អញ្ជើញចូលរួម និងមានប្រសាសន៍ក្នុងពិធីនេះ ក្នុងនាមរដ្ឋាភិបាលវៀតណាម លោក Nguyen Kim Son រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះថ្នាក់ដឹកនាំគ្រប់ជំនាន់ និងប្រជាជននៃប្រទេសទាំងពីរ ដែលបានរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាពវៀតណាម - នូវែលសេឡង់ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ទំនាក់ទំនងវៀតណាម-នូវែលសេឡង់បានអភិវឌ្ឍយ៉ាងទូលំទូលាយ និងស៊ីជម្រៅលើគ្រប់បណ្តាញ និងគ្រប់កម្រិត។ បច្ចុប្បន្ន នូវែលសេឡង់គឺជាដៃគូដ៏សំខាន់បំផុតរបស់វៀតណាមក្នុងតំបន់ ដោយមានការជឿទុកចិត្តខាងនយោបាយខ្ពស់ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ មានភាពជិតស្និទ្ធ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគកាន់តែបានពង្រីក វិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការដូចជា កសិកម្ម អប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុបន្តត្រូវបានជម្រុញយ៉ាងខ្លាំង។

leftcenterrightdel
លោក Nguyen Kim Son រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល និងលោកស្រី Caroline Beresford ឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំនៅវៀតណាម ក្នុងពិធីនេះ (រូបថត៖ vnanet,vn)

ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ពី ៣០០ លានដុល្លារក្នុងឆ្នាំ ២០០៩ ដល់ជាង ១.៣ ពាន់លានដុល្លារនាពេលបច្ចុប្បន្ននេះ។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខ កសិកម្ម ពលកម្ម ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ… ត្រូវបានពង្រីកកាន់តែខ្លាំងឡើង ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ភាគីទាំងពីរ។

លើឆាកអន្តរជាតិ វៀតណាម និងនូវែលសេឡង់តែងតែគាំទ្រគ្នាទៅវិញទៅមក ចែករំលែកទស្សនៈវិស័យសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងប្តេជ្ញាចិត្តចំពោះតំបន់អាស៊ីប៉ាស៊ីហ្វិកប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព។

នៅក្នុងពិធីនេះ លោកស្រី Caroline Beresford ឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា វៀតណាម និងនូវែលសេឡង់កំពុងកសាងទំនាក់ទំនងភាពជាដៃគូយ៉ាងស៊ីជម្រៅ និងយូរអង្វែង ដោយឈរលើផលប្រយោជន៍រួម វិធីសាស្រ្តស្រដៀងគ្នាចំពោះបញ្ហាអន្តរជាតិ និងការគោរពច្បាប់អន្តរជាតិ។

លោកស្រីឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា "យើងយល់ថាប្រៀបខ្លាំងនៃប្រទេសទាំងពីរគឺមានលក្ខណៈបំពេញបន្ថែម ហើយជឿជាក់ថាកិច្ចសហប្រតិបត្តិការទូលំទូលាយនឹងជួយបង្កើនការយល់ដឹងអំពីវប្បធម៌ ជំរុញការជឿទុកចិត្ត នាំមកនូវភាពរុងរឿង និងរួមចំណែកដល់ស្ថិរភាពក្នុងតំបន់"៕

បកប្រែដោយ Duy Hoan