយចំនួនដូចជា Caterpillar Inc. និង Citi បានបង្កើតការិយាល័យនៅទីក្រុងហាណូយនៅឆ្នាំ១៩៩៣ ដើម្បីស្វែងរកឱកាសនៅប្រទេសវៀតណាម។

បន្ទាប់ពីការធ្វើប្រក្រតីភាពទំនាក់ទំនង ធុរកិច្ចអាមេរិកកាន់តែច្រើនបានមកធ្វើអាជីវកម្មនៅវៀតណាម។ ក្រុមហ៊ុន Boeing បានប្រតិបត្តិការនៅវៀតណាមអស់រយៈពេល ៣០ ឆ្នាំមកហើយ ឥឡូវនេះកំពុងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអវកាស។ សព្វថ្ងៃនេះ ម៉ាកយីហោល្បីៗរបស់អាមេរិកភាគច្រើនមានវត្តមាននៅប្រទេសវៀតណាម ហើយរក្សាទំនាក់ទំនងភាពជាដៃគូជិតស្និទ្ធជាមួយធុរកិច្ច អាជ្ញាធរខេត្ត និងក្រសួង/ស្ថាប័នរដ្ឋាភិបាលវៀតណាម។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

ថ្លែងមតិក្នុងសិក្ខាសាលាស្ដីពីតួនាទីភាពជាដៃគូសាធារណៈ និងឯកជន (PPPs) ក្នុងការអភិវឌ្ឍទំនាក់ទំនងវៀតណាម-អាមេរិករយៈពេល ៣០ ឆ្នាំ លោក Nguyen Quoc Dung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក បានចាត់ទុកថា “ចំនួនក្រុមហ៊ុនវៀតណាមដែលកំពុងវិនិយោគនៅអាមេរិកកាន់តែកើនឡើង។ សាជីវកម្ម FPT សាជីវកម្ម  Sovico សាជីវកម្ម VinFast និងក្រុមហ៊ុនមួយចំនួនទៀតបានបើកការិយាល័យ ឬចូលជាដៃគូ បង្កើតការងារ និងចូលរួមចំណែកដល់ការអភិវឌ្ឍនៃសេដ្ឋកិច្ចអាមេរិក។ ធនាគារ SHB បានប្រកាសពីគម្រោងពង្រីកសកម្មភាពនៅទីផ្សារសហរដ្ឋអាមេរិក។ ការវិនិយោគទាំងនេះបានរឹតបន្តឹងថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោកបានចាត់ទុកថា សព្វថ្ងៃនេះ វៀតណាមកំពុងឈានចូលយុគសម័យថ្មីនៃការអភិវឌ្ឍ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាទំនើប នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល និងកំណើនប្រកបដោយចីរភាព។ អាទិភាពទាំងនេះបានបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ចអាមេរិកក្នុងពង្រីកប្រៀបខ្លាំងរបស់ខ្លួន ខណៈពេលដែលទទួលបានអត្ថប្រយោជន៍ពីកំណើននៃវិស័យឯកជនរបស់វៀតណាម។

យោងតាមលោក Andrew Herrup ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាមេរិក និងវៀតណាម មិនត្រឹមតែត្រូវបានដឹកនាំដោយរដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងត្រូវបានជម្រុញដោយសហគមន៍ធុរកិច្ច និងប្រជាជននៃប្រទេសទាំងពីរ ហើយជាមូលដ្ឋានគ្រឹះសម្រាប់ពង្រីកទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជំរុញកិច្ចសហប្រតិបត្តិការអប់រំ ពង្រឹងសន្តិសុខ និងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

លោកបានចាត់ទុកថា ទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជំរុញការផ្លាស់ប្ដូរថ្មី ការអភិវឌ្ឍ និងវិបុលភាព។ លោក Andrew Herrup បានកត់សម្គាល់ថា "ជាពិសេសនៅពេលដែលប្រទេសវៀតណាមផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចឌីជីថលដែលជំរុញដោយបច្ចេកវិទ្យា ការវិនិយោគក្នុងបណ្តាញថាមពល និងការលើកកម្ពស់តួនាទីរបស់វិស័យឯកជន យើងរំពឹងថានឹងឃើញក្រុមហ៊ុនរបស់អាមេរិករួមចំណែកដល់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍរបស់វៀតណាម"។ លោក Andrew Herrup បានសង្កត់ធ្ងន់ថា PPPs អាចជាសំណើល្អៗសម្រាប់វៀតណាមនិងវិស័យឯកជន។ នៅពេលដែលត្រូវបានកសាងឲ្យបានល្អ PPPs អាចចែករំលែកហានិភ័យ បង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុពីវិស័យឯកជន លើកកម្ពស់ប្រសិទ្ធភាព និងកំណើនសេដ្ឋកិច្ច។

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ជំនួយបច្ចេកទេសដល់ប្រទេសវៀតណាមក្នុងការកសាងច្បាប់ស្ដីពី PPP ឆ្នាំ២០២០ ហើយនឹងបន្តជួយគាំទ្រលើវិស័យនេះ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះនឹងបង្កើតឱកាសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល ឌីជីថល និងវិស័យជាច្រើនទៀត៕

បកប្រែដោយ Thuy Anh