ចិនតែងតែចាត់ទុកវៀតណាមជាអាទិភាពក្នុងគោលនយោបាយការបរទេសសម្រាប់ប្រទេសជិតខាង
កប.អនឡាញ - នារសៀលថ្ងៃទី១៨ ខែមិថុនា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅខេត្ត យូណាន ប្រទេសចិន និងចូលរួមពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ីខាងត្បូងលើកទី៩ និងពិព័រណ៍ពាណិជ្ជកម្មនាំចូល-នាំចេញទីក្រុងគុនមីងលើកទី២៩ លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាការងារជាមួយលោក Wang Dongming អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះនិន្នាការអភិវឌ្ឍន៍ និងសមិទ្ធិផលក្នុងទំនាក់ទំនងវៀតណាម-ចិន ជាពិសេសគឺការរក្សាការផ្លាស់ប្តូរជាន់ខ្ពស់ កំណើនជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ការអភិវឌ្ឍយ៉ាងរឹងមាំនៃការតភ្ជាប់យុទ្ធសាស្ត្រ ការដឹកជញ្ជូន និងការអភិវឌ្ឍយ៉ាងរស់រវើកនៃកិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋាន និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។
    |
 |
លោក Tran Hong Ha ជួបពិភាក្សាការងារជាមួយលោក Wang Dongming |
លោក Tran Hong Ha មានបំណងថា នាពេលខាងមុខ ភាគីទាំងពីររៀបចំការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ឲ្យបានល្អប្រសើរ ដោយផ្តល់អាទិភាពលើកិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការផ្លូវដែក។ លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើដែរថា ភាគីទាំងពីរជំរុញពាណិជ្ជកម្មទ្វេភាគីប្រកបដោយតុល្យភាព និងនិរន្តរភាព ក្នុងនោះ ចិនបន្តបើកទីផ្សារសម្រាប់ផលិតផលកសិកម្ម និងជលផលវៀតណាម សហការកសាងច្រកទ្វារព្រំដែនឆ្លាតវៃ មណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន ពង្រឹងកិច្ចសហប្រតិបត្តិការលើការតភ្ជាប់អគ្គិសនី។ល។
ដោយវាយតំលៃខ្ពស់ចំពោះសំណើសហប្រតិបត្តិការរបស់លោក Tran Hong Ha លោក Wang Dongming បានសង្កត់ធ្ងន់ថា ចិនតែងតែចាត់ទុកវៀតណាមជាអាទិភាពក្នុងគោលនយោបាយការបរទេសសម្រាប់ប្រទេសជិតខាងរបស់ចិន។ ចិនគាំទ្រវៀតណាមយ៉ាងម៉ឺងម៉ាត់ក្នុងការកសាងសង្គមនិយមស្របតាមស្ថានភាពរបស់ប្រទេស ហើយប្រកាសត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។
លោក Wang Dongming បានអះអាងថា ចិនត្រៀមជាស្រេចជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម បង្កើនការនាំចូលទំនិញវៀតណាម ជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន បង្កើនការវិនិយោគ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថល ការការពារបរិស្ថាន រួមចំណែកដល់ការសម្រេចគោលដៅកំណើនរបស់ប្រទេសនីមួយៗ៕
បកប្រែដោយ Thuy Anh